នគរបាលស្រុកព្រៃនប់ចុះចាប់ម៉ូតូកម្មករជាច្រើនគ្រឿង អះអាងថាបានកែច្នៃខុសបច្ចេកទេស

ចែករំលែក៖

ខេត្តព្រះសីហនុ ៖ នគរបាលស្រុកព្រៃនប់បានអនុវត្តច្បាប់ចរាចរណ៍ ចុះចាប់ម៉ូតូជាច្រើនគ្រឿងនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសបិតត្រាំង ស្របពេលកម្មករបើកប្រាក់បៀរវត្ស នៅល្ងាចថ្ងៃសុក្រ ទី១០ ខែសីហា ឆ្នាំ២០១៨​ ដោយអះអាងថា ម៉ូតូទាំងអស់នេះ បានកែច្នៃខុសបច្ចេកទេសដើម ដូចជាធ្វើឲ្យបំពង់ស៊ីម៉ុំាងឮខ្លាំង និងបំពាក់ភ្លើងចាំងភ្នែក (ឡាស៊ែរ) ។ ម៉ូតូដែលចាប់ដកហូតពីកម្មករបានយកទៅរក្សាទុកនៅអធិការដ្ឋាន នគរបាលស្រុកព្រៃនប់ ដើម្បីដោះស្រាយតាមច្បាប់ ។

កម្មករបានឲ្យដឹងថា «ពួកគាត់ពិតជាទទួលកំហុសចំពោះករណីនេះ ថាបានកែច្នៃបន្ថែមធ្វើឲ្យខុសបច្ចេក ទេសដើមមែន ដោយសារការនិយមតៗគ្នាតែប៉ុណ្ណោះ ។ កម្មករបន្តថា សូមឲ្យសមត្ថកិច្ចមានការយោគយល់ចំពោះការគិតខុសលើកដំបូង តាមរយៈតម្រូវឲ្យធ្វើកិច្ចសន្យាបញ្ឈប់ ដើម្បីបានម៉ូតូជិះមកធ្វើការងារវិញ» ។

នគរបាលបញ្ជាក់ថា «នេះជាការអនុវត្តតាមច្បាប់ចរាចរណ៍ ដែលជាវិធានការចាំបាច់បំផុតក្នុង ការថែរក្សា ការពារសុវត្ថិភាព សន្តិសុខ និងសណ្តាប់ធ្នាប់ បង្ការទប់ស្កាត់​ កុំឲ្យកើតមានបញ្ហាគ្រោះថ្នាក់ចរាចរណ៍ ។ នគរបាលអះអាងថា រយៈពេលកន្លងមកសង្កេតឃើញថា រៀងរាល់យប់នៅតាមផ្លូវជាតិលេខ៤មានការបើកបរម៉ូតូបំពងសំឡេងឮខ្លាំងៗ និងបើកភ្លើងឡាស៊ែរចាំងភ្នែក​ ដែលងាយកើតមានគ្រោះថ្នាក់ជាយថាហេតុណាស់»។

ទោះជាយ៉ាងនេះក្តី មិនទាន់មានប្រភពច្បាស់ការណ៍បញ្ជាក់ថានគរបាលដាក់ទោស ឬពិន័យកម្រិតណានោះ ទេ ខណៈម៉ូតូទាំងអស់ត្រូវបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ៕ ជាយក្រុង

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print