ប្រធានាធិបតីអាមេរិកដូណាលត្រាំទើបតែតម្លើងពន្ធទ្វេដងដល់ដែកថែបនិងអាលុយមីញ៉ូម របស់ប្រទេសតួកគី ដោយសារតែ រដ្ឋាភិបាលទីក្រុង Ankara មិនព្រមដោះលែងសកម្មជន Brunson ។
កាលពីថ្ងៃទី១០ខែសីហា ប្រធានាធិបតីអាមេរិក ដូណាលត្រាំ បានប្រកាសតម្លើងពន្ធ ដល់ប្រទេសតួកគី ដោយបញ្ជាក់ថា៖ ទំនាក់ទំនងប្រទេសទាំងពីរ មិនល្អនោះឡើយ ។ អាមេរិកតម្លើងពន្ធ ទៅលើផលិតផលដែកថែប ៥០ភាគរយ និង អាលុយមីញ៉ម ២០ភាគរយ។ ការតម្លើងពន្ធនឹងធ្វើឲ្យទីក្រុងវ៉ាស៊ីនតោន និងអែនការ៉ា ប្រឈមនិងវិវាទកាន់តែខ្លាំងក្នុងពេលប្រទេសទាំងពីរ កំពុងប្រឈមវិវាទ ជុំវិញការចាប់ខ្លួន អ្នកផ្សព្វផ្សាយសាសនាជនជាតិអាមេរិក Dandrew Brunson ដោយចោទប្រកាន់ជាប់ពាក់ព័ន្ធការវាយប្រហារភេរវកម្មនៅក្នុងប្រទេសតួកគី។
លោក Brunson ប្រឈមនឹងការដាក់ទោស ៣៥ឆ្នាំពីបទ «គាំទ្រដល់ការធ្វើរដ្ឋប្រហារទម្លាក់ប្រធានាធិបតី Tayyip Erdogan» កាលពីឆ្នាំ២០១៦។ ការប្រេះឆានៅក្នុងទំនាក់ទំនង អាមេរិក តួកគី កាន់តែខ្លាំងឡើង ធ្វើឲ្យអ្នកវិនិយោគនៅតួកគីបង្ហាញក្តីបារម្ភយ៉ាងខ្លាំង ពីផលប៉ះពាល់។
ចំណែករដ្ឋាភិបាលតួកគីវិញក៏បានសម្រេចតម្លើងពន្ធនាំចូលពីអាមេរិកនៅទំនិញដែលមានទឹកប្រាក់ ១,៨ពាន់លានដុល្លារ ដើម្បីជាការឆ្លើយតបទៅនឹងសកម្មភាពតម្លើងពន្ធរបស់អាមេរិក ។
កាលពីដើមខែសីហា ទីក្រុងវ៉ាស៊ីនតោន បានដាក់ទណ្ឌកម្មលើរដ្ឋមន្ត្រីតួកគីពីររូប គឺរដ្ឋមន្ត្រីក្រសួងយុត្តិធម៌និងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងហាមប្រាមពលរដ្ឋអាមេរិក សហការរកស៊ីជាមួយមន្ត្រីជាន់ខ្ពស់តួកគី ក្រោយប្រទេសនេះមិនព្រមដោះលែង Brunson ។
ចំណែករដ្ឋាភិបាលតួកគីវិញបានបញ្ជាក់ថា នឹងមិនកែប្រែសេចក្តីសម្រេចរបស់តុលាការនោះឡើយ បើទោះបីរងការដាក់ទណ្ឌកម្មពីអាមេរិកក្តី។
តួកគីក៏បានព្រមាន តបតទៅលើអាមេរិកវិញ ថា សម្ព័ន្ធមិត្តណាតូ និងត្រូវបាត់បង់សម្ព័ន្ធមិត្តដ៏សំខាន់របស់ខ្លួនប្រសិនបើរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន មិនផ្លាស់ប្តូរ គោលជំហរដាក់ទណ្ឌកម្មទេនោះ។
កន្លងមកតួកគីក៏បានប្រឆាំងនិងអាមេរិក ដោយបន្តទិញឧស្ម័នពីប្រទេសអីរ៉ង់ នឹងរក្សាទំនាក់ទំនងសេដ្ឋកិច្ចពាណិជ្ជកម្មដដែល ។ សកម្មភាពទាំងនោះបានធ្វើឲ្យអាមេរិកកាន់តែខឹងសម្បាយ៉ាងខ្លាំង ។
សកម្មភាពរបស់អាមេរិកនៅពេលនេះ បានបាត់បង់ប្រសិទ្ធិភាពហើយ ដោយគ្មានប្រទេសណាមួយធ្វើតាមអាមេរិកទៀតឡើយ ពីព្រោះអាមេរិក គិតតែផលប្រយោជន៍ខ្លួនឯងមិនគិតដល់ប្រទេសជាសម្ព័ន្ធមិត្ត ធ្លាប់កៀកស្មាគ្នា។
ប៉ុន្តែការដាក់ទណ្ឌកម្មរបស់អាមេរិកទៅលើប្រទេសតួកគី ក៏បានធ្វើឲ្យប្រទេសនេះរងការខាតបង់ជាច្រើនពិសេសគឺរូបិយវត្ថុតួកគីធ្លាប់ខ្លាំងមិនធ្លាប់មានពីមុនមក។ នៅថ្ងៃសុក្រទី១០សីហានេះ រូបិយបណ្ណ Livre របស់តួកគី បានធ្លាក់ចុះជាខ្លាំង ដល់ទៅ១០ភាគរយ ដែលមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្រតួកគី។ រូបិយបណ្ណតួកគីធ្លាក់ចុះបែបនេះ គឺដោយសារត្រូវរងទណ្ឌកម្មសេដ្ឋកិច្ចរបស់អាមេរិក របស់លោក ដូណាល់ ត្រាំ។ ភ្លាមៗ ប្រធានាធិបតីតួកគី លោក Recep Tayyip Erdogan បានប្រកាសឲ្យពលរដ្ឋចូលរួមប្រកៀកស្មាគ្នា គាំទ្ររូបិយបណ្ណជាតិ។
រូបិយបណ្ណតួកគី ធ្លាក់ចុះជាខ្លាំង យ៉ាងគំហុក ដល់ទៅ១០ភាគរយ នៅថ្ងៃសុក្រទី១០សីហា។ ការស្រុតដាំក្បាលចុះនេះគឺបន្ទាប់ពីបានធ្លាក់ចុះចំនួន៥ភាគរយរួចម្តងហើយ កាលពីដើមឆ្នាំ២០១៨។ ពោល គឺនៅពេលនេះ ប្រាក់ Livre របស់តួកគី ចំនួន៦ ទើបអាចប្តូរយកប្រាក់១ដុល្លាររបស់អាមេរិក។ ការធ្លាក់ចុះយ៉ាងច្រើនដូច្នេះ គឺដោយសារតែទណ្ឌកម្មសេដ្ឋកិច្ច និងសង្គ្រាមពាណិជ្ជកម្មដែលបង្កឡើងដោយអាមេរិក។
នៅថ្ងៃសុក្រទី១០សីហានេះ ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានសសេរប្រកាសតាម Tweeter យ៉ាងមានមោទនភាព ថាលុយដុល្លារអាមេរិកខ្លាំង មិនដូចលុយតួកគី ដែលខ្សោយ ហើយបានដាំក្បាលចូលយ៉ាងឆាប់រហ័សនោះទេ។ លោក ត្រាំ សសេរបញ្ជាក់ថា លោកទើបតែបានសម្រេចដំឡើងពន្ធពីរដងថែមទៀត ចំពោះពន្ធនាំចូលធ្យូងថ្មនិងអាលុយមីញ៉ូមពីប្រទេសតួកគី។
ដូច្នេះនៅពេលនេះ ពន្ធគយនាំចូលទំនិញពីតួកគីចូលអាមេរិក គឺធ្យូងថ្ម ត្រូវឡើង រហូតដល់៥០ភាគរយ ហើយពន្ធអាលុយមីញ៉ូម ត្រូវឡើងដល់២០ភាគរយ។
ប្រឈមមុខនឹងទណ្ឌកម្មជាបន្តបន្ទាប់របស់អាមេរិក ប្រធានាធិបតីតួកគី លោក Recep Tayyip Erdogan បានប្រកាសឲ្យប្រជាពលរដ្ឋគាំទ្ររូបិយបណ្ឌជាតិ។ លោកប្រកាសថ្លែងតាមកញ្ចក់ទូរទស្សន៍ជាតិថា “ប្រសិនបើបងប្អូនមានប្រាក់ដុល្លារ លុយអឺរ៉ូ ឬក៏មាសសុទ្ធ នៅក្រោមខ្នើយ គ្រែដំណេករបស់បងប្អូន សូមបងប្អូនអញ្ជើញយកវាទៅធនាគារជាតិរបស់យើង ហើយប្តូរយកលុយ Livre របស់តួកគីយើងវិញ។ នៅក្នុងស្ថានភាពនេះ យើងត្រូវការចូលរួមប្រយុទ្ធប្រកៀកស្នាទាំងអស់គ្នាដើម្បីជាតិយើង។” ប្រមុខរដ្ឋតួកទី បានបន្ថែមថា “យើងមិនចាញ់ក្នុងសង្គ្រាមពាណិជ្ជកម្មនេះទេ ព្រោះយើងមានព្រះអាឡះជួយ។ យើងនឹងឈ្នះសង្គ្រាមនេះ។”
គួររម្លឹកជូនថា តួកទី និងអាមេរិក មានភាពតានតឹងគ្នាជាច្រើនខែមកហើយ ហើយរឹងរឹតតែក្តៅគគុកថែមទៀត នៅពេលដែលតួកទីបានចាប់ឃុំខ្លួនគ្រូគង្វាលសាសនាជាតិអាមេរិកម្នាក់ នៅទីក្រុងអង់ការ៉ា។ អាមេរិកបានប្រកាសឲ្យដោះលែងគ្រូគង្វាលនោះភ្លាម តែរដ្ឋតួកទីមិនព្រម ព្រោះអាជ្ញាធរតួកទីយល់ថា អាចារ្យសាសនាម្នាក់នេះ ធ្វើសកម្មភាពចារកម្មនិងភេរវកម្ម។ កាលពីថ្ងៃពុធកន្លងទៅ មន្ត្រីជាន់ខ្ពស់ផ្នែកការទូតរបស់ប្រទេសទាំងពីរបានជួបជជែកគ្នាដែរ នៅទីក្រុងវ៉ាស៊ីនតោន ប៉ុន្តែហាក់ពុំអាចបន្ធូរបន្ថយភាពតានតឹងសោះ៕
ដោយ៖ មែវ សាធី