ភ្នំពេញ៖ លោក អូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី បានលើកឡើងថា ៖ បើកម្ពុជាគ្មានសុខសន្តិភាព និង មានសេដ្ឋកិច្ចរីកចម្រើនទេ ក៏គ្មានកំណើននៃសាសនិកឥស្លាមសព្វថ្ងៃ ដែលមានលទ្ធភាពទៅប្រារព្ធពិធីបុណ្យហាជ្ជី ចេះតែមានការកើនឡើងជាបន្តបន្ទាប់ជារៀងរាល់ឆ្នាំនោះដែរ។
មានប្រសាសន៍បែបនេះ កាលពីព្រឹកថ្ងៃអាទិត្យ ១កើត ខែស្រាពណ៏ ឆ្នាំចសំរឹទ្ធិស័កព.ស ២៥៦២ ត្រូវនិងថ្ងៃទី១២ សីហា ២០១៨ នៅឯអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ ក្នុងឱកាសដែលលោក អូស្មាន ហាស្សាន់ និងលោកស្រី អញ្ជើញជូនដំណើរ ភ្ញៀវដែលចេញដំណើរទៅប្រារព្ធពិធីបុណ្យហាជ្ជី ប្រមាណ១២៦នាក់ ក្នុងនោះ មាន១០នាក់អញ្ជើញតាមរយៈអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា ជាការឧបត្ថម្ភរបស់សប្បុ រសជនអារ៉ាប់រួមអេមីរ៉ាត់ តាមស្ថានទូតអារ៉ាប់រួមអេមីរ៉ាត់ ប្រចាំទីក្រុងបាងកក និង ៣នាក់ទៀតឧបត្ថម្ភដោយ លោក កែវ រតនៈ អគ្គនាយកអគ្គីសនីកម្ពុជា ។
ក្នុងឱកាសនោះ លោក អូស្មាន ហាស្សាន់ ក៏បានកោត សរសើរ ដល់បងប្អូន ដែលកាលពីបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីរតិកាលទី៦ កន្លងផុតទៅ នាថ្ងៃទី២៩ កក្កដា ២០១៨ ថ្មីៗនេះ គឺជនរួមជាតិនិយាយជារួម និងបងប្អូនខ្មែរឥស្លាមនិយាយដោយឡែក បានសម្រេចចិត្តដ៏ត្រឹមត្រូវ ទាំងទឹកចិត្ត និងឆន្ទៈ ក្នុងការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាជាច្រើនលើសលុប ហើយនាំមកនូវជ័យជំនះជូនគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធាន បន្តជានាយករដ្ឋមន្រ្តី ដឹកនាំនាវាសន្តិភាព និង ការអភិវឌ្ឍន៍ជាបន្តទៀត។
លោក ក៏បានកោតសរសើរ ដែលសម្លេងបងប្អូនគាំទ្រគណបក្សប្រជាជនកម្ពុជា ត្រូវបានមើលឃើញថា ឡើងដល់កម្រិតជាមធ្យមទូទាំងប្រទេសជិតដល់ទៅ៩០ភាគរយឯណោះ។
លោកអូស្មាន ហាស្សាន់ បានបញ្ជាក់ថា៖ ក្នុងនាមថ្នាក់ដឹកនាំជំនួសមុខឱ្យរាជរដ្ឋាភិបាល លោកសូមជូនពរដល់ប្អូនដែលចេញដំណើរ សូមទទួលបានសុខសុវត្ថិភាព និង បានទទួលនូវការតបស្នងសងគុណនូវផលបុណ្យលើសលប់ ក្នុងប្រតិបត្តិការណ៍បុណ្យហាជ្ជ ដែលបងប្អូន បានលះបង់ទាំងពេលវេលា និងថវិកា ដើម្បីចូលរួមក្នុងពិធិប្រារព្ធពិធីបុណ្យដ៏មានសារៈសំខាន់នេះ ៕ ដោយ៖ សំរិត