ខេត្តមណ្ឌលគិរី៖ សកម្មភាពកាប់បំផ្លាញព្រៃឈើនៅក្នុងតំបន់អភិរក្សភ្នំព្រេច ស្ថិតក្នុងស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី និងក្រោមការគ្រប់គ្រងដោយបរិស្ថានបាននិងកំពុងរងនូវការកាប់បំផ្លាញជាថ្មីម្តងទៀត បន្ទាប់ពីអាជ្ញាធរខេត្ត សមត្ថកិច្ច ជំនាញពាក់ព័ន្ធបំពេញតួនាទី ភារកិច្ច មានកម្រិត អាចនឹងពាក់ព័ន្ធបញ្ហាអំពើពុករលួយ ។ ក្នុងនោះ ប្រភពព័ត៌មានគួរឲ្យជឿទុកចិត្តបានបង្ហើបថា រយៈពេល២ថ្ងៃមកនេះ ឧកញ៉ាស៊ឹង សំអុល,តុប វីដា និងឧកញ៉ា ប៉ោ សំអឿន បានកេណ្ឌប្រមូលប្រជាពលរដ្ឋតាមរយៈដៃជើងរបស់ខ្លួនឲ្យចូលទៅកាប់ឈើនៅក្នុងតំបន់អភិរក្សភ្នំព្រេច ជាមួយនឹងរថយន្តបាកុង រថយន្តកែច្នៃប្រមាណជិត២០០គ្រឿង រហូតដល់ប្រជាពលរដ្ឋភ្លាត់មាត់ថា សកម្មភាពលើកនេះ ហាក់បីដូចជាមានមនុស្សច្រើន ក៏ដូចជារថយន្តផងដែរ ពួកឈ្មួញអាចធ្វើដោយអំពើឃុបឃិតគ្នានឹងមន្ត្រីពាក់ព័ន្ធ ឬក៏មានច្បាប់អនុញ្ញាតសារជាថ្មីណាមួយ ទើបឈ្មួញហ៊ានធ្វើសកម្មភាពក្នុងទ្រង់ទ្រាយធំបែបនេះ?
ពាក់ព័ន្ធករណីនេះ លោកកែវ សុភ័ក្រ ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បានទទួលស្គាល់ថា មានព័ត៌មានបែបនេះ តាមទូរស័ព្ទ នាព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៨ជាមួយអង្គភាព «នគរដ្រហ្គន» លោកបានបញ្ជាក់ថា រឿងនេះខ្ញុំបានដឹងព័ត៌មានផងដែរចំនួន៣ថ្ងៃមកហើយ ថា មានរថយន្តបាកុង និងរថយន្តកែច្នៃត្រៀមចូលទៅដឹក និងកាប់ឈើនៅទីនោះ ប៉ុន្តែតាមរយៈកម្លាំងជំនាញរបស់ខ្ញុំ ដែលប្រចាំការ និងចុះល្បាតជាប្រចាំមិនទាន់ឃើញរូបភាពមនុស្សដ៏ច្រើន និងរថយន្តបាកុង រថយន្តកែច្នៃទាំងនោះចូលក្នុងតំបន់អភិរក្សភ្នំព្រេចនៅឡើយទេ ។ លោកប្រធានមន្ទីរបន្តថា បើករណីកាឡេថង របស់ប្រជាពលរដ្ឋទៅប្រមូលអនុផលព្រៃឈើ ឬរកវល្លិ៍ជាដើម នោះមាន ប៉ុន្តែមិនពាក់ព័ន្ធទៅនឹងបទល្មើសកាប់បំផ្លាញព្រៃឈើនោះឡើយ ។ បើទោះជា ព័ត៌មានទាំងនេះមិនទាន់ត្រូវបានគេបញ្ចេញសកម្មភាពក៏ដោយ លោកក៏នៅតែមានវិធានការខ្ពស់ជំរុញឲ្យកម្លាំង ដែលមានតួនាទី និងភារកិច្ចត្រូវស៊ើបអង្កេតតាមដាន ឈានដល់ការបង្ក្រាប ប្រសិនបើមានបទល្មើសជាក់ស្តែង ។ ដោយឡែក លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី នាព្រឹកថ្ងៃទី១៣ ខែសីហា នេះ បានប្រាប់អង្គភាព «នគរដ្រេហ្គន» តាមទូរស័ព្ទយ៉ាងដូច្នេះថា ខ្ញុំសូមអរគុណចំពោះសំណួរជុំវិញបទល្មើសព្រៃឈើនេះ ខណៈខ្ញុំបានដឹងព័ត៌មាននេះពីរ បីថ្ងៃមកហើយ ក្នុងនោះ ខ្ញុំថែមទាំងបញ្ជាកម្លាំងនៅថ្នាក់មូលដ្ឋាន ក៏ដូចជាកម្លាំងពីខាងខេត្តចុះទៅទប់ស្កាត់ ការពារ និងបង្ក្រាប ប្រសិនបើទទួលបានពីសកម្មភាពកាប់បំផ្លាញព្រៃឈើ ។ លោកស្នងការបន្តថា ខ្ញុំពេញចិត្ត និងសហការក្នុងការទទួលព័ត៌មានពីគ្រប់មជ្ឈដ្ឋាន ហើយគម្រោងរបស់ឈ្មួញ ដែលត្រូវកាប់ឈើប្រមូលនៅតំបន់អភិរក្សភ្នំព្រេចនោះ ពិតជាមិនអាចធ្វើទៅរួច ដោយសារខ្ញុំរៀបចំកម្លាំងជាស្រេចដើម្បីទប់ស្កាត់ ។
មួយរយៈចុងក្រោយនេះ គេឃើញថា អាជ្ញាធរខេត្តមណ្ឌលគិរី លោកស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្ត ហាក់មានភាពធូរលុងខ្លាំងលើវិធានការទប់ស្កាត់បង្ក្រាបបទល្មើសព្រៃឈើ ក្នុងដែនរដ្ឋបាលគ្រប់គ្រងរបស់ខ្លួន ក្នុងនោះមានទាំងការកាប់បំផ្លាញ និងការដឹកជញ្ជូនឆ្លងទៅប្រទេសវៀតណាម ម្តងៗដូចគេហែកឋិន ដូចជាតាមច្រកប៉ុស្តិ៍៧-ណាំលៀ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ម្តងៗ មានរាប់រយគ្រឿង ដឹកតាមអំពើចិត្តពីយប់រហូតដល់ទល់ភ្លឺ ។ ពេលសកម្មភាពអូសឈើឆ្លងទៅវៀតណាមរួចរាល់ និងរថយន្តដឹកជញ្ជូនបានវិលត្រឡប់មកដល់ទឹកដីក្នុងខេត្តមណ្ឌលគិរីវិញ ទើបមានវិធានការឲ្យសមត្ថកិច្ច អាជ្ញាធរ កម្លាំងជំនាញទៅចាប់បទល្មើសខ្យល់ ។ ចំណុចនេះហើយ ដែលប្រឈមទៅនឹងការរិះគន់ ខណៈលោកអភិបាលខេត្ត ជាសមាជិកគណៈកម្មាធិការបង្ក្រាបបទល្មើសធនធានធម្មជាតិ ប៉ុន្តែការទទួលខុសត្រូវ មានកម្រិត ជួនធ្វើ ជួនមិនធ្វើ មិនដេកលក់ ធ្វើដេកលក់ មិនខុសអីពីកន្ទេលធំបន្លំដេក ។ ពាក់ព័ន្ធករណីរិះគន់ដោយមិនសំចៃមាត់ពីមជ្ឈដ្ឋានប្រជាពលរដ្ឋនៅទីនោះ នៅព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៨ អង្គភាព នគរដ្រេហ្គន មិនអាចទំនាក់ទំនងសុំការបំភ្លឺបានទេពីលោកស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី ដោយទូរស័ព្ទចូលគ្មានអ្នកទទួល ។
គួររំលឹកផងដែរថា បន្ទាប់ពីក្រុមឧកញ៉ាស៊ឹង សំអុល,តុប វីដា និងឧកញ៉ា ប៉ោ សំអឿន បានឃុបឃិតគ្នាក្នុងចេតនាទុច្ចរិតបំផ្លាញព្រៃឈើនៅខេត្តមណ្ឌលគិរី ហើយសមត្ថកិច្ចកំពុងធ្វើកិច្ចការនេះដើម្បីការពារធនធានធម្មជាតិនោះក៏ដោយ ក៏ថ្មីៗនេះ លេចចេញនូវគម្រោងថ្មីមួយទៀត គឺឈ្មួញបានរៀបចំដើម្បីដឹកជញ្ជូនឈើឆ្លងទៅប្រទេសវៀតណាមតាមច្រកដាក់ដាំ ខណៈមានថៅកែក្រុមហ៊ុនវៀតណាមថ្មីកំពុងទទួលបញ្ជាទិញឈើនៅទឹកដីវៀតណាម ក្នុងនោះ គឺមានឈ្មួញ រួមទាំងសមត្ថកិច្ចផងដែរបានយកលុយពីវៀតណាម ធានារត់ការផ្លូវដើម្បីឲ្យឈើឆ្លងទៅប្រទេសវៀតណាមបានតាមច្រកដាក់ដាំ តាំងពីយប់ថ្ងៃទី១១ ខែសីហា មកទល់យប់ថ្ងៃទី១២ ខែសីហានេះ ផែនការទាំងនោះត្រូវបរាជ័យ ដោយសារសមត្ថកិច្ចមួយចំនួនខ្លាចរអារ សមត្ថកិច្ចមួយចំនួនទៀតយករួចខ្លួន ប៉ុន្តែប្រភពគួរឲ្យជឿទុកចិត្តបង្ហើបថា ក្រុមឈ្មួញបានរត់ការចាត់ចែងកញ្ចប់រួចហើយ ប៉ុន្តែឈើមិនទាន់ឆ្លងកាត់ទៅវៀតណាមនៅឡើយ ។ បញ្ហាទាំងអស់នេះ ទាំងអ្នករត់ការ ទាំងអ្នកទទួលកញ្ចប់ពីអ្នករត់ការ កំពុងតែព្រួយបារម្ភខ្លាចបញ្ហានេះបែកការដល់ថ្នាក់លើ ខ្លួនទទួលខុសត្រូវចំពោះមុខច្បាប់ ដោយឡែកអ្នកយកលុយពីវៀតណាមមករត់ការដើម្បីនាំឈើចេញ ក៏ត្រូវថៅកែវៀតណាមដកសេចក្តីទុកចិត្ត ដូច្នេះ ជាគោលការណ៍របស់ឈ្មួញ និងសមត្ថកិច្ចដែលពាក់ព័ន្ធត្រូវរកឱកាសពេលណាមួយដ៏ឆាប់ៗនេះ មិនឲ្យលើសពីថ្ងៃ១៥-១៦ ខែសីហា នេះ ត្រូវតែសម្រុកចេញឈើឲ្យបានទៅដល់វៀតណាម ឆ្លងកាត់ទ្វេភាគីដាក់ដាំនេះ តិចបំផុតត្រឹម៤ម៉ែត្រគូប ឬមួយរថយន្តសាំយ៉ុង ជាប្រយោជន៍ឲ្យថៅកែក្រុមហ៊ុនវៀតណាមថ្មី ដែលចាំទទួលទិញឈើនោះ មានទំនុកចិត្ត និងបន្តទម្លាក់ប្រាក់មកឲ្យឈ្មួញប្រមូលឈើនៅទឹកដីខេត្តមណ្ឌលគិរីបន្តទៀត ។ ប៉ុន្តែជាលទ្ធផល ត្រូវបានលេចឮថា ក្រុមឈ្មួញឧកញ៉ាៗទៅយកលុយពីថៅកែវៀតណាមចំនួន២លើករួចមកហើយ ដើម្បីរត់ការនាំឈើចេញ ទីបំផុតត្រូវបានជាប់គាំង ដូច្នេះអាជ្ញាធរ សមត្ថកិច្ច ជំនាញពាក់ព័ន្ធ ក៏ដូចជាថ្នាក់លើ មេត្តាមានវិធានការចុះស៊ើបអង្កេតស្រាវជ្រាវជុំវិញបទល្មើសទាំងនេះផង ក្នុងប្រយោជន៍ចូលរួមការពារសម្បត្តិដ៏មានតម្លៃរបស់ជាតិ គឺធនធានធម្មជាតិ ខណៈឧកញ៉ាស៊ឹង សំអុល,តុប វីដា និងឧកញ៉ា ប៉ោ សំអឿន កំពុងតែជ្រួលច្របល់រឿងបញ្ហាប្រមូលឈើ កាប់បំផ្លាញព្រៃឈើ តាមរយៈក្រុមហ៊ុនរបស់ខ្លួន ដែលមានច្បាប់ តែគ្មានព្រៃ ដូច្នេះ ត្រូវបង្ខំប្រើប្រាស់គ្រប់រូបភាព កេណ្ឌប្រមូលប្រជាពលរដ្ឋឲ្យទៅកាប់ឈើនៅក្នុងតំបន់អភិរក្សការពារ ក្នុងនោះ ក៏ត្រូវបានគេរាយការណ៍មកដា ឧកញ៉ាទាំង៣រូបនេះបានកេណ្ឌប្រជាពលរដ្ឋឲ្យទៅប្រមូលកាប់ឈើនៅតំបន់កុងៗ ភ្នំព្រេច មានទាំងរថយន្តបាកុង រថយន្តកែច្នៃជាច្រើនគ្រឿង ចូលទៅចំនួន២ថ្ងៃមកហើយ ប៉ុន្តែគេពុំដឹងថា ករណីនេះ ស្ថិតនៅក្រោមការបើកភ្លើងខៀវពីសមត្ថកិច្ចជំនាញ ឬឧកញ៉ាទាំង៣រូបនោះ ថ្លើមធំហ៊ានបំពានច្បាប់ ស្របពេលដែលប្រទេសកំពុងពង្រឹងផ្លូវច្បាប់លើវិធានការបង្ក្រាបបទល្មើសធនធានធម្មជាតិនេះ ៕
សកម្មភាពកាប់បំផ្លាញ ដឹកជញ្ជូនឈើដោយខុសច្បាប់កន្លងទៅ នៅខេត្តមណ្ឌលគិរី
ដោយ៖សុខ ខេមរា