ប្រទេសអុីតាលី៖ ពីរថ្ងៃកន្លងមក ក្រោយហេតុការបាក់ស្ពានអាកាស Morandi នៅទីក្រុង Genoa ប្រទេសអីតាលីកាលពីថ្ងៃទី១៤ខែសីហា ក្រុមជួយសង្គ្រោះបានខិតខំទាំង ថ្ងៃទាំងយប់ ដើម្បីស្វែងរកអ្នកដែលជាប់នៅក្រោមគំនរបេតុង ។
នៅពេលនេះ ក្រុមជំនាញអុីតាលីបានចាប់ផ្តើម កំណត់សម្គាល់សាកសពជនរងគ្រោះក្នុងហេតុការគ្រោះថ្នាក់ខាងលើ។ ជាមួយគ្នានេះទីក្រុង Genoa បានប្រកាសកាន់ទុក្ខរយៈពេល២ថ្ងៃផងដែរដល់ជនរងគ្រោះ។ នាយករដ្ឋមន្ត្រីអុីតាលី លោក Guiseppe Conte បានវាយតម្លៃថា «នេះជាហេតុការមិនអាចទទួលយកបានឡើយក្នុងសង្គមទំនើបកម្ម សម័យបច្ចុប្បន្ន មិនគួរទុកឲ្យមានរឿងសោកនាដកម្មកើតឡើងបែបនេះឡើយ»។
កាលពីថ្ងៃទី១៥ខែសីហាគឺជាថ្ងៃបុណ្យ របស់ពលរដ្ឋអុីតាលី តាមសាសនាកាតូលិក ប៉ុន្តែ ហេតុការគ្រោះថ្នាក់ខាងលើ ធ្វើឲ្យបរិយាកាសថ្ងៃបុណ្យបែជាស្ងប់ស្ងាត់ ។ តាមតួលេខរបស់រដ្ឋាភិបាល មកទល់ពេលនេះមានអ្នកស្លាប់កើនឡើង រហូតដល់៣៩នាក់ ។ មន្ត្រីក្នុងតំបន់ បានឲ្យដឹងថា ក្នុងចំណោមអ្នកស្លាប់មានកុមារ ៣នាក់ មានអាយុ៨,១២ និង១៣ឆ្នាំ។ ការបាក់ស្ពានខាងលើ បានធ្វើឲ្យសមាជិកមួយគ្រួរសារ ស្លាប់។
វិមានវ៉ាទីកង ដែលជាកន្លែងស្នាក់នៅរបស់ សម្តេចប៉ាប Francis ក៏បានធ្វើពិធីបួងសួង ដល់ជនរងគ្រោះ ដោយបាក់ស្ពានខានលើផងដែរ។
ក្នុងចំណោមអ្នកស្លាប់ មានជនជាតិបារាំង ៤នាក់ស្លាប់ដោយគ្រោះថ្នាក់ខាងលើ ។នៅពេលនេះ ការិយាល័យព្រះរាជអាជ្ញាទីក្រុងប៉ារីស កាលពីថ្ងៃពុធម្សិលមិញនេះ បានចាប់ផ្តើមបើកការស៊ើបអង្កេតមួយ ស្តីពីការដួលរលំនៃស្ពានផ្លូវហាយវេនៅទីក្រុង Genoaប្រទេសអ៊ីតាលី។
ការស៊ើបអង្កេតលើករណីស្លាប់ និងរបួសជាច្រើននេះត្រូវបានធ្វើឡើង បន្ទាប់ពីក្រសួងការបរទេសបាន បញ្ជាក់ថាជនជាតិបារាំង៤នាក់ ក៏ស្ថិតក្នុងចំណោមអ្នកស្លាប់ផងដែរ។
យោងតាមបណ្តាញទូរទស្សន៍ BFMTV ជនរងគ្រោះម្នាក់គឺមកពី Tarn ភាគនិរតីប្រទេសបារាំង និងពីរ នាក់ទៀតមកពីភាគខាងត្បូងនៃទីក្រុងToulouse។
រំលឹកដែរថាកាលពីថ្ងៃអង្គារស្ពាន Morandi ប្រហែល១០០ម៉ែត្រ បានដួលរលំចំពេលមានភ្លៀង ធ្លាក់ ខ្លាំង។ យ៉ាងហោចណាស់មនុស្ស៣៩នាក់ ត្រូវបានស្លាប់នៅក្នុងអ្វីដែលអាជ្ញាធរអ៊ីតាលី ហៅថា សោកនាដកម្មដ៏ធំមិនធ្លាប់មានមួយ៕
ដោយ៖ មែវ សាធី