ខេត្តមណ្ឌលគិរី៖ នៅវេលាម៉ោង៣រំលងអធ្រាត្រឈានចូល ថ្ងៃព្រហស្បតិ៍ ៥កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៨ រថយន្តកែច្នៃចំនួន៣គ្រឿង ត្រូវបានខាងកម្លាំងជំនាញរដ្ឋបាលព្រៃឈើខេត្តចុះបង្ក្រាប បន្ទាប់ពីក្រុមឈ្មួញបម្រុងឆ្លងដែន ទៅកាន់ប្រទេសវៀតណាម តាមច្រកប៉ុស្តិ៍៧ ណាំលៀ ក្នុងស្រុកព្រេជ្រាដា ខេត្តមណ្ឌលគិរី ។ ក្នុងនោះ ប្រភពបានរាយការណ៍មកថា ជំនាញរដ្ឋបាលព្រៃឈើបានចាប់រថយន្តកែច្នៃ១គ្រឿង ក្នុងបទល្មើសដឹកឈើជាក់ស្តែង និងឃាត់មនុស្ស២នាក់ ដើម្បីយកទៅសាកសួរតាមនីតិវិធី ។ ករណីចាប់រថយន្តកែច្នៃនេះ ធ្វើឡើងនៅម្តុំអូរតាំកន ក្រោយមក ខាងជំនាញរដ្ឋបាលព្រៃឈើ ក៏បន្តរុករកនូវរថយន្ត២គ្រឿងទៀត ដែលរត់ចូលក្នុងចម្ការម្តុំអូរតាំកន ប៉ុន្តែនៅរសៀលថ្ងៃដដែល គេបានឃើញខាងបរិស្ថានណាំលៀ ដឹកនាំដោយលោក វុធ សារុំ ក៏បានប្រទះឃើញរថយន្តដឹកឈើទាំង២គ្រឿងនោះ ក្នុងតំបន់គ្រប់គ្រងរបស់ខ្លួន ហើយខាងជំនាញរដ្ឋបាលព្រៃឈើ ក៏បានដកខ្លួនតាមការណែនាំរបស់តំណាងអយ្យការ មានន័យថា មន្ត្រីនគរបាលយុត្តិធម៌ ជំនាញរដ្ឋបាលព្រៃឈើ កសាងសំណុំរឿងពាក់ព័ន្ធនឹងករណីរថយន្តដឹកឈើមួយគ្រឿង និងមនុស្ស២នាក់ ធ្វើសំណុំរឿងដាច់ដោយឡែកបញ្ជូនទៅកាន់អយ្យការ ។ ដោយឡែកខាងបរិស្ថាន ណាំលៀ ត្រូវកសាងសំណុំរឿង ករណីចាប់រថយន្ត២គ្រឿងនោះតាមនីតិវិធី ដាច់ដោយឡែកពីគ្នា ។ ប៉ុន្តែនៅរសៀលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨ ត្រូវបានលេចឮថា លោកវុធ សារុំ នាយកបរិស្ថានណាំលៀ បានដោះលែង រថយន្តដឹកឈើ១គ្រឿង ហើយយកតែរថយន្តមួយគ្រឿងមកដាក់នៅស្នាក់ការរបស់ខ្លួន ក្នុងនោះសូម្បីតែឈើនៅក្នុងរថយន្ត ក៏ត្រូវបានបាត់បង់ថែមទៀត និយាយរួម ត្រូវបានគេរិះគន់ថា លោកវុធ សារុំ មិនត្រឹមតែដោះលែងរថយន្តមួយគ្រឿង ជាមធ្យោបាយដឹកជញ្ជូនឈើល្មើសច្បាប់ប៉ុណ្ណោះទេ រថយន្តមួយគ្រឿង ដែលបានយកមករក្សាទុក ក៏បាត់ឈើថែមទៀត ។ ជាក់ស្តែង គេបានត្រឹមតែឃើញឈើ ដែលខាងបរិស្ថានប្រទះឃើញចំនួនពីរកន្លែង មួយកន្លែង៦៨កំណាត់ និងមួយកន្លែងទៀត២៧កំណាត់ តែឈើដែលនៅលើឡានក្នុងបទល្មើសជាក់ស្តែង ត្រូវបានបាត់បង់ រហូតដល់គេដាក់ភាពសង្ស័យថា ក្រុមដឹកឈើទាំងនោះជាដៃជើងរបស់លោកវុធ សារុំនោះតែម្តងមើលទៅ..?
ពាក់ព័ន្ធនឹងករណីនេះ លោកវុធ សារុំ នាយកដែនជម្រកសត្វណាំលៀ តាមទូរស័ព្ទជាមួយអង្គភាព«នគរដ្រេហ្គន»បាននិយាយថា តាមពិតខ្ញុំដេញចាប់ឡានឈើបានតែមួយគ្រឿងទេ ប៉ុន្តែគ្រាកំពុងចុះចាប់ឡាននោះ ខ្ញុំក៏ជួបប្រទះឃើញគំនរឈើ ចំនួនពីរកន្លែង មួយកន្លែងមាន៦៨ដុំ មួយកន្លែងទៀតមាន២៧ដុំ ។
លោកវុធ សារុំ បន្តថា ខ្ញុំឆ្ងល់ថា ហេតុអ្វីខាងមេព្រៃ និងខាងបរិស្ថានចាប់ឈើនៅទីតាំងជាមួយគ្នា បែរជាតំណាងអយ្យការ ឲ្យកសាងសំណុំរឿងដាច់ដោយឡែកចេញពីគ្នា ..? បញ្ហានេះ ខ្ញុំមិនយល់ ហើយពិបាកក្នុងការធ្វើនីតិវិធី ។ បើទោះជាលោកវុធ សារុំ បដិសេធន៍ថា មិនបានចាប់រថយន្ត២គ្រឿងព្រមជាមួយឈើនោះក៏ដោយ តែខាងជំនាញ រដ្ឋបាលព្រៃឈើខេត្ត ដែលសុំមិនបញ្ចេញឈ្មោះបានប្រាប់អង្គភាពនគរដ្រេហ្គន យ៉ាងដូច្នេះថា ខ្ញុំបានដេញចាប់រថយន្តដឹកឈើ ប្រភេទកែច្នៃចំនួន៣គ្រឿង បន្ទាប់ពីទទួលព័ត៌មានថា ពួកគេ បម្រុងឆ្លងដែនទៅប្រទេសវៀតណាម តាមច្រកប៉ុស្តិ៍៧ ណាំលៀ ភ្លាមៗនោះ ខាងជំនាញរបស់ខ្ញុំចាប់បានរថយន្ត១គ្រឿង និងឃាត់ខ្លួនមនុស្ស២នាក់ ចំពោះរថយន្ត២គ្រឿងទៀត បានរត់គេចចូលនៅក្នុងចម្ការ ទើបនៅរសៀលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨ ខ្ញុំឃើញខាងបរិស្ថានដែលមានលោកវុធ សារុំ បានចាប់រថយន្តទាំងពីរគ្រឿងនោះជាប់ ក្នុងដែនសមត្ថកិច្ចបរិស្ថានគ្រប់គ្រង ។
មន្ត្រីរដ្ឋបាលព្រៃឈើរូបនេះបន្តថា ពេលនោះខ្ញុំបានត្រឹមតែប្រគល់ឈើចំនួន៦៨កំណាត់ឲ្យទៅខាងបរិស្ថាន គឺលោកវុធ សារុំ ដោយឡែកឡានដឹកឈើ២គ្រឿងទៀត ក្នុងនាមខ្ញុំជាកម្លាំងសហការជាមួយបរិស្ថាន ក៏ឃើញថា ខាងលោកវុធ សារុំ យកទៅរក្សាទុកនៅស្នាក់ការរបស់គាត់ ដើម្បីបន្តនីតិវិធីតាមជំនាញរៀងៗខ្លួន ក្នុងនាមជាមន្ត្រីនគរបាលយុត្តិធម៌ ជាមួយនឹងការសម្របសម្រួលដោយតំណាងអយ្យការ និងជាអ្នកនាំពាក្យ អយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី ។ លោកបញ្ជាក់ថា ត្រង់គេដោះលែង១គ្រឿង ត្រង់គេថា ឡានអត់មានឈើ នោះជាសិទ្ធិរបស់ជំនាញខាងបរិស្ថានចុះ ប៉ុន្តែក្នុងប្រតិបត្តិការសហការគ្នា លោកវុធ សារុំពិតជាបានចាប់បានរថយន្តទាំងពីរគ្រឿងនោះពិតប្រាកដ ។
ជុំវិញការចាប់រថយន្តដឹកឈើនេះ ខាងជំនាញរដ្ឋបាលព្រៃឈើខេត្ត កំពុងសាកសួរជនសង្ស័យ២នាក់ ម្នាក់ជាតៃកុងឡាន ម្នាក់ទៀតជាព្រូ ក្នុងកំណត់ហេតុស្តាប់ចម្លើយដោយមន្ត្រីនគរបាលយុត្តិធម៌ជំនាញ រដ្ឋបាលព្រៃឈើ ក៏គេបានលួចបង្ហើបថា ជនសង្ស័យ បានឆ្លើយថា ឈើមួយចំនួនគឺជាឈើរបស់ឈ្មោះ ឆ្នៅ និង ឆុង ដែលជាមេបញ្ជាការនគរបាល វរៈការពារព្រំដែនលេខ៣០៣ ហើយខ្លះទៀតឆ្លើយថា ពួកគេឃើញឈ្មួញនាំគ្នាដឹកឈើទៅវៀតណាម ក៏ដឹកឈើទៅតាមគេតាមឯងដែរទៅ ។
លោកវុធ សារុំ អាចនឹងមានបញ្ហាជាមួយតំណាងអយ្យការ ប្រសិនបើគាត់ដោះលែងឡានឈើ ដោយគ្មានការឯកភាព ឬករណីនេះអាចជារឿងត្រូវដងត្រូវផ្លែគ្នា នោះជាករណីផ្សេងនៃវប្បធម៌ទម្លាប់ នៃអំពើពុករលួយតែប៉ុណ្ណោះ ៕
ដោយ៖ សុខ ខេមរា