តាមរបាយការណ៍របស់ក្រសួងការពារជាតិអាមេរិក បានឲ្យដឹងថា៖ យន្តហោះទម្លាក់គ្រាប់ចិន កំពុងធ្វើលំហាត់សមយុទ្ធ ដើម្បីវាយប្រហារទម្លាក់គ្រាប់បែក ទៅលើអាមេរិក និងសម្ព័ន្ធមិត្ត នៅសមុទ្រប៉ាស៊ីហ្វិក។
ក្នុងរយៈពេល៣ឆ្នាំកន្លងមកកម្លាំងទាហានចិន បានពង្រីកទីតាំងធ្វើសកម្មភាព របស់យន្តហោះទម្លាក់គ្រាប់រយៈចម្ងាយឆ្ងាយ ជាការពង្រឹងសមត្ថភាព ពេលមានសង្គ្រាមនៅតំបន់សមុទ្រកើតឡើង ។ សកម្មភាព ខាងលើរបស់ចិនបង្ករក្តីបារម្ភយ៉ាងខ្លាំងដល់អាមេរិក។
កាលពីខែសីហាឆ្នាំ ២០១៧ យន្តហោះទម្លាក់គ្រាប់ រយៈចម្ងាយឆ្ងាយរបស់ចិនប្រភេទ H-6K បានហោះឆ្លងកាត់ឈូងសមុទ្រ Miyako ភាគខាងលិច ប្រទេសជប៉ុន ហើយជាលើកទីមួយដេលយន្តហោះនេះប្តូរទិសដៅហោះហើយ ទៅកាន់តំបន់ភាគខាងកើតកោះ អូគីណាវ៉ា ជាទីកន្លែងមានទាហានអាមេរិក រហូតដល់ទៅ ៤៧ពាន់នាក់ឈរជើងនៅទីនោះ។ សកម្មភាពរបស់ទាហានអាកាសចិន បង្ករក្តីបារម្ភដល់អាមេរិក ដោយចិនអាចបើកការវាយប្រហារ ទីតាំងអាមេរិកនៅប៉ាស៊ីហ្វិក ក្នុងនោះមានកោះ Guam ជាដើម។
មន្ទីរបញ្ចកោណធ្វើការវាយតម្លៃបែបនេះ នៅក្នុងរបាយការណ៍ប្រចាំឆ្នាំមួយ ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ស្ដីពីកិច្ចខិតខំ ប្រឹងប្រែងពង្រីងឥទ្ធិពលនៅលើពិភពលោករបស់ទីក្រុងប៉េកាំង ជាមួយការចំណាយលើកញ្ចប់ថវិកាយោធា ១៩០ពាន់លានដុល្លារ កាលពីឆ្នាំ២០១៧។ របាយការណ៍ដដែល បានគូសបញ្ជាក់ដូច្នេះថា៖ «ក្នុងរយៈពេលបីឆ្នាំមកនេះ កងទ័ពរំដោះប្រជាជនចិន PLA បានធ្វើសមយុទ្ធយោធាយន្ដហោះទម្លាក់ម្ដងហើយម្ដងទៀតនៅក្នុងតំបន់ ហើយដែលនេះទំនងជាការហ្វឹកហាត់បង្កើនសមត្ថភាព វាយប្រហារប្រឆាំងសហរដ្ឋអាមេរិក និងសម្ព័ន្ធអាមេរិក»។
គួរបញ្ជាក់ថា របាយការណ៍របស់មន្ទីរបញ្ចកោណ កើតមានឡើងខណៈចិន និងសហរដ្ឋអាមេរិក មានគំរោងជួបគ្នានៅចុងខែសីហា នេះ ដើម្បីដោះស្រាយជម្លោះពាណិជ្ជកម្មរវាងមហាយក្សសេដ្ឋកិច្ចទាំងពីរ។ ប៉ុន្តែព្រមពេលជាមួយគ្នា ស្ថានទូតចិនប្រចាំ សហរដ្ឋអាមេរិក មិនទាន់ធ្វើការអត្ថាធិប្បាយណាមួយទាក់ទិងនឹងរបាយការណ៍របស់មន្ទីរបញ្ចកោណនៅឡើយទេ៕
ដោយ៖ មែវ សាធី