កាកបាទក្រហម​កម្ពុជា​ បន្ត​ផ្តល់​អំណោយ​មនុស្ស​ធម៌​ដល់​ពលរដ្ឋ​ជាង​មួយ​ពាន់​គ្រួសារ​ នៅ​ខេត្ត​កំពង់ចាម​ រងគ្រោះ​ដោយ​ទឹក​ជំនន់​

ចែករំលែក៖

ខេត្ត​កំពង់​ចាម​៖នៅថ្ងៃ​អាទិត្យទី១៩ ខែសីហា​ នេះ កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានចាត់ លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា រួមដំណើរដោយ លោក គួច ចំរើន អនុប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម បានបន្តចុះសួរសុខទុក្ខ និងផ្តល់អំណោយមនុស្សធម៌ លើកទី៨របស់កាកបាទក្រហមកម្ពុជា ជូនដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ចំនួន ១.៣៥០គ្រួសារ មកពីភូមិចំនួន៨ ឃុំកំពង់រាប ស្រុកកោះសូទិន ខេត្តកំពង់ចាម។

បន្ទាប់ពីបានពាំនាំប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ និងសេចក្ដីនឹករលឹកពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា លោកស្រីអគ្គលេខាធិការ បានជម្រាបជូនបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវយកចិត្តទុកដាក់ និងគិតគូរពីបញ្ហាសុខភាពរស់នៅប្រចាំថ្ងៃ ជាពិសេសនៅរដូវទឹកជំនន់នេះ ហើយពេលគេងត្រូវដាក់មុងការពារកុំឲ្យមូសខាំ ជៀសវាងនូវការកើតជំងឺគ្រុនឈាម និងជំងឺផ្សេងៗ និងត្រូវប្រុងប្រយ័ត្នចំពោះសត្វអាសិរពិស​គ្រប់ប្រភេទ។

ចំពោះស្ត្រីមានផ្ទៃពោះត្រូវរកទីតាំងសុវត្ថិភាពនៅជិត​មណ្ឌលសុខភាព ដើម្បីងាយស្រួលតាមដានពិនិត្យសុខភាពឱ្យបានទៀងទាត់។

ប្រជាពលរដ្ឋរងគ្រោះទាំងអស់ មានសេចក្ដីរីករាយជាខ្លាំង និងសូមថ្លែងអំណរគុណដល់កាកបាទក្រហមកម្ពុជា ជាពិសេសសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែចែករំលែកនូវក្ដីស្រលាញ់មួយនេះជូនដល់ប្រជាពលរដ្ឋគ្រប់ៗរូប និងសូមជូនពរដល់សម្ដេចប្រធានជួបតែសេចក្ដីសុខ និងទទួលបាននូវពុទ្ធពរទាំង៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

គ្រួសារនីមួយៗទទួលបាន ៖ អង្ករ ៣០គីឡូក្រាម មី ១កេស ត្រីខ ១០កំប៉ុង មុង១ ភួយ១ សារុង១ និងក្រមា១។ ក្រណាត់ស១ដុំ និងថវិកាចំនួន ១០.០០០រៀល ជាអំណោយរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។

សូមបញ្ជាក់ជូនថា កាកបាទក្រហមកម្ពុជា បានផ្តល់ជាស្បៀង និងសម្ភារជូនសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម គិតត្រឹមថ្ងៃនេះសរុបទាំងអស់ចំនួន ៦០០០គ្រួសារ សម្រាប់សាខាឆ្លើយតបនូវគ្រោះទឹកជំនន់នេះ ហើយកាកបាទក្រហមកម្ពុជា បានចុះចែកអំណោយមនុស្សធម៌ទាំង៨លើកនេះសរុបមានចំនួន ៥.២០២គ្រួសារ និងអំណោយដែលនៅសល់កាកបាទក្រហមកម្ពុជានឹងបន្តចែកនៅសប្តាហ៍ក្រោយទៀត៕ចេស្តា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print