ភ្នំពេញ៖ គណៈបញ្ជាការឯកភាពខណ្ឌសែនសុខដឹក នាំដោយលោកថេង សុថុល អភិបាលរងខណ្ឌ លោក សក់ ច័ន្ទកញ្ញារិទ្ធិ អភិបាលរងខណ្ឌ លោក សារឹម វុទ្ធី អធិការរងខណ្ឌសែនសុខ បានចុះរៀបចំ សណ្តាប់ នៅផ្លូវសហព័ន្ធរុស្សីជាពិសេស នៅចំណុចម្តុំផ្សារទឹកថ្លា កាលពីម៉ោង៨ និង ៣០នាទីព្រឹក ថ្ងៃទី២២ខែ វិច្ឆិកា ឆ្នាំ២០១៥ស្ថិតនៅភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
លោកថេង សុថុល អភិបាលរងខណ្ឌបានប្រាប់អោយដឹងថា ដើម្បីចូលរួមប្រកួតប្រជែង និងប្រឡង ប្រណាំងទីក្រុងស្អាត ជាមួយខណ្ឌផ្សេងទៀត នៅក្នុងរាជធានី ភ្នំពេញនោះ ក្រោមការដឹកនាំរស់លោក លី សាវេត អភិបាលនៃគណៈអភិបាលខណ្ឌសែនសុខ បានបើកយុទ្ធនាការចុះរៀប ចំសណ្តាប់ធ្នាប់នៅតាមដង ផ្លូវសាធារណៈ និង តាមគោលដៅនានា ការរៀបចំសណ្តាប់ធ្នាប់ដូចជា ការលក់ដូរតាមដងផ្លូវ នោះ គឺជាអាទិ ភាពមួយទៀតដែលអាជ្ញាធរខណ្ឌយកចិត្តទុកដាក់ហើយចុះធ្វើជាបន្តបន្ទាប់ ។
លោក បានប្រាប់អោយដឹងថា គោលបំណងនៃ ការចុះរៀបចំសណ្តាប់ផ្លូវខាងលើ គឺរក្សាសោភណ្ឌភាពល្អក្នុងរាជធានីភ្នំពេញ និងបានអប់រំ ដល់អ្នកលក់ដូរមិនអោយយកចិញ្ចើមផ្លូវធ្វើអាជីវកម្ម ។
លោកបន្តទៀតថា ក្នុងការចុះរៀបចំសណ្តាប់នេះ សំខាន់ទី១ ថ្ងៃនេះ ព្រះករុណាសម្តេច សីហមុនីយាងទៅកាន់ប្រទេសបារាំង។ ទី២ សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន ក៏វិលត្រឡប់ មកមាតុភូមិវិញដែរ ។ ទី៣ ដើម្បីការពារសន្តិសុខ សណ្តាប់ធ្នាប់ គណៈប្រតិភូប្រទេសរុស្សីដែលអញ្ចើញមកទស្សនកិច្ចក្នុងប្រទេសកម្ពុជា ៕
ដោយ៖ តុង សីហា