ភ្នំពេញ៖នៅតាមមណ្ឌលប្រឡងនីមួយៗ បានដំណើរការដោយភាពស្ងប់ស្ងាត់ និងរបៀបរៀបរយល្អ ដោយមានការយកចិត្តទុកដាក់ និងទំនួលខុសត្រូវខ្ពស់ពីគណៈកម្មការមេប្រយោគគ្រប់លំដាប់ថ្នាក់ មន្ត្រី អ្នកសង្កេតការណ៍ អង្គភាពប្រឆាំងអំពើពុករលួយ សហភាពសហព័ន្ធយុវជនកម្ពុជា និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ។
ហ្វេសប៊ុកផេកផ្លូវការក្រសួងអប់រំ យុវជន និង កីឡា សរសេរថា ជាទូទៅបេក្ខជនបានគោរពបទប្បញ្ញត្តិនៃការប្រឡងបានយ៉ាងល្អ ដោយពុំមាននាំមកជាមួយនៅសំណៅឯកសារ ឬឧបករណ៍ហាមឃាត់ឡើយ និងប្រឹងប្រែងធ្វើកិច្ចការតាមសមត្ថភាពរៀងៗខ្លួន។
ក្នុងដំណើរការសំណេរនាថ្ងៃទី១នេះ មានបេក្ខជនប្រឡងសរុបចំនួន ១១៥ ២៦៨ នាក់ ស្រី ៥៨ ១៥៨ នាក់ អវត្តមានសរុបចំនួន១ ៧៥២នាក់ ស្រី ៧១០នាក់។
បេក្ខជនប្រព្រឹត្តកំហុសឆ្គង មានចំនួន០៤ករណី ក្នុងនោះករណីដកហូតទូរស័ព្ទដៃទាំង ០៣ករណី និងនាំសំណៅឯកសារចូលចំនួន០១ករណី ដោយឡែកមានបេក្ខជនមានបញ្ហាសុខភាពធ្ងន់ធ្ងរចំនួន ៣២ករណី ។
ប៉ុន្តែអាចដំណើរការប្រឡងបន្តទៀតបាន បន្ទាប់ពីទទួលបានការសង្គ្រោះបឋម ករណីបេក្ខជនគ្រោះថ្នាក់ចរាចរណ៍ចំនួន០១ករណី និងមាន ០២ករណី ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ និងពុំអាចត្រឡប់មកបន្តការប្រឡងបាន ។
បុគ្គលិកអប់រំមានកំហុសឆ្គង០១ករណី (ប្រើទូរស័ព្ទ) ត្រូវបានបញ្ឈប់មិនអនុញ្ញាតឲ្យបន្តការងារ។ មានភ្លៀងធ្លាក់ នៅមណ្ឌលមួយចំនួនស្ថិតនៅខេត្តកោះកុង កែប តាកែវ ក្រចេះ រតនគិរី បន្ទាយមានជ័យ និងខេត្តកំពង់ឆ្នាំង ប៉ុន្តែមិនប៉ះពាល់ដល់ដំណើរការសំណេររបស់បេក្ខជនឡើយ៕
ដោយ៖ ចេស្តា