ដំណាំក្រូចពោធិសាត់ ជួយឲ្យអ្នកភូមិស្លរក្រាម រកប្រាក់ចំណូលបានច្រើន ឈានដល់ជីវភាពធូរធារ

ចែករំលែក៖

 ខេត្តបាត់ដំបង៖ ប្រជាពលរដ្ឋជាច្រើនគ្រួសារ រស់នៅក្នុងភូមិស្លរក្រាម ឃុំវត្តតាមិម ស្រុកសង្កែ បានចាប់យករបរដំណាំក្រូចពោធិសាត់ ដោយទទួលបានប្រាក់ចំណូលច្រើន និងជួយអោយជីវភាពគ្រួសារពួកគាត់ កាន់តែធូរធារ។

លោក ហីង ចន្ធូ អាយុ៣២ឆ្នាំ រស់នៅភូមិស្លរក្រាម ឃុំវត្តតាមិម ស្រុកសង្កែ បានអោយដឹងកាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨ ថា ៖គ្រួសារលោក បានចាប់យករបរដាំដំណាំក្រូចពោធិ៍សាត់នេះ អស់រយៈពេលជិត១០ឆ្នាំមកហើយ ដោយទទួលបានជោគជ័យ អាចរកប្រាក់ចំណូលបានច្រើនគួរសម ដោយមិនចំណាក់ស្រុកទៅធ្វើការនៅប្រទេសជិតខាងឡើយ។

លោកបន្តថា៖ កាលពីដើមឡើយ គ្រួសាររបស់លោកធ្វើតែដំណាំស្រូវមួយមុខគត់ ដោយជួបតែបញ្ហាគ្រោះធម្មជាតិ និងមិនសូវបានផលចំណេញ ទើបបង្វែរពីការធ្វើស្រែ បានចាក់ដីលប់ធ្វើជាចំការវិញ នៅលើផ្ទៃដីទំហំកន្លះហិកតា ដុំដុះក្រូចជាង៣០០ដើម។

ក្នុងការដាំវិញ មិនសូវវិបាក ឬជួបឧបស័គ្គអ្វីច្រើននោះទេ គឺគ្រាន់តែមើលថែ ដោយដាក់ទឹក ធ្វើស្មៅ និងបាញ់ថ្នាំការពារសត្វល្អិត ស្រមោច កណ្តៀរ ឬស្រាំងទិចតែប៉ុណ្ណោះ រយះពេលពី៤ទៅ៥ឆ្នាំ គឺចាប់ផ្តើមទទួលផលជាហូរហែ។

ដោយឡែក តម្លៃទីផ្សារវិញ ក្នុងទំហំដីកន្លះហិកតាជាង៣០០ដើម ក្រូចក្នុងមួយរដូវ លោកម៉ៅអោយឈ្មួញក្នុតម្លៃពី២ពាន់ដុល្លារ ទៅ ៣ពាន់ដុល្លារ, បើបេះលក់រាយ ក្នុង១ផ្លោនលក់បានតម្លៃចាប់ពី ៥ម៉ឺនរៀល ចុះមកក្រោម ទៅតាមទំហំផ្លែក្រូចលេខ១ លេខ២ លេខ៣ ទៅតាមនឹងដែរ។ ក្រៅពីការលក់ផ្លែ យើងអាចផ្សាំជាកូនលក់ ក្នុងមួយមែកតម្លៃ៥ពាន់រៀលផងដែរ ដែលលុយបានពីការលក់ដំណាំក្រូចពោធិ៍សាត់មួយនេះ បានជួយអោយគ្រួសាររបស់លោក មានជីវភាពធូរធារច្រើនជាងមុន។

គួបញ្ជាក់ដែរថា យោងតាមរបាយការណ៍មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង បានអោយដឹងថា ការដាំដំណាំក្រូចពោធិ៍សាត់ របស់ប្រជាកសិករនៅទូទាំងខេត្តបាត់ដំបង មាននៅលើផ្ទៃដីទំហំ ១,១៦៩ហិកតា ស្មើរនឹងបរិមាណផ្លែក្រូច ១៤,៩៨៦តោន៕

...

ដោយ៖ សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print