ភ្នំពេញ៖ បុរសម្នាក់បានរងរបួសធ្ងន់ត្រូវរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យភ្លាមៗខណះកំពុងបើករ៉ឺម៉កកង់បីហើយត្រូវរថយន្តបើកបុកពីក្រោយពេញទំហឹងក្រឡាប់ផ្ងាជើង។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២រំលងអាធ្រាតឈានចូលថ្ងៃទី២៤ ខែសីហាឆ្នាំ២០១៨ នៅចំណុចមុខវត្តស្ទឹងមានជ័យ តាមបណ្តោយផ្លូវមុន្នីរ៉េត ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ។
តាមសាក្សីនៅកន្លែងកើតហេតុបានអោយដឹងថា មុនពេលកើតហេតុបុរសម្នាក់បើករ៉ឺម៉កកង់បីធ្វើដំណើរតាមបណ្តោយផ្លូវមុន្នីរ៉េតក្នុងទិសដៅពីកើតទៅលិចខណះមកដល់ចំណុចកើតហេតុស្រាប់តែមានរថយន្តមួយគ្រឿងម៉ាកកាមរីបាឡែន ពណ៍ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ2Y 8597 បើកបរដោយបុរសម្នាក់ស្រវឹងជោគជាំធ្វើដំណើរមកពីក្រោយក្នុងល្បឿនលឿនក៏ជ្រុលបុករ៉ឺម៉កកង់បីពីក្រោយពេញទំហឹងបណ្តាលអោយកង់បីក្រឡាប់ផ្ងាជើងចំណែកម្ចាស់រងបួសធ្ងន់។ ភ្លាមនោះជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យភ្លាមៗ។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ចំណុចកើតហេតុនិងទំនាក់ទំនងទៅជំនាញមកស្ទូចរ៉ឺម៉កកង់បីនិងរថយន្តរួមទាំងនាំម្ចាស់រថយន្តបង្កទៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យរងចាំដោះស្រាយតាមច្បាប់៕សុខាសែនជ័យ