ភ្នំពេញ៖ សមត្ថកិច្ចនគរបាលខណ្ឌជ្រោយចង្វានៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៥ បានបង្ហាញមុខជនសង្ស័យជួញដូរគ្រឿងញៀន៣នាក់ ក្រោយឃាត់ខ្លួនបានបន្តបន្ទាប់កាលពីល្ងាចថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅភូមិចំបក់មាស ស្ថិតក្នុងសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា ។
សមត្ថកិច្ចនគរបាលខណ្ឌបានឲ្យដឹងថា ជនសង្ស័យដែលខាងលើដែលឃាត់ខ្លួន ១.ឈ្មោះមិន ពៅ អាយុ៣២ឆ្នាំ មានទីលំនៅភូមិឈើទាល ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល, ២-ឈ្មោះសេង ហេងលាង អាយុ៣៤ឆ្នាំ ស្នាក់នៅផ្ទះជួលស្ពានទី១៣ ផ្លូវជាតិលេខ៦ ភូមិព្រែកថ្មី ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល និង៣-ឆន ភារ៉ា អាយុ១៧ឆ្នាំ មានលំនៅភូមិព្រែកតាប៉ែន ឃុំព្រែកអញ្ចាញ។
ប្រភពពត៌មានពីសមត្ថកិច្ចនគរបាលខណ្ឌបានឱ្យដឹងថា ដោយមានការស្រាវជ្រាវពីសមត្ថកិច្ចជំនាញ កាលពីម៉ោងជាង៤រសៀល សមត្ថកិច្ចនគរបាលរបស់យើងបានឃាត់ខ្លួនជនសង្ស័យ២នាក់នៅចំណុចសង្កាត់បាក់ខែង ដកហូតបានថ្នាំញៀន១កញ្ចប់ និងម៉ូតូហុងដាឌ្រីមស៊េរី២០០៧ មួយគ្រឿង ស្លាកលេខកណ្តាល១E ៩៤១៥ នាំទៅសាកសួរនៅប៉ុស្តិ៍ ក្រោយពីបានចម្លើយសារភាពរបស់ឈ្មោះសេង ហេងលាង នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅម៉ោងជាង៥ល្ងាច កំលាំងសមត្ថកិច្ចនគរបាលយើងបានសហការជាមួយកំលាំងនគរបាលស្រុកមុខកំពូល បន្តចុះឆែកឆេរលំនៅដ្ឋានជនសង្ស័យខាងលើឈ្មោះឆន ភារ៉ា អាយុ១៧ឆ្នាំ មានលំនៅភូមិព្រែកតាប៉ែន ឃុំព្រែកអញ្ចាញ ដកហូតបានថ្នាំញៀនប្រភេទម៉ាទឹកកក ចំនួន១២កញ្ចប់តូច និងឧបករណ៍សំរាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន។
ក្រោយពេលឃាត់ខ្លួនបានជនសង្ស័យទាំងបីនាក់នេះ សមត្ថកិច្ចបានដកហូតវត្ថុតាងទាំងអស់រួមមានថ្នាំញៀន១៣កញ្ចប់កិបជាប់លុយខ្មែរក្រដាស់១០០រៀល ព្រមទាំងឧបករណ៍មួយចំនួនទៀត។
បច្ចុប្បន្នជនសង្ស័យទាំងបីនាក់កំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វា ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការបន្តតាមនីតិវិធី ៕
ដោយ៖ ជ្រោយពេជ្រ