ខេត្តរតនគិរី៖ យុវជនម្នាក់បានស្លាប់ដោយសារគ្រោះថ្មាក់ចរាចរណ៍រវាងម៉ូតូនិងរថយន្តនៅស្រុកលំផាត់ ។ ករណីរថយន្តបុកម៉ូតូនេះបានកើតឡើងនៅវេលាម៉ោង៦យប់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៥ត្រង់ចំណុចមុខសាលាស្រុកថ្មីតាមបណ្តោយផ្លូវជាតិលេខ៧៦ ស្ថិតនៅភូមិលំផាត់ ឃុំជ័យឧត្តម ស្រុកលំផាត់ ។
បើតាមការបញ្ជក់ពីលោក ចាន់ ណារិទ្ធ នាយប៉ុស្ថិ៍ឃុំជ័យឧត្តមបានឲ្យដឹងថា យុវជនរងគ្រោះមានឈ្មោះចន ភេទប្រុស អាយុ៣២ឆ្នាំជនជាតិខ្មែរមុខរបរកម្មកសំណង មានទីលំនៅខេត្តតាកែវ ជិះម៉ូតូម្នាក់ឯងម៉ាកសងសេរីចាស់ ពណ៍ព្រីងទុំអត់ស្លាកលេខ ចេញពីសាលាស្រុកថ្មីក្នុងទិសដៅពីកើតមកលិចដល់ផ្លូវកៅស៊ូក៏វាក់អើរនឹងរថយន្តកំពុងធ្វើចរាចរណ៍តាមបណ្តោយផ្លូវជាតិក៏បុកចំពីមុខយ៉ាងពេញទំហឹងតែម្តងបណ្តាលឲ្យជនរងគ្រោះបោកក្បាលនឹងផ្លូវជាតិរបួសធ្ងន់បញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យខេត្តតែអកុសលយុវជនម្នាក់នេះក៏បានស្លាប់តែម្តង ។
លោកបន្តថា រថយន្តម៉ាកកូរឡា ពណ៍ស្ករពាក់ស្លាកលេខភ្នំពេញ2B-4294ក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿនត្រង់ចំណុចកើតហេតុខាងលើក៏បុកយ៉ាងពេញទំហឹង ក្រោយមកអ្នកបើកបររថយន្តបានរត់គេចខ្លួនបាត់ស្រមោលបន្សល់ទុករថយន្តនៅកន្លែងកើតហេតុ ។
ក្រោយពីកើតហេតុសមត្ថកិច្ចនគរបាលមូលដ្ឋានមកធ្វើការវាស់វែងយករថយន្តនិងម៉ូតូមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកលំផាត់រងចាំធ្វើការដោះស្រាយពេលក្រោយ ចំណែកសាកសពរងចាំក្រុមគ្រួសាយកទៅធ្វើបុណ្យតាមប្រពៃណី ៕
...
ដោយ៖ អ៊ុចសាវុទ្ធ