ព្រូដិនសល សាទរសមិទ្ធផលនៃការចេញបណ្ណសន្យារ៉ាប់រងជាង ១៥ម៉ឺន បណ្ណ

ចែករំលែក៖

ភ្នំពេញ៖ ក្រុមហ៊ុន ព្រូដិនសលកម្ពុជា បានលក់បណ្ណសន្យារ៉ាប់រងទី ១៥ម៉ឺន របស់ខ្លួន កាលពីពេលថ្មីៗ ដែលនេះគឺជាសមិទ្ធផលដ៏សំខាន់ក្នុងវិស័យធានារ៉ាប់រងអាយុជីវិតនៅកម្ពុជា ហើយឆ្លុះបញ្ចាំងពីទំនុកចិត្តរបស់សាធារណជនចំពោះក្រុមហ៊ុន ក៏ដូចជាផលិតផលរបស់ក្រុមហ៊ុន។

តាំងពីចាប់ផ្តើមប្រតិបត្តិការអាជីវកម្ម ឆ្នាំ២០១៣ មក ក្រុមហ៊ុន ព្រូដិនសលកម្ពុជា តែងបានជំរុញឲ្យប្រជាពលរដ្ឋផ្ដល់សារសំខាន់លើការរៀបចំផែនការសម្រាប់អនាគត។ ដូច្នេះ ការសម្រេចបាននូវសមិទ្ធផលដ៏ត្រចះត្រចង់នេះក្នុងរយៈពេលប្រាំឆ្នាំ បង្ហាញឲ្យឃើញពីកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុនក្នុងការលើកកម្ពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋខ្មែរ អំពីសេវាធានារ៉ាប់រងអាយុជីវិត និងភាពចាំបាច់នៃការធ្វើផែនការហិរញ្ញវត្ថុរយៈពេលវែង។

លោក David Nutman អគ្គនាយកក្រុមហ៊ុន ព្រូដិនសលកម្ពុជា បានថ្លែងអំណរគុណដល់អតិថិជនរបស់ក្រុមហ៊ុន ដែលបានផ្ដល់ទំនុកចិត្តលើក្រុមហ៊ុន ក្នុងការជួយគាំទ្រដល់ពួកគាត់ឆ្ពោះទៅរកគោលដៅហិរញ្ញវត្ថុរបស់ខ្លួន។

យើងពិតជាអរគុណសម្រាប់ការគាំទ្ររបស់លោកអ្នកចំពោះ ក្រុមហ៊ុនព្រូដិនសលកម្ពុជា ដែលជាកត្តាជួយឲ្យយើងឈានមុខគេនៅក្នុងឧស្សាហកម្មធានារ៉ាប់រងអាយុជីវិតនៅកម្ពុជា។ ដោយមានទំនុកចិត្ត និងការជឿជាក់ពីអ្នកទាំងអស់គ្នានេះហើយ ទើបធ្វើឲ្យយើងអាចសម្រេចបាននូវសមិទ្ធផលនៃការចេញបណ្ណសន្យារ៉ាប់រងចំនួន ១៥ម៉ឺន បណ្ណ ចាប់តាំងពីឆ្នាំ ២០១៣។ នេះជាកំណើនយ៉ាងច្រើន បើធៀបនឹងពេលដដែលនេះកាលពីឆ្នាំមុន ដែលយើងចេញបណ្ណសន្យារ៉ាប់រងបានចំនួន ១០ម៉ឺន បណ្ណ ។ សមិទ្ធផលនេះ ពុំអាចសម្រេចបានឡើយ ប្រសិនបើគ្មានការខិតខំព្យាយាម និងការលះបង់ពីសំណាក់បុគ្គលិក ទីភ្នាក់ងារ និងធនាគារដៃគូរបស់យើងទូទាំងប្រទេសកម្ពុជា។ យើងនៅតែប្តេជ្ញាក្នុងការផ្តល់ជូននូវផលិតផលធានារ៉ាប់រងជីវិតលំដាប់ពិភពលោក ដែលត្រូវបានបង្កើតឡើងឲ្យស្របតាមតម្រូវការជាក់ស្ដែងរបស់ប្រជាពលរដ្ឋខ្មែរ ព្រមទាំងជួយជំរុញកំណើនសេដ្ឋកិច្ចរយៈពេលវែងរបស់កម្ពុជាផងដែរ។

ក្នុងរយៈកាល ៥ ឆ្នាំកន្លងមកនេះ ក្រុមហ៊ុនព្រូដិនសលកម្ពុជា បានផ្តល់សំណងចំនួនជាង ២.៤ លានដុល្លារអាមេរិក ដល់អតិថិជន ដែលបានប្រើប្រាស់ផលិតផលគ្រប់ប្រភេទរបស់ខ្លួន ដែលផលិតផលទាំងនោះត្រូវបានបង្កើតឡើង ដើម្បីឲ្យស្របទៅតាមតម្រូវការនៃការការពារសម្រាប់ក្រុមគ្រួសាររបស់ប្រជាពលរដ្ឋខ្មែរ។  នៅចន្លោះខែកក្កដាឆ្នាំ ២០១៧ និងខែកក្កដាឆ្នាំ ២០១៨ ក្រុមហ៊ុនព្រូដិនសលកម្ពុជា បានស្វាគមន៍ម្ចាស់បណ្ណសន្យារ៉ាប់រងថ្មីចំនួន ៥០.០០០ នាក់ ដែលពេញចិត្តនឹងគុណតម្លៃ កេរ្តិ៍ឈ្មោះ និងសេវាកម្ម របស់ក្រុមហ៊ុនព្រូដិនសលកម្ពុជា៕ ដោ​យ វឌ្ឍនា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print