អាមេរិកប្រកាសតភ្ជាប់សមយុទ្ធឡើងវិញជាមួយកូរ៉េខាងត្បូង

ចែករំលែក៖

ទំនាក់ទំនង់រវាងអាមេរិក កូរ៉េខាងជើង អាចនឹងវិលត្រឡប់ទៅកាន់ភាពតានតឹងជាថ្មីឡើងវិញ ហើយកាន់តែតានតឹងខ្លាំងឡើង ដោយសារតែអាមេរិក បន្តសកម្មភាពធ្វើសមយុទ្ធរួមជាមួយកូរ៉េខាងត្បូង ជាសកម្មភាពកូរ៉េខាងជើងចាត់ទុកថាត្រៀមឈ្លានពានទីក្រុងព្យុងយ៉ាង។

រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក លោក James Mattis កាលពីថ្ងៃទី២៩ ខែសីហា បានប្រកាសថា កម្លាំងទាហានអាមេរិកមិនមានគម្រោងផ្អាកសមយុទ្ធជាមួយកូរ៉េខាងត្បូង បន្ថែមទៀតឡើយ។

លោកបន្តទៀតថា «យើងបានអនុវត្តទៅតាមអ្វីដែលបានព្រមព្រៀង ក្នុងនោះមានការផ្អាកសមយុទ្ធ ក្រោយជំនួបកំពូលនៅសិង្ហបុរី។ប៉ុន្តែមកទល់ពេលនេះ យើងមិនអាចបន្តផ្អាកទៀតឡើយ ពេលភាគីម្ខាងទៀត មិនមានភាពរីកចម្រើននៅក្នុងការអនុវត្តតាមសេចក្តីប្រកាសរួម»។ ក៏ប៉ុន្តែក្រសួងការពារជាតិអាមេរិកមិនទាន់ប្រកាសឲ្យដឹងពីពេលវេលា ដែលត្រូវបន្តធ្វើសមយុទ្ធនោះឡើយនៅឆ្នាំ២០១៩។

លោក James Mattis បានបញ្ជាក់ថា កន្លងមកអាមេរិកបានផ្អាកការធ្វើសមយុទ្ធយោធារបស់ខ្លួននៅលើឧបទ្វីបកូរ៉េ ជាវិធានការប្រកបដោយ «ទំនុកចិត្តល្អ» បន្ទាប់ពីកិច្ចប្រជុំកំពូលរវាងលោកប្រធានាធិបតី ដូណាល់ ត្រាំ និងមេដឹកនាំកូរ៉េខាងជើង លោក គឹម ជុនអ៊ុន។

លោកបន្តទៀតថា រយៈពេលកន្លងមក មិនមានសមយុទ្ធណាមួយជាមួយនឹងកងកម្លាំងសម្ពន្ធមិត្តនៅក្នុងតំបន់ ដែលធ្វើឲ្យរដ្ឋាភិបាលទីក្រុង Pyongyang មានការខឹងសម្បារ ។

លោក Mattisបន្ថែមថា «យើងកំពុងសម្លឹងមើលពីដំណើរការនូវអ្វីដែលយើងបានចរចាគ្នា ហើយបន្ទាប់មក យើងនឹងគណនាពេលអនាគតពីរបៀបដែលយើងត្រូវអនុវត្តឆ្ពោះទៅមុខ»។

លោក Mattis បានជំទាស់នៅពេលដែលត្រូវបានគេសួរថា ប្រសិនបើសមយុទ្ធចាប់ផ្តើមឡើងវិញ តើអាចត្រូវបានគេចាត់ទុកថា ជាការបង្កហេតុដែរឬទេ?

កាលពីខែមិថុនា បន្ទាប់ពីលោក ត្រាំ បានជួបជាមួយលោក គីម នៅសិង្ហបុរី, អាមេរិក បានលើកឡើងថា ខ្លួននឹងផ្អាកការធ្វើសមយុទ្ធមួយចំនួន ជាមួយនឹងកូរ៉េខាងត្បូង ក្នុងនោះរួមទាំងសមយុទ្ធខ្នាតធំ Ulchi Freedom Guardian ដែលគ្រោងធ្វើឡើង នៅខែសីហានេះផងដែរ។

កងកម្លាំងអាមេរិក និងកូរ៉េខាងត្បូង បានហ្វឹកហាត់រួមគ្នាអស់រយៈពេលជាច្រើនឆ្នាំមកហើយ ដែលបានធ្វើឲ្យមានការខឹងសម្បារយ៉ាងខ្លាំងពីសំណាក់កូរ៉េខាងជើង៕ ម៉ែវ សាធី


ចែករំលែក៖
ពាណិជ្ជកម្ម៖ Naza Wedding Planner ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print