ភ្នំពេញ៖ ក្រុមហ៊ុនចិនអត់ច្បាប់ដ៏ធំមួយឈ្មោះ ឌីជីថល អ៊ិនធឺណេសិនណល អ៊ែសេត ត្រេឌីង សេនធឺ
(BTKTrade Digital International Assets Trading Center) មានអាសយដ្ឋានអគារលេខ៤៨ ផ្លូវលេខ៨៤ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ត្រូវបានគណៈកម្មការចម្រុះ សម្រេចបិទអាជីវកម្មទាំងស្រុងដើម្បីបញ្ជៀសហានិភ័យប្រជាពលរដ្ឋចាញ់បោកអស់លុយកាក់ដោយមិនដឹងខ្លួន។
នៅថ្ងៃទី២៤ ខែសីហា មានសមាសភាពចូលរួមពីក្រុមការ
ងារធនាគារជាតិនៃកម្ពុជា គណៈកម្មការមូលបត្រកម្ពុជា និង កម្លាំងនគរបាល នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានសហការធ្វើការត្រួតពិនិត្យកិច្ចការការងាររដ្ឋបាល ដោយយោងតាមសេចក្ដីថ្លែងការណ៍រួម ចុះថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៨ រវាងធនាគារជាតិនៃកម្ពុជា គណៈកម្មការមូលបត្រកម្ពុជា និងអគ្គស្នងការដ្ឋាននគរបាលជាតិ ស្តីពីការជួញដូរ លក់ដូរ និងគៀងគរប្រជាពលរដ្ឋដាក់ប្រាក់វិនិយោគដោយគ្មានច្បាប់អនុញ្ញាត ។
ក្រុមការងារបានចុះពិនិត្យនៅទីតាំងល្មើសផ្ទាល់ ជួបតំណាងក្រុមហ៊ុន ឈ្មោះ Ding Nan (Anna) ភេទស្រី ជនជាតិចិន ជាប្រធានរដ្ឋបាល និង ឈ្មោះ Liu Xu ភេទប្រុស ជនជាតិចិន ជាបុគ្គលិករដ្ឋបាល និង ឈ្មោះ ហ៊ី សុងឆាយ ជនជាតិខ្មែរ ជាអ្នកបកប្រែខ្មែរចិន និងបានពិនិត្យឃើញ កំព្យូទ័រចំនួន ២៩៨គ្រឿងដែលជាឧបករណ៍ដើម្បីប្រព្រឹត្តអាជីវកម្ម ។
តំណាងអគ្គស្នងការដ្ឋាននគរបាលជាតិ លោឧត្តមសេនីយ៍ទោ មៀច សុរិទ្ធិការ្យ ដាវីត បញ្ជាក់ថា ការ ប្រមែប្រមូលប្រាក់ពីប្រជាពលរដ្ឋដើម្បីវិនិយោគតាមប្រព័ន្ធblockchain និង កាតអេលិចត្រូនិកវាមានហានិភ័យខ្ពស់ដោយសារការយល់ដឹងរបស់ប្រជាពលរដ្ឋទៅលើបច្ចេកវិទ្យាថ្មីនេះ នៅមានកម្រិតហើយប្រជាពលរដ្ឋងាយទទួលការអូសទាញ ចាញ់បោកដោយសារក្រុមហ៊ុនប្រមូលលុយកាក់មិនមានច្បាប់ទាល់តែ សោះ ហើយក៏មិនមានប្រាក់តម្កល់
ជាទំនុកចិត្តសម្រាប់អ្នកវិនិយោគទេ ។ បើថៅកែវេចលុយរបស់អ្នកវិនិយោគរត់បាត់ តើនរណាទទួលខុសត្រូវ? ក្រោយបញ្ចប់ការត្រួតពិនិត្យ ក្រុមការងារ បានណែនាំទៅក្រុមហ៊ុនចំនួន៤ចំណុច ៖
ទី១៖ ផ្អាកអាជីវកម្មទាំងស្រុង រហូតដល់មានការអនុញ្ញាតអាជ្ញាប័ណ្ណស្របតាមច្បាប់ ។
ទី២៖ ត្រូវបញ្ឈប់សកម្មភាពផ្សព្វផ្សាយ ជួញដូរ គៀងគរអតិថិជន និង ប្រមូលប្រាក់គ្រប់រូបភាព ។
ទី៣៖ត្រូវរុះរើផ្លាកអាជីវកម្មចេញជៀសវាងការយល់ច្រឡំ។
ទី៤៖ ទៅសុំច្បាប់ អាជីវកម្ម និង អាជ្ញាប័ណ្ណអោយត្រឹមត្រូវ។
នៅថ្ងៃទី ២៩ ខែសីហា ក្រុមការងារបានចុះទៅទីតាំងដដែលដើម្បីត្រួតពិនិត្យលើការអនុវត្តតាមសេចក្តី ណែនាំ និងឃើញថាក្រុមហ៊ុនពិតជាទម្លាក់ស្លាកហើយបានធ្វើកិច្ចសន្យាបញ្ឈប់អាជីវកម្មទាន់មានច្បាប់មួយនេះទាំងស្រុង។
ក្រុមការងារសូមបញ្ជាក់ជូនសាធារណជនដើម្បីជ្រាបថា បច្ចុប្បន្ន ការគៀងគរអតិថិជន ការផ្សព្វផ្សាយការជួញដូរ ក្នុងរូបភាពណាក៏ដោយដើម្បីប្រមូកប្រាក់ដើម្បីវិនិយោគ លើវិស័យកាសអេលិចត្រូនិក (cryptocurrency ឬ digital assets) គឺជាទង្វើមិនស្របនឹងច្បាប់នៃព្រះរាជជាណាចក្យកម្ពុជាឡើយ៕
ខេមរា
ដោយ៖ សុខ ខេមរា