បុរសម្នាក់ជិះម៉ូតូល្បឿនលឿនចាប់ហ្វ្រាំងបណ្ដាលឲ្យដួលត្រូវរថយន្តកិនស្លាប់

ចែករំលែក៖

កណ្ដាលៈ បុរសម្នាក់ស្លាប់ក្នុងថ្លុកឈាមយ៉ាងអណោចអធ័ម ខណៈជិះម៉ូតូដោយល្បឿនលឿន រួចចាប់ហ្វ្រាំងបណ្ដាលឲ្យដួលត្រូវរថយន្តមួយគ្រឿងទៀតបើកដោយល្បឿនលឿនបានកិន នៅវេលាម៉ោង១១និង៣០នាទី ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨ ចំណុចផ្លូវលំបំបែកជាបួន​ (ផ្លូវរទេះភ្លើងចាស់)  ស្ថិតនៅភូមិត្រពាំងទួល​ ឃុំសំរោងលើ ស្រុកអង្គស្នួល    ខេត្តកណ្ដាល ។

មន្ត្រីនគរបាលចរាចរណ៍ស្រុកអង្គស្នួលបានឲ្យដឹងថា ជនរងគ្រោះស្លាប់បាត់បង់ជីវិតឈ្មោះ វុិត​ ផល ភេទប្រុស​ អាយុ៥១ឆ្នាំ ជនជាតិខ្មែរ​ ទីលំនៅភូមិ ត្រពាំងក្រឡាញ់ ឃុំសំរោងលើ​ ស្រុកអង្គស្នួល ខេត្តកណ្ដាល​ ជិះម៉ូតូម៉ាកហុងដាឌ្រីម ធុនសេ១២៥​ ពណ៍ខ្មៅ​ ពាក់ស្លាក​លេខ​ កណ្ដាល​  1J-0545  ។ ចំណែករថយន្តម៉ាក​ហុីយ៉ាន់ដាយ​ ពណ៍ស​ ធុនធំ ប្រភេទរថយន្តបែន ពាក់ស្លាកលេខភ្នំពេញ​ 3C-0056
អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ​ (រត់គេចខ្លួនបាត់)​ ។

ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុ សាក្សីបានឃើញរថយន្តខាងលើបើកដោយល្បឿនលឿន លុះមកដល់ចំណុចកើតហេតុ ត្រង់ផ្លូវបំបែកជាបួន ក៏មានម៉ូតូមួយគ្រឿងទៀតជិះដោយជនរងគ្រោះខាងលើ ធ្វើដំណើរដោយល្បឿនលឿន អកហ្ស៊័រជាមួយនឹងរថយន្ត ក៏ចាប់ហ្រ្វាំង បណ្ដាលឲ្យដួលឃ្ទាតចូលទៅក្រោមកង់រថយន្តផ្នែកខាងមុខ ត្រូវរថយន្តកិនស្លាប់ភ្លាមៗតែម្ដង ។ ចំណែកឯអ្នកបើកបររថយន្តបានទុករថយន្តរបស់ខ្លួនចោល រួចរត់គេចខ្លួនបាត់ស្រមោល ។

ក្រោយពីមានហេតុការណ៍កើតឡើង សមត្ថកិច្ចជំនាញបានចុះធ្វើការពិនិត្យ វាស់វែងកន្លែងកើតហេតុ រួចកសាងឯកសារដកហូតយកមធ្យោបាយពាក់ព័ន្ធទាំង២គ្រឿងយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។ ចំពោះសាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចជំនាញប្រគល់ទៅឲ្យក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ។

តាមការសន្និដ្ឋានរបស់សមត្ថកិច្ចជំនាញបានឲ្យដឹងថា ករណីនេះបណ្តាលមកពីអ្នកបើកបរ​រថយន្ត​ បើកក្នុងល្បឿនលឿន​នៅផ្លូវបំបែក​ ខ្វះការប្រុងប្រយ័ត្ន​ ។ចំណែកម៉ូតូបើកក្នុងល្បឿនលឿន ​ ខ្វះការប្រុងប្រយ័ត្ន  មិនមើលអំពីស្ថានភាពផ្លូវ ៕ស្អាងជ័យ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print