ភ្នំពេញ៖នាព្រឹកថ្ងៃសុក្រ៥រោចខែស្រាពណ៌ឆ្នាំចសំរឹទ្ធិស័កព.ស.២៥៦២ត្រូវថ្ងៃទី៣១ខែសីហាឆ្នាំ២០១៨លោកនុតពុធដារ៉ាអភិបាលខណ្ឌដង្កោបានធ្វើពិធីបើកការដ្ឋានស្ថាបនាផ្លូវបេតុង០១ខ្សែប្រវែង១៨៦ម៉ែត្រទទឹង៨ម៉ែត្រនិងដាក់បំពង់លូមូលរំដោះទឹក០១ខ្សែប្រវែង២៨០ម៉ែត្រមុខកាត់០,៦ម៉ែត្រស្ថិតក្នុងភូមិសំបួរសង្កាត់ដង្កោ។
ក្នុងឱកាសនោះលោកអភិបាលខណ្ឌបានផ្តាំផ្ញើរការសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោនិងសម្តេចកិត្តិព្រឹទ្ធិបណ្ឌិតជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ព្រមទាំងធ្វើការថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាឲ្យទទួលបានជ័យជម្នះភ្លូកទឹកភ្លូកដីក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ឆ្នាំ២០១៨ដើម្បីបន្តជូនសម្តេចតេជោហ៊ុនសែនធ្វើជានាយករដ្ឋមន្ត្រីបន្តថែរក្សាសុខសន្តិភាពនិងអភិវឌ្ឍន៍ប្រទេសជាតិឲ្យបានរីកចម្រើនបន្ថែមទៀត។
លោកអភិបាលបានប្តេជ្ញាអនុវត្តដោះស្រាយបញ្ហានានាដែលបានសន្យាជាមួយប្រជាពលរដ្ឋមុនបោះឆ្នោតឲ្យបានជោគជ័យហើយផ្លូវបេតុងថ្មីនិងប្រព័ន្ធលូរំដោះទឹកដែលបើកការដ្ឋានស្ថាបនានៅពេលនេះគឺដើម្បីឆ្លើយតបនឹងតម្រូវការរបស់បងប្អូនប្រជាពលរដ្ឋក្នុងភូមិសំបួរព្រមទាំងជួយសម្រួលដល់ការធ្វើដំណើរបញ្ជៀសការលិចលង់នៅរដូវវស្សានិងបង្កើនសោភណ្ឌភាពនៃការរស់នៅផងដែរ។
ជាមួយគ្នាលោកនុតពុធដារ៉ាក៏បានផ្តាំផ្ញើរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ចូលរួមសហការក្នុងការស្ថាបនាឲ្យបានឆាប់រួចរាល់និងចូលរួមថែរក្សាដើម្បីប្រើប្រាស់បានយូរអង្វែង។
បងប្អូនប្រជាពលរដ្ឋក្នុងភូមិសំបួរ បានធ្វើការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ អជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលបានគិតគូរដល់ការលំបាករបស់ពួកគាត់ និងជួយសម្រួលដល់ការរស់នៅប្រចាំថ្ងៃផងដែរ៕
ដោយ៖ ជីម ភារ៉ា