ដួង ម៉ានិច ក្នុងរឿងថ្មីលេងជាមួយប្រុសរាប់ភ្លេច

ចែករំលែក៖

ភ្នំពេញ៖ តារាស្រីចិត្តស្លុយ ដួង ម៉ានិច ធ្វើឲ្យទស្សនិកជនទស្សនាឈុតឆាកខ្លីៗរបស់ភាពយន្តភាគរឿង “ភ្លើង” ស្ទើដកដង្ហើមមិនដល់គ្នាព្រោះតែមានឈុតឆាកឱបរិតជាមួយតួប្រុសក្មេងចាស់រាប់ភ្លេច។ ភាពយន្តនេះកំពុងតែទាក់ទាញខ្លាំងពីទស្សនិកជន ក្រោយពីគុណភាពនៃការផលិតភាពយន្តភាគខ្មែរមួយនេះស្ថិតនៅក្នុងចំណោមភាពយន្តភាគដែលគេកោតសរសើរខ្លាំងមុនពេលចាក់បញ្ចាំងនោះ។

ភាពយន្តភាគរឿង”ភ្លើង”ដែលតារាសម្តែងដួង ម៉ានិច សម្តែងជាតួឯកនេះគឺជាការផលិតរបស់ផលិតកម្មសាស្ត្រាភាពយន្ត។ ក្នុងឈុតខ្លីៗរបស់សាច់រឿងប្រមាណជិត២នាទីបាននិយាយអំពីជិវិតរបស់នារីជាសិល្បករផ្នែករបាំម្នាក់ដែលរងការធ្វើបាបលើរូបរាងកាយទាំងពី បុរស និងនារី។ ក្រៅពីឈុតឆាកឈ្នានីសភាពយន្តនេះក៏បានបង្ហាញពីឈុតឆាកស្នេហារោលរាលរបស់ដួងម៉ានិច ជាមួយបុរសជាច្រើនគឺចាប់តាំងពីក្មេងរហូតដល់ចាស់។

ដួង ម៉ានិច នៅមិនទាន់អាចស្វែងរកការបញ្ជាក់បាននៅឡើយទេ ប៉ុន្តែបើយោងតាមប្រភពពីអ្នកសិល្បៈដែលបានចូលរួមសម្តែងក្នុងភាពយន្តនេះបានបញ្ជាក់ថា រឿងភាគថ្មីនេះគឺបានសម្រិតសម្រាំងក្នុងការផលិតខ្លាំងដើម្បីប្រាកដថាជាភាពយន្តផាគដែលមានគុណភាព និងបញ្ចូលទាំងឈុតឆាកស្នេហា កម្សត់ និងច្រណែនឈ្នានីសកាច់កុងគ្នាខ្លាំង។ ប្រភពលើកឡើងដែរថា ភាពយន្តនេះបានផលិតអស់ជាច្រើនខែ ដែលប្រមូលផ្តុំដោយតារាប្រុសស្រីល្បីឈ្មោះជាច្រើនបូករួមទាំងតារាជើងចាស់ប្រុសៗជាច្រើនដើម្បីសម្តែងឈុតឆាកស្នេហាជាមួយតារាស្រី ដួង ម៉ានិចដូចជា លោក ទេព រិនដារ៉ូ លោក សុខ សំណាង លោក លឹម តិចម៉ុង រួមទាំងតារាបរទេស និងតារាប្រុសFreshie Boy ជាច្រើនរូបដូចជាលោក កែវ បូរ៉ា លោក ប៉ែន ចាន់សិតនិងតារាស្រីបាត់មុខជាច្រើនឆ្នាំអ្នកនាងឡាយ លក្ខិណាជាដើម។ ភាពយន្តនេះនឹងត្រូវចាក់បញ្ចាំងលើកញ្ចក់ទូរទស្សន៍បាយ័នក្នុងពេលឆាប់ខាងមុខនេះ។

ភាពយន្តនេះក៏នឹងក្លាយជាភាពយន្តភាគថ្មីមួយរបស់ទូរទស្សន៍បាយ័នដែលគេរំពឹងថាកំពុងប្រកួតប្រជែងភាពយន្តភាគក្នុងស្រុករបស់ទូរទស្សន៍មួយចំនួនទៀតដូចជាភាពយន្តភាគខ្មែររបស់ទូរទស្សន៍ PNN និងទូរទស្សន៍ហង្សមាសជាដើម៕  ដោយ វឌ្ឍនា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print