ម្ចាស់អាជីវកម្មលេចធ្លោរ ៧ទទួលបានពានសហគ្រិនឆ្នើម

ចែករំលែក៖

ភ្នំពេញ ៖សហគ្រិនឆ្នើម និងជាអ្នកគ្រប់គ្រងមុខរបរលេចធ្លោចំនួន ៧ ក្នុងចំណោម ៥០ នៅជុំវិញប្រទេសកម្ពុជាត្រូវបានប្រកាសទទួលពានរង្វាន់ជាផ្លូវការក្នុងកម្មវិធីគម្រោង “ផ្លូវទៅស្រុកវគ្គ២” (RoadHome2) ដែលផ្ដោតលើប្រធានបទសហគ្រិនភាព និងមានឈ្មោះថា “របរគេរបរយើង” ។ ការប្រកាសប្រគល់ពានរង្វាន់ជាផ្លូវការ បានធ្វើឡើង កាលពីព្រឹកថ្ងៃទី ០១ ខែ កញ្ញា ឆ្នាំ ២០១៨ ក្នុង “ពិព័រណ៍អាជីវកម្មខ្នាតតូច និងមធ្យម” លើកដំបូង នៅកោះពេជ្រ។

កម្មវិធីនេះ មានការអញ្ជើញចូលរួមជាសាក្សី និងអធិបតីភាពពីលោក ហេង សុខគង់ រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម និងសិប្បកម្ម និងតំណាងម្ចាស់ឧបត្ថម្ភធំជាច្រើន។

ក្រោយដំណើរការអស់រយៈពេលជាង ៥ ខែ គម្រោង “ផ្លូវទៅស្រុកវគ្គ២” (Road Home2) បានរកឃើញសហគ្រិនកម្ពុជា ដែលពុះពារបង្កើត ពង្រឹងមុខរបរក្នុងស្រុកដោយខ្លួនឯង និងសក្ដិសមក្នុងការទទួលពានរង្វាន់ចំនួន ៧ រូប ហើយ។ សហគ្រិនទាំងនោះ រួមមានទី១ អ្នកស្រី សូ សម្បត្តិ ម្ចាស់សិប្បកម្មកំប្លោកភ្នំក្រោម ខេត្តសៀមរាប ។ទី២ លោក ឈឹម ប៊ុនហេន ម្ចាស់មុខរបរអ្នកបើកទូកដឹកភ្ញៀវទេសចរ ខេត្តស្ទឹងត្រែង ។ទី៣ លោក គឹម ចាន់ សិប្បកម្មឆ្នាំងចាក់ ខេត្តកំពង់ចាម ។ទី៤ លោក ថៃ វ៉ាន់ថា អាជីវកម្មហាងថតរូប @home Photography ភ្នំពេញ ។ទី៥ លោកស្រី លឹម លីម៉ា ម្ចាស់ក្រុមហ៊ុន LM Lima Angkor Food ខេត្តសៀមរាប ។ទី៦ លោក ចាន់ សេងគង់ សិប្បកម្មផលិតឥដ្ឋការ៉ូខ្មែរ ខេត្តសៀមរាប និងទី៧ អ្នកស្រី ដាំ មុំ ម្ចាស់សិប្បកម្មតម្បាញសូត្រ ខេត្តបន្ទាយមានជ័យ។

លោក វ៉េង រចនា អ្នកគ្រប់គ្រងផ្នែកទំនាក់ទំនងសាធារណៈ ប្រចាំក្រុមហ៊ុន Sabay Digital Plus បានលើកឡើងថា៖ “ពាក្យសហគ្រិន មិនមែនជាពាក្យថ្មីឡើយសម្រាប់ប្រទេស កម្ពុជា។ យើងមានសហគ្រិនជាច្រើន ហើយពួកគាត់ទាំងអស់ បានរួមចំណែកយ៉ាងខ្លាំងទៅលើការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ប្រទេសជាតិយើងកន្លងមក”។  លោកបានលើកភស្តុតាងខ្លះៗតាមរបាយការណ៍របស់ អង្គការសហគ្រិនភាពពិភពលោក ឬ Global Enterprises ថា តំបន់អាស៊ី ជាកន្លែងដែលមានសហគ្រិន កើនឡើងគួរឲ្យកត់សម្គាល់។ ក្នុងនោះមានការប៉ាន់ប្រមាណថា នៅកម្ពុជាមានសហគ្រិន ប្រហែល ៥០ម៉ឺន នាក់ជាង ខណៈរបាយការណ៍ World Bank បាននិយាយដែរថា កម្ពុជាជាប្រទេសមួយដែលមានអត្រាអ្នកអត់ការងារធ្វើតិចបំផុតនៅលើពិភពលោក ពោលគឺមានត្រឹមតែ ០.២% ប៉ុណ្ណោះ គិតត្រឹមឆ្នាំ ២០១៧។  

លោកយល់ថាអត្រាដ៏ទាបនេះ បានមកពីការចូលរួមរបស់សហគ្រិនខ្មែរសព្វថ្ងៃ ដូច្នេះហើយទើប Sabay បានជ្រើសយកប្រធានបទពី សហគ្រិនភាព សម្រាប់បន្តដំណើរគម្រោង “ផ្លូវទៅស្រុកវគ្គ២” (RoadHome2) ។  លោកថា គម្រោង “ផ្លូវទៅស្រុកវគ្គ២” បានផ្សព្វផ្សាយពីអាជីវកម្មរបស់សហគ្រិនខ្មែរចំនួន ៥០ រូប តាមរយៈការចេញផ្សាយជាអត្ថបទលើគេហទំព័រឈានមុនគេនៅកម្ពុជា បូករួមជាមួយវីដេអូ ដែលទទួលបានការគាំទ្រខ្លាំង។ វីដេអូខ្លះ មានអ្នកចូលទស្សនាជាង៦០ម៉ឺនដង ឯអត្ថបទវិញមិនតិចជាង ១២ ម៉ឺនដងឡើយ ហើយចំនួននេះគឺកើនឡើងជារៀងរាល់ថ្ងៃបន្ថែមទៀត។

គួរបញ្ជាក់ដែរថាគម្រោង “ផ្លូវទៅស្រុកវគ្គ២” (RoadHome2) បានចាប់ផ្ដើមពីខែ តុលា ឆ្នាំ ២០១៧ ដល់ខែ មីនា ឆ្នាំ ២០១៨។ ក្នុងខេត្តនីមួយៗ ក្រុមការងារបានចម្រាញ់យក មុខរបរចំនួន ០២ ជារបរមានលក្ខណៈពិសេស និងច្នៃប្រឌិតជាងគេ៕ ដោយ វឌ្ឍនា

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print