ខ្សឹបដាក់ត្រចៀក ៖ លោកលឹម សុក្រឹត ដើរបង្គាប់​យកប្រាក់​ពី​ម្ចាស់បទល្មើសនេសាទ

ចែករំលែក៖

គេរាយការណ៍ថា លោកលឹម សុក្រឹត នាយសង្កាត់រដ្ឋបាលជលផលកណ្តៀង និងសហការី តែងតែចុះ​ទៅឃ្លាំមើលបទល្មើសនេសាទ ហើយលើកដំបូង លោកបង្គាប់ឲ្យម្ចាស់បទល្មើសនេសាទបង់ប្រាក់ បើមិនត្រូវថ្លៃគ្នាទេ លោកនឹងត្រូវ​បង្ក្រាប​តែម្តង ។ ជាក់ស្តែង កាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៨ នៅ​ចំណុច​សហគមន៍នេសាទស្រីចឹក ស្ថិតក្នុង​ភូមិសាស្ត្រឃុំកោះក្អែក និង​ព្រែកត្របែក ស្ថិតក្នុងឃុំរាំងទិល និងឃុំកញ្ជ ស្រុកកណ្តៀង លោកបានដឹកនាំកម្លាំងទៅបង្ក្រាប​បទល្មើសនេសាទ «ប» ព្រោះតែម្ចាស់ «ប» មិនព្រមបង់ប្រាក់តាមការស្នើសុំ និងការកំណត់របស់លោក៨លានរៀល ។

ប្រភពបានឲ្យដឹងថា បទល្មើសនេសាទច្រើនគគោកស្ថិតនៅក្នុងភូមិសាស្ត្រស្រុកកណ្តៀត សុទ្ធតែត្រូវបង់ប្រាក់ឲ្យលោក លឹម សុក្រឹត ។ ជាក់ស្តែងការបង្ក្រាបបទល្មើស«ប» ខាងលើ គឺ​ក្រុមការងាររបស់លោកលឹម សុក្រឹត កាលពីថ្ងៃទី៧ ខែសីហា បានចុះទៅពិនិត្យឃើញ​បទល្មើស ហើយក៏បានកោះហៅម្ចាស់«ប» មកទារប្រាក់ ។ ការចរចារហូតដល់ថ្ងៃទី២៩ ខែសីហា ក្រុមលោកលឹម សុក្រឹត កំណត់ឲ្យបង់ប្រាក់៨លានរៀល ប៉ុន្តែ​ភាគីខាងអ្នកនេសាទល្មើស​ ស្នើសុំបង់ត្រឹម៧លានរៀល ដោយកំណត់បង់នៅថ្ងៃទី៣ ខែកញ្ញា ។ ការមិនត្រូវថ្លៃគ្នានេះ ទើបធ្វើឲ្យលោកលឹម សុក្រឹត ក្តៅក្រហាយដឹកនាំកម្លាំង​បំផ្លាញ«ប»​ចម្ងាយ៤គីឡូម៉ែត្រ ។ «ប» ដែលនៅសេសសល់ លោកបានបញ្ជាឲ្យម្ចាស់​កម្ទេចដោយខ្លួនឯង ។ ប្រសិនបើមិនព្រមកម្ទេច ត្រូវចាប់ម្ចាស់«ប» បញ្ជូនឡើងតុលាការ ។

ប្រភពពីអ្នកនេសាទនៅស្រុកកណ្តៀង ខេត្តពោធិ៍សាត់​បានឲ្យដឹងថា តាំងពីលោកលឹម សុក្រឹត តែងតាំងជានាយសង្កាត់រដ្ឋបាលជល​ផល​កណ្តៀង គឺលោកមិនដែលបានបង្ក្រាបបទល្មើសដោយសុច្ចរិតម្តងណាឡើយ ។ ក្រុមអ្នកនេសាទដែលមិនបង់ប្រាក់ឲ្យលោកគឺជា​មុខសញ្ញាដែលត្រូវបង្ក្រាបមុនគេ ។ នៅពេលដែលមានការបង្ក្រាបមួយកន្លែងហើយនោះ អ្នកនេសាទល្មើសដទៃទៀតមុខជារត់ទៅរក​លោកលឹម សុក្រឹត ដោយ​ស្វ័យប្រវត្តិ ។ បទល្មើសនេសាទច្រើនគគោកគឺជាប្រភពចំណូលដ៏សំខាន់របស់លោកលឹម សុក្រឹត ។ កម្លាំងរបស់​លោកលឹម សុក្រឹត បាន​ល្បាតគ្រប់ទីកន្លែង ប៉ុន្តែមិនមែនដើម្បីបង្ក្រាបនោះទេ ផ្ទុយទៅវិញគឺ​ដើម្បីឲ្យអ្នកនេសាទល្មើសច្បាប់​បង់ប្រាក់ឲ្យពួកខ្លួនតែប៉ុណ្ណោះ ។ គេរំពឹងថា ថ្នាក់ដឹកនាំក្រសួងកសិកម្ម នឹងពិនិត្យមើលករណីមន្ត្រី​ពុករលួយ តួយ៉ាងដូចលោកលឹម សុក្រឹតនេះផង ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print