អូស្ត្រាលី៖ បាត់មុខមួយរយៈពេលជាងមួយឆ្នាំមកហើយដែលគេខកខានបានឃើញវត្តមានតារាចម្រៀង យ៉ាន លីដា បង្ហាញមុខលើបណ្តាញទំនាក់ទំនងសង្គមរហូតមានការងឿងឆ្ងន់ខ្លាំង។ ទើបនឹងបង្ហាញសារជាថ្មីនាងបានធ្វើឲ្យមនុស្សជាច្រើនក្តុកក្តួលខ្លោចចិត្តអាណិតតារារូបនេះដែលខិតខំតស៊ូ និងចាំលើកទឹកចិត្តកូនស្រីដែលមានជំងឺផ្លូវចិត្តធ្ងន់ធ្ងរនោះ។
តារាស្រីរូបនេះបានបង្ហាញរូបថតកូនស្រីដែលកំពុងសង្គ្រោះបន្ទាន់ អប់ដោយសារបញ្ជាក់នៅលើសារជាភាសាអង់គ្លេសដែលនាំឲ្យមិត្តភ័ក្កិនិងមហាជនមានការភ្ញាក់ផ្អើលនឹងទំហំលះបង់ដើម្បីកូនស្រី។ នាងថាក្នុងរយៈពេលដែលនាងបាត់មុខមានពាក្យចចាមអារ៉ាមជាច្រើនបានកើតមានឡើងចំពោះខ្លួននាងប៉ុន្តែនាងមិនបានចង់ចេញមុខទាមទាររកយុត្តិធម៌ទេគឺកិច្ចការដែលនាងត្រូវធ្វើនៅចំពោះមុខគឺសំខាន់ជាង។ នាងថ្លែងថាពិបាកនឹងទទួលយកនូវស្ថានភាពជំងឺធ្ងន់ធ្ងររបស់កូនស្រីដែលពេលខ្លះកូនស្រីនាងស្ទើរតែចាកចេញពីជីវិតនាងនោះ ដែលនាងមានអារម្មណ៍ថានាងបានបរាជ័យក្នុងការធ្វើខ្លួនជាម្តាយ។ លីនដាបានបន្តថា កូនស្រីនាង Veronica មានជំងឺផ្លូវចិត្ត(PTSD)ចាប់តាំងពីនាងនៅក្មេង ព្រោះតែនាងរងនូវសម្ពាធ និងការជួបប្រទះនូវព្រឹត្តិការណ៍ដែលរងនូវការឈឺចាប់ រហូតនាងមានជំងឺងផ្លូវចិត្តធ្ងន់ធ្ងររហូតធ្វើទុកខ្លាំងពិបាកនឹងទ្រាំដែលពេលខ្លះត្រូវធ្វើទារុណកម្មខ្លួនឯងរហូតហូរឈាមដើម្បីទប់ទល់នឹងការធ្វើទុក្ខរបស់ជំងឺ។ លីនដាបញ្ជាក់ថា ក្នុងនាមជាម្តាយនាងពិតជាពិបាកទ្រាំមើលស្ថានភាពនៃការធ្វើទុក្ខនៃជំងឺរបស់កូនស្រី ហើយក្នុងមួយឆ្នាំចុងក្រោយនេះនាងបានព្យាយាមស្វែងរកមធ្យោបាយមួយចំនួនដើម្បីជួយសង្គ្រោះកូនស្រីជាទីស្រលាញ់ឲ្យរួចផុតពីស្ថានភាពដ៏អាក្រក់នេះ ពិសេសគឺការថែរក្សាការពារអារម្មណ៍ផ្លូវចិត្តរបស់កូនស្រីនាង។
ជាមួយគ្នានេះនាងបានធ្វើការផ្តាំផ្ញើទៅកាន់អាណាព្យាបាលទាំងអស់ឲ្យមានការយកចិត្តទុកដាក់ពិនិត្យតាមដានសកម្មភាព ពិសេសផ្លូវចិត្តកូន កុំឲ្យពួកគេយល់ថាគេនៅតែម្នាក់ឯង កំព្រា គ្មានជម្រើសគ្មានដំណោះស្រាយ។
ជំងឺផ្លូវចិត្តធ្ងន់ធ្ងរបស់កូនស្រីដែលជាតំណក់ឈាមរួមគ្នារវាងតារាចម្រៀង យ៉ាន លីនដា និងអតីតស្វាមីលោក យ៉ែម សំអូន ត្រូវបាននាងទម្លាយក្រោយពីតារាស្រីរូបនេះបានសម្រេចចិត្តចេញទៅរស់នៅលើទឹកដីនៃប្រទេសអូស្ត្រាលីវិញ គឺក្រោយពេលចំណងស្នេហ៍នាងនិងស្វាមីបានបញ្ចប់អស់រយៈពេលជាង៣ឆ្នាំមកហើយ។
គួរបញ្ជាក់ដែរថា រឿងទំនាស់ក្នុងគ្រួសាររបស់គូជីវិតអ្នកសិល្បៈដូចគ្នាគឺលោកយ៉ែម សំអូន និងនាងយ៉ាន លីនដា បានបែកធ្លាយកាលពីដើមខែឧសភាឆ្នាំ២០១៥រហូតធ្វើឲ្យនាងយ៉ាន លីនដាប្រកាសសុំលែងលះជាមួយស្វាមីដែលបានប្រើប្រាស់អំពើហិង្សារួមទាំងមិនបានភាពកក់ក្តៅសម្រាប់នាងនិងកូន៕
ដោយ៖ វឌ្ឍនា