យុវជនម្នាក់សន្លប់ស្ដូកស្ដឹង ខណៈបើកម៉ូតូលឿន​រអិលដួលដោយខ្លួនឯង អូសជាង១០ម៉ែត្រនិងបែកផ្កាភ្លើងឆាបឆេះម៉ូតូ​

ចែករំលែក៖

ភ្នំពេញ ៖ ​​​ម៉ូតូមួយគ្រឿងម៉ាកស៊ុយហ្ស៊ីយគី និច​​ បាន​ឆាបឆេះយ៉ាងសន្ធោរសន្ធៅ​ ខណៈ​ដែលយុវជនម្នាក់ បើកបរក្នុងល្បឿនលឿន ទិសដៅ​ពី​ជើងទៅត្បូង លុះមកដល់​ផ្លូវកោងមិនព្រមបន្ថយលឿន​ បណ្ដាលឲ្យរអិលដួលដោយខ្លួនឯង ធ្វើឲ្យ​ម៉ូតូអូសជាង១០ម៉ែត្រ និងបែកផ្កាភ្លើងបង្កជាការឆាបឆេះម៉ូតូតែម្ដង​ ។ ចំណែកអ្នកបើកបម៉ូតូបណ្ដាលឲ្យបោកទៅនឹងថ្នល់សន្លប់ស្ដូកស្ដឹងអស់មួយសន្ទុះផងដែរ ។

​ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើ​នេះ បាន​កើត​ឡើង​នៅ​វេលា​ម៉ោង​១២និង០៥នាទីរំលងអធ្រាត្រ​ឈានចូលថ្ងៃពុធ ៣កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹង ថ្ងៃទី១២ ខែកញ្ញា​ ឆ្នាំ២០១៨ ត្រង់ចំណុចមុខសាលារៀនចាក់អង្រែក្រោម តាមផ្លូវជាតិលេខ២ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ​។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ ដែល​ឃើញហេតុការណ៍នេះ​​ បានឲ្យដឹងថា មុនពេល​កើតហេតុ គាត់បានឃើញយុវជនម្នាក់ ជិះម៉ូតូមួយគ្រឿង​ម៉ាកស៊ុយហ្ស៊ីយគី និច​​​ ពណ៌ស ពាក់ស្លាកលេខ​កណ្ដាល 1M-5966 ដោយធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៣ ទិសដៅ​ពី​ជើងទៅត្បូងក្នុងល្បឿនលឿន ។ លុះមកដល់ចំណុចកើតហេតុ​ ដែលជាផ្លូវកោង ហើយមិនបានបន្ថយលឿននោះទេ ស្រាប់តែរអិលដួលបោកទៅនឹងថ្នល់អូសជាង១០ម៉ែត្រ​ និងបែកផ្កាភ្លើងបណ្ដាលឲ្យឆាបឆេះម៉ូតូតែម្ដង​ ។ ភ្លាមនោះកម្លាំងនគរបាលមូលដ្ឋានដែលកំពុងល្បាតនៅក្បែរនោះជួយធ្វើអន្តរាគមន៍ភ្លាមៗ ដោយនាំគ្នាបាច់ទឹកភ្លៀងដែលដក់តាមដងផ្លូវនៅក្បែរនោះ ដើម្បីជួយពន្លត់បានទាន់ពេលវេលា ដោយម៉ូតូគ្រាន់តែខូចខាតឆេះរោល​បន្តិចបន្តួច​ប៉ុណ្ណោះ ចំណែកឯយុវជនដែលជាអ្នកបើកបម៉ូតូ ដែលសន្លប់នោះ ក៏បានងើបដឹងខ្លួនវិញ ហើយដោយគ្រាន់តែរងរបួសរលោតដៃ​រលោតជើងបន្តិចបន្តួច ។

ក្រោយកើតហេតុ​យុវជនរងគ្រោះបានទាក់ទងទៅមិត្តភក្តិឲ្យ​មកដឹកយកទៅគ្លីនិកឯកជន ​ដើម្បីលាងរបួស​ និងម៉ូតូយកទៅជួសជុលខ្លួនឯង ៕ ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print