កម្មករសំណង់ម្នាក់បានស្លាប់និង៤នាក់ របួសធ្ងន់ នៅហាងស៊ុបនាគ កំពុងជួសជុលខុសបច្ចេកទេស បាក់សង្កត់ស្លាប់ នៅផប់ស្ទ្រីត ក្នុងក្រុងសៀមរាប

ចែករំលែក៖

ខេត្តសៀមរាប​ ៖ ហាងស៊ុបនាគ ដែលកំពុងជួសជុល ប្រហែលជិត ១៥ថ្ងៃ ត្រូវបានមេជាងសំណង់ សង់ខុសបច្ចេកទេស បណ្តាលឱ្យរលំបាក់សង្កត់កម្មករសំណង់ ដែលសម្រាក នៅក្នុងអាគារនោះ ស្លាប់ម្នាក់ របួសធ្ងន់ ៤នាក់ និងខូចខាតម៉ូតូចំនួន ៣គ្រឿង។ ហេតុការណ៍នោះ បានកើតឡើង នៅវេលាម៉ោង ១២ និង ៣០ នាទី រំលងអាធ្រាត្រ ឈានចូលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតនៅក្នុងបរិវេណផ្សាររាត្រី ផប់ស្ទ្រីត ផ្លូវលេខ៨ ក្នុងភូមិមណ្ឌល១ សង្កាត់ស្វាយដង្គំ ក្រុង/ខេត្តសៀមរាប។

សាក្សីនៅតំបន់ផប់ស្ទ្រីត បានប្រាប់ប៉ូលិស នៅព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៨នេះ ថា មុនពេលកើតហេតុ ពួកគាត់កំពុងបំរើភ្ញៀវបរទេស ដែលមានហាងនៅម្ខាងផ្លូវម្នាក់ និងអាគារ ដែលបាក់ គឺជាអតីតហាងស៊ុបនាគ ខណៈពេលនោះ ពួកគាត់លឺសូរប្រាវ ក៏នាំគ្នាក្រឡេកទៅ ឃើញមានកម្មករសំណង់ ដែលដេកនៅក្នុងនោះ ខ្លះរត់ចេញមកក្រៅ ខ្លះស្រែកយំថា ពួកខ្ញុំស្លាប់អស់ហើយ នៅក្នុងអាគារនោះ។

ប្រភពពីសមត្ថកិច្ច បានឲ្យដឹងថា អាគារនោះ បាក់ គឺមកពីមេជាង ធ្វើខុសបច្ចេកទេស។ កាលណាធ្វើផ្ទះ ត្រូវបុកគ្រឹះ ហើយចាក់ស្នឹម ទើបអាចចាក់ប្លង់សេឡើងលើបាន។ ប៉ុន្តែសំណង់នោះ ប្រហែលមេជាង គិតថា ម្ចាស់ផ្ទះ (ហាងស៊ុបនាគ) ចាក់គ្រឹះពីមុនហើយ បានជានាំកម្មករទាំងអស់ ដែលមានគ្នាប្រហែលជាង ៣០នាក់ ចាក់បេតុងខាងលើបន្ថែម ហើយក៏កើតហេតុដូច្នេះ។

ប្រភពបានបន្តថា ការសាងសង់ខុសបច្ចេកទេសនេះ គឺបណ្តាលមកពីមេជាង មើលការខុសត្រូវ មិនបានដិតដល់ ទើបធ្វើឱ្យអាគារមួយនេះ (អតីតហាងស៊ុបនាគ) រលំបាក់សង្កត់មនុស្សស្លាប់ម្នាក់ និងរបួសធ្ងន់ ៤នាក់ នៅពេលនេះ។

ប្រភពបានបញ្ជាក់ថា ជនរងគ្រោះដែលស្លាប់ និងរបួសនោះ មាន៖ទី១.ឈ្មោះ ខុម សុពេជ្រ ភេទប្រុស អាយុ ១៥ឆ្នាំ មុខរបរសិស្សមកស៊ីឈ្នួលធ្វើសំណង់បានប្រហែល ៩ថ្ងៃ ក៏ត្រូវអាគារបាក់រលំសង្កត់(ស្លាប់) ទី២.ឈ្មោះ ឌី សុណា ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបរកម្មករសំណង់ ត្រូវថ្ម សង្កត់ចំដើមទ្រូង ទី៣.ឈ្មោះ មឿ ម៉េត ភេទប្រុស អាយុ៣០ឆ្នាំ កម្មករសំណង់ ត្រូវចំ ចំក្បាល, ជង្គង់ និង ដើមទ្រូង ទី៤.ឈ្មោះ សល់ សេក ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរកម្មករសំណង់ ត្រូវចំក្បាល និង ដើមទ្រូង និងទី៥.ឈ្មោះម៉ត់ រី ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរកម្មករសំណង់ ត្រូវចំជើង ,ចង្កេះនិងភ្នែក។ ជនរងគ្រោះទាំង ៥នាក់ មានស្រុកកំណើតនៅភូមិធ្វេស ឃុំត្រីញ័រ ស្រុកពួក ខេត្តសៀមរាប។

ក្នុងនោះ ខូចខាតម៉ូតូចំនួន ៣គ្រឿងរបស់កម្មករសំណង់ផងដែរ។ រីឯមេជាងសំណង់ឈ្មោះ ជា ភេទប្រុស អាយុប្រហែល ៤០ឆ្នាំ រស់នៅក្នុងស្រុកពួក ខេត្តសៀមរាប ត្រូវបានធានាសងសំណងជំងឺចិត្តចំនួន ៣៥០០ ដុល្លារ ទៅលើសាកសព និងអ្នករងរបួស ដែលខាងក្រុមគ្រួសារ ទាមទាសំណងចំនួន ៣០០០ដុល្លារ ក្នុងម្នាក់  សមត្ថកិច្ច កំពុងតែសំរបសំរួល។

សាកសព ត្រូវបានសមត្ថកិច្ចប្រគល់ឱ្យម្តាយ ឈ្មោះ ជួន ឡប អាយុ ៤៨ឆ្នាំ មុខរបរធ្វើស្រែ រស់នៅភូមិធ្វេស ឃុំត្រីញ័រ ស្រុកពួក ខេត្តសៀមរាប យកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែកជនរងគ្រោះ ទាំង ៤នាក់ ដែលត្រូវរបួសធ្ងន់ កំពុងស្ថិតនៅសម្រាកក្នុងមន្ទីរពេទ្យឯកជន ស៊ឹង រិទ្ធីរ៉េត ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦ ភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងខេត្តសៀមរាប ដែលត្រូវបានក្រុមគ្រូពេទ្យ កំពុងជួយសង្គ្រោះយ៉ាងយកចិត្តទុកដាក់ផងដែរ៕ប៊ុនរិទ្ធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print