រដ្ឋាភិបាលទីក្រុងតេអីរ៉ង់ បានចោទប្រកាន់ ប្រទេសដែលជាសត្រូវរបស់ខ្លួនគឺ សាឌីអារ៉ាប៊ី និង អារ៉ាប់រួម កំពុងប្រែក្លាយ បណ្តាប្រទេស នាំប្រេងចេញលំដាប់ពិភពលោក OPEC ទៅជាឧបករណ៍របស់អាមេរិកសម្រាប់ប្រឆាំងអីរ៉ង់។
តំណាងអីរ៉ង់ នៅក្នុងអង្គការ នៃបណ្តាប្រទេសនាំប្រេងចេញ Organization of petroleum Exporting Countries(OPEC) បានចោទប្រកាន់សាឌីអារ៉ាប៊ីនិង បណ្តាប្រទេស អារ៉ាប់រួម UAE បានដណ្តើមទីផ្សារ នាំប្រេងចេញរបស់អីរ៉ង់ ។ តំណាងអីរ៉ង់ នៅOPEC គឺលោក Sossein Kazempour Ardebili បានបញ្ជាក់ទៅកាន់សារព័ត៌មាន Shana របស់អីរ៉ង់ថា «សាឌីអារ៉ាប៊ីនិង អារ៉ាប់រួម បានប្រែក្លាយ OPEC ទៅជា ឧបករណ៍របស់អាមេរិក ហើយ បានធ្វើឲ្យ OPEC បាត់បង់នូវទំនុកចិត្ត។
កាលពីចុងខែឧសភា អាមេរិកបាន ប្រកាសដកខ្លួនចេញពីកិច្ចព្រមព្រៀងបរមាណូកាលពីឆ្នាំ២០១៥ ដែលមានប្រទេសចុះហត្ថលេខី ដូចជា អាមេរិក រុស្ស៊ី ចិន អីរ៉ង់ បារាំង អង់គ្លេស និងអាល្លឺម៉ង់ ។
បើទោះបីមានការប្រឆាំងពីអីរ៉ង់ និងបណ្តាប្រទេសដែលបានចុះហត្ថលេខា ដើម្បីការពារ កិច្ចព្រមព្រៀង ប៉ុន្តែមិនបានសម្រេច ហើយអាមេរិកបន្តដាក់ទណ្ឌកម្មទៅលើអីរ៉ង់ ដដែល។ ការដាក់ទណ្ឌកម្មដំណាក់កាលទីមួយ ទៅលើផលិតផលសំខាន់របស់អីរ៉ង់ នៅទូទាំងពិភពលោក ដើម្បី រារាំងការទិញ ប្រាក់ដុល្លារ របស់អីរ៉ង់ ក៏ដូចជាសម្ភារៈនៅក្នុងវិស័យផលិតរថយន្ត។
នៅក្នុងដំណាក់កាលទីពីរ រដ្ឋាភិបាលរបស់ប្រធានាធិបតីដូណាលត្រាំ បានព្យាយាមរារាំង ការនាំចេញប្រេងរបស់អីរ៉ង់ ឲ្យស្ថិតនៅក្នុងគម្រិតសូន្យ ធ្វើឲ្យសេដ្ឋកិច្ចអីរ៉ង់ ត្រូវដួលរលំ ហើយបង្ខំចិត្តត្រូវតែ អង្គុយតុពិភាក្សា តាមការចង់បានរបស់អាមេរិក។
ដើម្បីបំពេញនៅកង្វះប្រភពផ្គត់ផ្គង់នៅលើទីផ្សារ ពិភពលោក អាមេរិក បានអំពាវនាវដល់ ក្រុមអ្នកផលិត ប្រេង ដូចជាសាឌីអារ៉ាប៊ី រុស្ស៊ីនិងបណ្តាប្រទេសផ្សេងទៀត នៅ OPEC បន្ថែមប្រេងនាំចេញ ក្នុងគោលដៅរក្សាស្ថេរភាពនៃការផ្គត់ផ្គង់។
ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក John Bolton បានប្រកាសថា អាមេរិក នឹងដាក់គំនាប យ៉ាងខ្លាំងបំផុតដល់ប្រទេសអីរ៉ង់ ដើម្បីឲ្យប្រទេសនេះផ្លាស់ប្តូរពីទស្សននយោបាយរបស់ខ្លួន។ លោកបន្តទៀតថា អាមេរិក មិនមានបំណង ចង់ឲ្យអីរ៉ង់ ផ្លាសប្តូរ របបដឹកនាំនោះឡើយ ដោយចង់ឲ្យផ្លាស់ប្តូរតែ សកម្មភាពនយោបាយមួយចំនួនតែប៉ុណ្ណោះ។
ច្បាប់ដាក់ទណ្ឌកម្មលើវិស័យប្រេង ទៅលើអីរ៉ង់ នឹងមានប្រសិទ្ធិភាពនៅថ្ងៃទី៤ខែវិច្ឆិកា ដោយបានហាមប្រទេសជុំវិញពិភពលោកទិញប្រេងពីអីរ៉ង់ ។ ប្រទេសដែលទិញប្រេងពីអីរ៉ង់មានដូចជាចិន ឥណ្ឌា អាចទទួលរងការដាក់ទណ្ឌកម្មពីអាមេរិក ប្រសិនបើ នៅតែបន្តទិញប្រេងពីអីរ៉ង់ ក្រោយច្បាប់ដាក់ទណ្ឌកម្មអាមេរិក ចូលជាធរមាននោះ។
ការបាត់បង់ប្រភពផ្គត់ផ្គង់ប្រេង ពីអីរ៉ង់ រួមផ្សំជាមួយប្រភពផ្គត់ផ្គង់ផ្សេងទៀតនៅ OPEC និងវេណេហ្ស៊ូអេឡា បានធ្វើឲ្យតម្លៃប្រេងលើពិភពលោក ឡើងថ្លៃ ។
នៅដើមសប្តាហ៍នេះ តម្លៃប្រេងកើនឡើងដល់ទៅ ៨០ដុល្លារ ក្នុងមួយបារ៉ែល ជាតម្លៃខ្ពស់បំផុតមិនធ្លាប់មានក្នុងរយៈពេល៥ខែកន្លងមក។
សកម្មភាពរបស់ប្រធានាធិបតីអាមេរិក មិនទទួលបានការគាំទ្រ ពីសហគមន៍អន្តរជាតិ ក៏ដូចជាអ្នកនយោបាយនៅអាមេរិកឡើយ ពិសេសគឺគណបក្សប្រជាធិបតេយ្យ។ កន្លងមកថ្មីៗអតីតរដ្ឋមន្ត្រីការបរទេសអាមេរិក លោកចនឃេរី ដែលជាអ្នកពិភាក្សាស្តីពីកម្មវិធីបរមាណូអីរ៉ង់នោះបានជួប ជាមួយរដ្ឋមន្ត្រីការបរទេសអីរ៉ង់ ។ ជំនួបនោះ ទទួលរងការស្តីបន្ទោសពីប្រធានាធិបតីអាមេរិក ថាកំពុងបំផ្លាញការងារប្រឹងប្រែងរបស់រដ្ឋាភិបាល និងមិនគិតដល់ប្រយោជន៍របស់ប្រជាជនអាមេរិកាំង។ លោកចន ឃេរី អតីតប្រមុខការបរទេសអាមេរិក ក្នុងអាណត្តិរបស់លោកអូបាម៉ា បានរងការចោទប្រកាន់ពីលោក ប្រធានាធិបតីដូណាល់ ត្រាំ នៅបន្ទាប់ពីមានដំណឹងថា លោកបានបន្តជួបពិភាក្សាជាមួយរដ្ឋមន្រ្តីការបរទេសរបស់អ៊ីរ៉ង់ ដែលរដ្ឋាភិបាលអាមេរិកទើបសម្រេចត្រលប់ទៅដាក់ទណ្ឌកម្មសេដ្ឋកិច្ច ដោយសាររឿងផលិតមីស៊ីល ហើយនិងអន្តរាគមន៍យោធារបស់អ៊ីរ៉ង់ ក្នុងសង្គ្រាមនៅតំបន់ដើមបូព៌ា។
ជំនួបរវាងលោកចន ឃេរី ជាមួយរដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់បច្ចុប្បន្ន បានក្លាយជារឿងចម្រូងចម្រាសខ្លាំង នៅអាមេរិក។ នៅក្នុងសារTwitter កាលពីថ្ងៃសុក្រ លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នៅបានចាត់ទុកជំនួបរវាង អតីតរដ្ឋមន្រ្តីការបរទេសអាមេរិក ជាមួយប្រមុខការទូតអ៊ីរ៉ង់ លោកហ្សាវ៉ា ហ្សារីហ្វ ថាខុសច្បាប់ មិនធ្លាប់មានពីមុនមក និងកំពុងបំផ្លាញនយោបាយការបរទេសរបស់រដ្ឋាភិបាលអាមេរិក។ សម្រាប់ លោកដូណាល់ ត្រាំលោកអតីតរដ្ឋមន្រ្តីការបរទេសអាមេរិក ចន ឃេរី បានជួបជាមួយរបបអ៊ីរ៉ង់ ដ៏គួរឲ្យស្អប់។ “លោកចន ឃេរីបាននិយាយប្រាប់ភាគីអ៊ីរ៉ង់ឲ្យរង់ចាំចប់អាណត្តិរបស់រដ្ឋបាលត្រាំ។ រឿងនេះ គឺអាក្រក់ខ្លាំងណាស់” នេះជាសារប្រឆាំងរបស់លោកដូណាល់ ត្រាំ។
តាមលោកប្រធានាធិបតីអាមេរិក លោកចន ឃេរី បានជួបជាមួយភាគីអ៊ីរ៉ង់ ដោយមិនបានជូនដំណឹងជាមុនទៅក្រសួងការបរទេសអាមេរិក។ នៅក្នុងសន្និសីទកាសែត នៅសប្តាហ៍នេះ រដ្ឋមន្រ្តីការបរទេសអាមេរិក លោកMike Pompeo មិននិយាយថា ជំនួបរបស់លោកចន ឃេរីជាមួយរដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់បច្ចុប្បន្នថា ជារឿងខុសច្បាប់ទេ ប៉ុន្តែ សម្រាប់ប្រមុខការបរទេស (មកពីគណបក្សសាធារណរដ្ឋ) អ្វីដែលលោកចន ឃេរីធ្វើ គឺមិនសមស្រប និងមិនធ្លាប់មានពីមុនមកនោះទេ។
តាមលោកMike Pompeo លោកចន ឃេរី ជាអតីតរដ្ឋមន្រ្តីការបរទេសអាមេរិក ប៉ុន្តែ លោកនៅបន្តជួបពិភាក្សាជាមួយ ប្រមុខការបរទេសរបស់អ៊ីរ៉ង់ ដែលជាប្រទេសគាំទ្រក្រុមភេរវនិយមនៅក្នុងពិភពលោក។ លើសពីនោះ លោកឃេរីនៅបាននិយាយប្រាប់អ៊ីរ៉ង់ថា ឲ្យអត់ធ្មត់រង់ចាំរហូតដល់ចប់អាណត្តិរបស់លោកត្រាំទៀត។
នៅក្នុងយុទ្ធនាការឃោសនាផ្សព្វផ្សាយស្នាដៃការងាររបស់ខ្លួន លោកចន ឃេរី ដែលធ្លាប់ ជារដ្ឋមន្រ្តីការបរទេសក្នុងអាណត្តិលោកអូបាម៉ា បានទទួលស្គាល់នៅសប្តាហ៍នេះថា លោកនៅបន្តជួបនិយាយជាមួយលោកហ្សារីហ្វ រដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់ ពី៣ ទៅ៤ដង នៅក្រោយលោកលែងជារដ្ឋមន្រ្តីការបរទេសអាមេរិក។ លោកចន ឃេរី បានចូលជិតស្និទ្ធ ចុះសម្រុងជាមួយប្រមុខការបរទេសអ៊ីរ៉ង់ នៅក្នុងពេលលោកប្រឹងប្រែងចរចាបញ្ចុះបញ្ចូលអ៊ីរ៉ង់ រហូតសម្រេចបង្កើតបានកិច្ចព្រមព្រៀង អន្តរជាតិស្តីពីនុយក្លេអ៊ែរអ៊ីរ៉ង់ ដែលលោកដូណាល់ ត្រាំប្រកាសដកខ្លួនទៅវិញ កាលពីចុងឆ្នាំ ២០១៧៕
ដោយ៖ មែវ សាធី