ស្លាប់ដោយព្យុះ Florence​នៅអាមេរិក និងព្យុះ​ Mangkhut នៅចិន កើនឡើងជាបន្តបន្ទាប់

ចែករំលែក៖

មកទល់ពេលនេះព្យុះ ​Florence នៅរដ្ឋ​ North Carolina ​និងរដ្ឋ​ South Carolina ​អាមេរិក កើនឡើង ដល់ទៅ  ២៣នាក់ និងរងរបួសជាច្រើន ។ ជាមួយគ្នានោះព្យុះ បាននាំមកនូវកំពស់ទឹកភ្លៀងកម្រិត៩១សង់ទីម៉ែត្រ ចាប់តាំងពីថ្ងៃព្រហស្បត្តិ៍សប្តាហ៍មុនមកម្ល៉េះ ពេលដែលវាបោកបក់មកលើរដ្ឋ North Carolina និងធ្វើឲ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសខ្លួនចេញ ហើយជំនន់ទឹកភ្លៀង អាចនឹងអូសបន្លាយពេលជាច្រើនសប្តាហ៍ទៀតនៅតាមតំបន់មួយចំនួនទូទាំងរដ្ឋ។

ព្យុះ Florence បានបន្តដំណើរឆ្លងកាត់រដ្ឋ Virginia និងបក់ឆ្ពោះទៅកាន់តំបន់ New England ហើយវានឹងបង្កជាជំនន់ទឹកភ្លៀង ចាប់តាំងពីរដ្ឋ Maryland រហូតដល់រដ្ឋ New York និងនៅភាគខាងត្បូងនៃតំបន់ New England ។

នៅក្នុងរដ្ឋ North Carolina និងរដ្ឋ South Carolina មន្ទីរឧតុនិយមជាតិ បានបន្តក្រើនរំឭកដល់ប្រជាពលរដ្ឋថា ទឹកជំនន់នឹងកាន់តែអាក្រក់ជាងនេះទៅទៀត។ ដោយឡែក ទន្លេធំៗត្រូវបានគេរំពឹងថា នឹងបន្តជន់លិចរយៈពេលពី២ទៅ៣សប្តាហ៍ទៀត។

សូមបញ្ជាក់ថា ចំនួនអ្នកស្លាប់ដោយសារព្យុះ Florenceដែលបានបោកបក់មកដល់រដ្ឋ North Carolina កាលពីថ្ងៃសុក្រសប្តាហ៍មុន បានកើនឡើងដល់២៣នាក់នៅរដ្ឋ North Carolina និងរដ្ឋ South Carolina កាលពីថ្ងៃចន្ទម្សិលមិញនេះ។ ខណៈនោះដែរ ផ្ទះសម្បែង និងមុខជំនួញជាង៥០៩.០០០កន្លែង ត្រូវបានកាត់ផ្តាច់ចរន្តអគ្គិសនី ទាំងស្រុងនៅរដ្ឋ North Carolina និងរដ្ឋ South Carolina និងតាមរដ្ឋជុំវិញនោះ។

ចំណែកនៅក្នុងប្រទេសចិនវិញ  អាជ្ញាធរចិន នៅថ្ងៃចន្ទនេះ បានអះអាងថាចំនួនអ្នកស្លាប់បានកើនឡើងដល់០៤នាក់ នៅក្នុងខេត្តក្វាងទុង (Guangdong) ក្រោយព្យុះទីហ្វុង Mangkhut បានបោកបក់បំផ្លិចបំផ្លាញ ខេត្តភាគខាងត្បូងមួយនេះរបស់ចិន។

​ព្យុះទីហ្វុង Mangkhut បានចាប់ផ្តើមវាយប្រហារ នៅវេលាម៉ោង៥ល្ងាច កាលពីថ្ងៃអាទិត្យ (ម៉ោងក្នុងតំបន់) លើតំបន់ឆ្នេរសមុទ្រ នៃទីក្រុង Jiangmen ខេត្ត Guangdong ជាមួយនឹងល្បឿនខ្យល់១៦២គីឡូម៉ែត្រ ក្នុងមួយម៉ោង។ បន្ថែមពីលើនេះ ព្យុះដ៏កំណាច នេះក៏បានផ្ដាច់ជីវិតមនុស្ស០៣នាក់ផងដែរនៅក្នុងទីក្រុង Guangzhou ខណៈមនុស្សម្នាក់ទៀតបានស្លាប់នៅ ឯទីក្រុង Dongguan ខេត្ត Guangdong។

​គួរបញ្ជាក់ថា គិតត្រឹមម៉ោង១១យប់ថ្ងៃអាទិត្យម្សិលមិញ មានមនុស្សជាង៣.១១លាននាក់ ត្រូវបានផ្លាស់ប្តូរទីលំនៅ ហើយទូក នេសាទជាង៤៩,០០០គ្រឿង ត្រូវបានហៅឲ្យត្រឡប់មកកាន់កំពង់ផែខេត្តវិញ៕

ដោយ៖ មែវ សាធី

...

 

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print