នៅថ្ងទី១៨ខែកញ្ញានេះ អនុប្រធានគណកម្មការ ទីផ្សាមូលប័ណ្ណចិន CSRC លោក Fang Xinghai បានបញ្ជាក់ថា សកម្មភាពពាណិជ្ជកម្ម របស់អាមេរិកសម្តៅទៅលើប្រទេសចិន គឺជារឿង គ្មានប្រយោធន៍ មិនមានប្រសិទ្ធិភាពនោះឡើយ ក្នុងពេលដែល ចិនបានត្រៀមលក្ខណជាមុនសម្រាប់ទប់ទល់និងការតម្លើងពន្ធរបស់អាមេរិក។
មានប្រសាសន៍នៅក្នុងវេទិកាសេដ្ឋកិច្ច លោក Fang ក៏បានបង្ហាញពីក្តីសង្ឃឹមថា ប្រទេសទាំងពីរនិងពិភាក្សាគ្នាលើបញ្ហាពាណិជ្ជកម្ម បញ្ចប់វិវាទ ដោយបង្កើនទំនាក់ទំនាងពាណិជ្ជកម្ម ល្អប្រសើរហើយយូអង្វែង ។
ប៉ុន្តែ រដ្ឋាភិបាលចិន ពេលនេះកំពុងតែ ពិភាក្សា ដើម្បីវាយបកទៅលើវិស័យពាណិជ្ជកម្មតបអាមេរិកវិញដែលបានសម្រេចតម្លើងពន្ធ ទៅលើប្រទេសចិន ១០ភាគរយ ដល់ទំនិញមានទឹកប្រាក់ ជាង២០០ពាន់លានដុល្លារ ។
សារព័ត៌មាន BBC នៅថ្ងៃអង្គារ ទី១៨ ខែកញ្ញា ឆ្នាំ២០១៨ បច្ចុប្បន្ន សហរដ្ឋអាមេរិក កំពុងត្រៀមដំឡើងពន្ធថ្មីមួយមានតម្លៃជាង ២០០ពាន់លានដុល្លារលើផលិតផលនាំចូលពីចិន ខណៈជម្លោះពាណិជ្ជកម្មកាន់តែសភាពធ្ងន់ ជាមួយការគំរាមដំឡើងពន្ធបន្ថែមរហូតដល់២៦៧ពាន់លានដុល្លារពីសំណាក់លោក ដូណាល់ ត្រាំ នៅពេលអនាគត។
ការដំឡើងពន្ធថ្មីនេះនឹងត្រូវអនុវត្តលើផលិតផលចិនជាង៦,០០០មុខ ហើយវានឹងក្លាយជាការដំឡើងពន្ធដ៏ធំបំផុតមួយរបស់
សហរដ្ឋអាមេរិកក្នុងពេលបច្ចុប្បន្ន។ ម្យ៉ាងវិញទៀត នៅក្នុងចំណោមផលិតផលទាំងនេះមានដូចជា កាបូបយួរដៃ ស្រូវ និងវាយនភណ្ឌជាដើម រីឯនាឡិកាដៃឆ្លាតវៃ ឬ (smart watches) ត្រូវបានដកចេញ។ តែយ៉ាងណាក៏ដោយ ទីក្រុងប៉េកាំងបាន ព្រមានរួចហើយថានឹងចាត់វិធានការឆ្លើយតបប្រឆាំងនឹងការដំឡើងពន្ធរបស់សហរដ្ឋអាមេរិក។
សូមជម្រាបថា គំរោងដំឡើងពន្ធខាងលើរបស់សហរដ្ឋអាមេរិក នឹងត្រូវចូលជាធរមាននៅថ្ងៃទី២៤ ខែកញ្ញានេះ ដោយចាប់ផ្ដើម ពីការអនុវត្តពន្ធ១០ភាគរយ និងបង្កើនរហូត២៥ភាគរយចាប់ពីដើមឆ្នាំក្រោយតទៅ រហូតទាល់តែប្រទេសពីរអាចព្រមព្រៀងគ្នាលើ កិច្ចព្រមព្រៀងផ្សះផ្សាជម្លោះពាណិជ្ជកម្មនេះ៕
ដោយ៖ មែវ សាធី