ភ្នំពេញ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអំពាវនាវឲ្យគ្រប់ស្ថានីយ៍ទូរទស្សន៍ ព្រមទាំងអាជីវករដែលមានមុខរបរពាក់ព័ន្ធ និងវិស័យសិល្បៈវប្បធម៌ ឲ្យផ្អាកទទួលយកតារាសម្តែងសិចស៊ី កញ្ញា សេង សូណាចូលរួមសម្ដែង។ នេះបើតាមលិខិតរបស់ក្រសួងវប្បធម៌ ផ្ញើជូនទៅប្រធានសមាគមទូរទស្សន៍កម្ពុជា ដែលនគរវត្ត ទទួលបាននៅថ្ងៃទី១៨ខែកញ្ញា ឆ្នាំ២០១៨នេះ។
យោងតាមលិខិតដែលចេញដោយលោក ថៃ នរៈសត្យារដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបញ្ជាក់ថា «ផ្អែកតាមស្មារតីនៃកិច្ចប្រជុំ របស់ក្រុមប្រឹក្សាពិន័យ និងលើកសរសើរ នៃក្រមសីលធម៌នៃអ្នកសិល្បៈ កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៨បានសម្រេចដាក់ពិន័យផ្អាកតារាសម្ដែង កញ្ញា សេង សូណា មិនឲ្យធ្វើសកម្មភាពពាក់ព័ន្ធ នឹងវិស័យសិល្បៈគ្រប់រូបភាព រួមមាន៖ ការសម្ដែងថតខ្សែភាពយន្ដ ខារ៉ាអូខេ ស្ព័ត ច្រៀងបង្ហាញមុខនៅតាមកញ្ចាក់ទូរទស្សន៍…ជាដើម រយៈពេល១ឆ្នាំ គិតចាប់ពីថ្ងៃទី១៧ ខែសីហាឆ្នាំ២០១៨ ដល់ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៩»។
បើតាមលោក ថៃ នរៈសត្យា រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបញ្ជាក់ឲ្យដឹងថា «ដោយមូលហេតុតារាសម្ដែងរូបនេះតែងតែនៅបន្ដការប្រើប្រាស់ សម្លៀកបំពាក់ និងឥរិយាបថធ្វើឲ្យប៉ះពាល់ ដល់ទំនៀមទម្លាប់ ប្រពៃណីដ៏ល្អផូរផង់របស់ជាតិ តាមរយៈការថតខ្សែភាពយន្ដ និងបណ្ដាញព័ត៌មាន»។ តារាសម្តែង សេង សូណានៅមិនទាន់អាចស្វែងរកការបញ្ជាក់បាននៅឡើយទេកាលពីល្ងាចថ្ងៃទី១៨ខែកញ្ញានេះ។
ទោះជាយ៉ាងណានេះមិនមែនជាលើកទី១ទេដែលក្រសួងបានចេញសេចក្តីប្រកាសផ្អាកមិនឲ្យ គ្រប់ស្ថានីយ៍ទូរទស្សន៍ ព្រមទាំងអាជីវករដែលមានមុខរបរពាក់ព័ន្ធ និងវិស័យសិល្បៈវប្បធម៌នោះ ដែលករណីនេះធ្លាប់កើតមានរួចទៅហើយលើតារាសម្តែងសិចស៊ី កញ្ញា ដេនីក្វាន់ កាលពីឆ្នាំមុន។
សេចក្តីអំពាវនាវរបស់ក្រសួងនេះដែរធ្វើឡើងក្រោយពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានប្រកាសឈ្មោះតារាសិចស៊ីចំនួន៤នាក់ថាបានជាប់ក្នុងបញ្ជីខ្មៅរបស់ក្រសួង ពីបញ្ហារឿងសិចស៊ីជ្រុលក្នុងពិភពសិល្បៈ ដោយក្រសួងគ្រោងនឹងកោះហៅមកណែនាំ។ទោះជាយ៉ាងណាតារាមួយចំនួនធ្លាប់បានចេញប្រតិកម្មភ្លាមៗចំពោះគម្រោងរបស់ក្រសួងដែលហៅពួកគទៅធ្វើការណែនាំថាជារឿងដែលហួសចិត្ត។ សិល្បករស្ថិតក្នុងការចាត់ចូលក្នុងចំណោមតារាសិចស៊ីដែលក្រសួងវប្បធម៌ និង វិចិត្រសិល្បៈបានកំណត់ឈ្មោះតារាដែលត្រូវចូលខ្លួនមកធ្វើការណែនាំមាន លោក អែន ឌី អ្នកនាង ស្រីម៉ុច កញ្ញារតនៈ ពិសី និងកញ្ញា ពេជ្រ អាវីហ្សា ក្នុងនោះក៏មានកញ្ញាសេង សូណាដែលត្រូវបានក្រសួងចេញបម្រាមក្នុងការប្រឡូកសិល្បៈមួយឆ្នាំដូចករណីកញ្ញា ដេនី ក្វាន់ដែរ៕