ខេត្តកំពង់ឆ្នាំង៖ ស្រ្តីម្នាក់ជាម្ចាស់ផ្ទះកៀបជាប់រថយន្ត និង កុមារម្នាក់រងរបួសដឹកយកទៅសង្រ្គោះនៅមន្ទីរពេទ្យខេត្ត ក្រោយពីមានរថយន្តដឹកត្រីមួយគ្រឿង ដែលបើកក្នុងល្បឿនយ៉ាងលឿន រេចង្កូតទៅបុកផ្ទះលក់ចាប់ហួយ បន្ទាប់ពីគេចម៉ូតូឆ្លងកាត់ ។
ហេតុការណ៍ភ្ញាក់ផ្អើលនេះ បានកើតឡើងកាលពីវេលាម៉ោងជាង១១ព្រឹក ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតនៅក្នុងភូមិទួលខ្សាច់ ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
សាក្សីនៅកន្លែងកើតហេតុបានប្រាប់សមត្ថកិច្ចឲ្យដឹងថា នៅមុនពេលកើតហេតុ មានរថយន្តដឹកត្រីមួយគ្រឿង ម៉ាកនីសាន់ ពាក់ស្លាកលេខ ភ្នំពេញ ២AL-៨៥៩១ ធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូង ដោយបានបើកក្នុងល្បឿនយ៉ាងលឿន នៅពេលបើកមកដល់ចំណុចកើតហេតុ ដែលជាកន្លែងផ្លូវខ្វែងទិសជាបួន ក៏មានអ្នកបើកបរម៉ូតូមួយគ្រឿង ម៉ាកហុងដាសេ១២៥ ពាក់ស្លាកលេខ១D-១៨៦៩បើកបរដោយឈ្មោះ កុយ ថាន់ អាយុ៥៩ឆ្នាំ ភេទប្រុស រស់នៅក្នុងភូមិទួលខ្សាច់ ។ ពេលនោះអ្នកបើកបរថយន្ត បានជាន់ហ្វ្រាំងមិនស៊ី ក៏បួងចង្កូតគេចពីម៉ូតូក៏ជ្រុលចូលទៅផ្ទះប្រជាពលរដ្ឋពេញមួយទំហឹងតែម្តង បណ្តាលឲ្យកុមារម្នាក់ ដែលនៅកន្លែងនោះរងរបួសធ្ងន់ដឹងសង្រ្គោះនៅមន្ទីរពេទ្យខ ចំណែកឯស្រ្តីម្នាក់ជាម្ចាស់ផ្ទះ បានរងកៀបនឹងរថយន្ត ប៉ុន្តែរថយន្តអស់ល្បឿន រងរបួសស្រាល ។
ក្រោយពេលកើតហេតុ អ្នកបើកបរថយន្តដឹកត្រីបានរត់គេចខ្លួនបាត់ ចំណែកមធ្យោបាយបង្កត្រូវបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុករលាប្អៀរ ដើម្បីរង់ចាំដោះស្រាយតាមច្បាប់ ៕ ចន្ថា