ប៉ោយប៉ែត៖ កម្លាំងជំនាញការិយាល័យប្រឆាំងការជួញដូរ និងការពារអនីតិជននៃស្នងការរដ្ឋានខេត្តបញ្ជូនខ្លួនស្រ្តីម្ដាយចុងម្នាក់ទៅស្នងការខេត្តបន្ទាបពីវាយធ្វើបាបកូនប្រពន្ធដើម ។ ការបញ្ជូនស្ត្រីរួបនេះបានធ្វើឡើងកាលពីរសៀលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨ បន្ទាប់ពីឃាត់ខ្លួន ។
សមត្ថកិច្ចជំនាញបញ្ជាក់ថា ស្រ្តីជាម្ដាយចុងឈ្មោះ លី ស្រីនីត ភេទស្រី អាយុ១៦ ឆ្នាំ មុខរបរកម្មករ ស្នាក់នៅផ្សាររោងក្លឿ (ថៃ) រស់នៅក្នុង ភូមិព្រៃព្រិច សង្កាត់ ក្រុងប៉ោយប៉ែត ។
ប្រភពបន្ថែមថា កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៨ ស្ត្រីឈ្មោះ ស៊ីសុផា អាយុ៤៨ ឆ្នាំ ត្រូវជាយាយបានយកចៅស្រីឈ្មោះ ណាត ស្រីម៉ី អាយុ៦ ឆ្នាំ ដែលមានម្ដាយឈ្មោះ យូ សុភី អាយុ២៤ ឆ្នាំ មុខរបលក់បាយផ្សារថៃ ដោយយកទៅលេងបងប្អូននៅផ្សាររោងក្លឿ(ថៃ) ហើយក៏នៅជិតបន្ទប់ឪពុកឈ្មោះ ស៊ីន ឆាយ អាយុ២៨ ឆ្នាំដែលកំពុងរស់នៅជាមួយប្រពន្ធចុង ឈ្មោះ លី ស្រីនីត ស្របពេលដែលឪពុកក្មេងរងគ្រោះ និងប្រពន្ធក្រោយមានជម្លោះ ។
ប្រភពបន្ថែមថា ក្រោយពីឪពុកក្មេងរងគ្រោះមានជម្លោះជាមួយប្រពន្ធក្រោយ ក៏ចេញពីបន្ទប់មកអូសរទេះ ពេលនោះ ស្រី្តជាម្ដាយចុងឃើញក្មេងរងគ្រោះកំពុងលេងជាមួយក្មេងៗក្បែរនោះ មានចិត្តខឹងប្ដី ក៏ហៅកុមារីរងគ្រោះឡើងលើម៉ូតូយកទៅព្រៃស្ងាត់ខាងក្រោយផ្សារ (សាវ៉ែនឥណ្ឌូចិន) ធ្វើសកម្មភាពវាយធ្វើបាបដោយទះតប់ ទាត់ធាក់ និងច្របាច់ក បណ្ដាលឲ្យកុមារីរងគ្រោះសន្លប់ និងរងរបួសធ្ងន់ រួចទុកកុមារីចោលក្នុងព្រៃរូចវិលត្រឡប់មកបន្ទប់វិញ ពេលប្ដីសូររកកូន គេឆ្លើយបដិសេធថា មិនដឹង ។ កុមារីរងគ្រោះត្រូវបានអ្នកលក់ដូរក្នុងប្រទេសថៃប្រទះឃើញ និងដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យស្រុកអារញ្ញប្រទេសថៃ ។
លោកវរសេនីយ៍ត្រីអោក សំណុក នាយរងការិយាល័យប្រឆាំងការជួញដូរ និងការពារអនីតិជនប្រាប់ថា ដោយយោងតាមពាក្យបណ្ដឹងរបស់ឈ្មោះ យូ សុភី ត្រូវជាម្ដាយកុមារីរងគ្រោះរស់នៅ ភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត បានប្ដឹងលើឈ្មោះ លី ស្រីនីត បានប្រើហិង្សាលើកូនរបស់ខ្លួន កម្លាំងជំនាញបានបើកការស្រាវជ្រាវ និងកំណត់មុខសញ្ញា ដោយមានការសម្របសម្រួលព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ មាស ចន្ចពិសិដ្ឋ ទើបឈានដល់ឃាត់ខ្លួនស្រ្តីខាងលើ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកម្លាំងជំនាញខេត្ត និងចាត់ការតាមផ្លូវច្បាប់ ៕ វណ្ណា