ខេត្តពោធិ៍សាត់ ៖ សមត្តកិច្ចនគរបាលស្រុកវាលវែងឃាត់ខ្លួនអ្នកសារព័ត៌មានអនឡាញ(TNM ) ២នាក់ តាមបណ្ដឹងរបស់អាជ្ញាធរឃុំថ្មដា និងក្រុមហ៊ុន MDS លោក ឧកញ៉ា ទ្រីភាព សង្ស័យជាប់ពាក់ព័ន្ធក្នុងករណីញុះញង់ និងផ្សព្វផ្សាយពត៌មានមិនពិត។
ប្រតិបត្តិការខាងលើធ្វើឡើងនៅវេលាម៉ោង២ និង០៥នាទី រសៀលថ្ងៃសុច័ន្ទ ៨កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨ ត្រង់ចំណុចភូមិសង្គមថ្មី ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។
យោងតាមរបាយការណ៍នគរបាលស្រុកវាលវែងឃើញថា អ្នកសារព័ត៌មានទាំងពីរូបត្រូវបាននគរបាលឃាត់ខ្លួនទី១ ឈ្មោះ មិន ផុន ភេទប្រុស អាយុ ៣៩ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន មានទីលំនៅភូមិដីក្រហម ឃុំធម្មតាអរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ជាអ្នកសារព័ត៌មានអនឡាញ(TNM) និងទី២ ឈ្មោះ សារៈ ដារ៉ា ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន មានទីលំនៅភូមិដំណាក់ធំ២ សង្កាត់.ខណ្ឌមានជ័យ រាជធានីភ្នំពេញ ជាអ្នកសារព័ត៌មានអនឡាញ(TNM)ដូចគ្នា។
របាយការណ៍ខាងលើបន្តថា ការដែលឃាត់ខ្លួនអ្នកសារព័ត៌មានទាំងពីនាក់ខាងលើនេះ គឺអនវត្តន៍ឡើងតាមបណ្ដឹងរបស់អាជ្ញាធរឃុំថ្មដា ក្រុមហ៊ុន MDS របស់លោក ឧកញ៉ា ទ្រីភាព និងបទបញ្ជាលោកព្រះរាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ ដោយដាក់ការសង្ស័យលើអ្នកសារព័ត៌មាន(TNM)ទាំងរូប បទញុះញង់ និងផ្សព្វផ្សាយពត៌មានមិនពិត ទោសជាប្រភពពីរបាយការណ៍នគរបាលស្រុកវាលវែងលើកឡើងបែបខាងលើនេះក្តី បុគ្គិលិកមជ្ឈមណ្ឌលសារព័ត៌មាន(នគរវត្ត)មិនទាន់អាចស្វែងរកសុំការពន្យល់ពីអ្នកសារព័ត៌មានទាំងនោះបាននៅឡើយនោះទេ។
ដោយឡែក៖ លោក វរសេនីយ៍ឯក ធាង ឡេង អធិការនៃអធិការដ្ឋាននគរបាលស្រុកវាលវែងបានឲ្យដឹងតាមទូរស័ព្ទ នាព្រឹកថ្ងៃពុធ ១០កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨ នេះថា ចំពោះជនសង្ស័យអ្នកសារព័ត៌មានទាំង ២នាក់ កំពុងរាបចំបញ្ជូនខ្លួនពួកគាត់ទៅស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ដើម្បីបន្តនីតិវិធី៕ ដោយ បឹុម ពិន