ខេត្តត្បូងឃ្មុំ៖ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំសហការជាមួយកម្លាំងនគរបាលស្រុកត្បូងឃ្មុំ បានបង្ក្រាបបទល្មើសគ្រឿងញៀន១ករណី ដោយឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់និងដកហូតបានវត្ថុតាងថ្នាំញៀនប្រភេទម្សៅក្រាមពណ៌សចំនួន៩កញ្ចប់ និងសម្ភារៈវេចខ្ចប់ប្រើប្រាស់គ្រឿងញៀនមួយចំនួនផងដែរ ។
ប្រតិបត្តិការណ៍នេះសមត្ថកិច្ចបានធ្វើឡើងកាលពីវេលាម៉ោង១០និង១៥នាទីយប់ ថ្ងៃទី២៤ វិច្ឆិកា ២០១៥ ស្ថិតនៅចំការកៅស៊ូឡូត៍លេខ៥៧D ភូមិ៤៦ ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។
លោកវរសេនីយ៍ត្រីឡុងសារិនអធិការរងនគរបាលស្រុកត្បូងឃ្មុំបានឲ្យដឹងថា ជនសង្ស័យដែលត្រូវសមត្ថកិច្ចឃាត់ខ្លួនរួមមាន ទី១ឈ្មោះប៊ុន វីណា ភេទប្រុស អាយុ១៨ឆ្នាំ ជាតិខ្មែរ ទី២ឈ្មោះ គ្រីសារ៉ាត់ ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរឥស្លាម ទី៣ឈ្មោះចាន់ ដាវី ភេទប្រុសអាយុ៣១ឆ្នាំ ជាតិខ្មែរ ។
ទាំង៣នាក់មានទីលំនៅភូមិ១៤ ឃុំជប់ស្រុក និងខេត្តត្បូងឃ្មុំ បច្ចុប្បន្នជនសង្ស័យរួមនិងវត្ថុតាងត្រូវបានសមត្ថកិច្ចជំនាញនគរបាលស្រុកត្បូងឃ្មុំ កំពុងតែកសាងសំណុំរឿងតាមនីតិវិធីដើម្បីបញ្ជូនទៅសាលាដំបូងខេត្តត្បូងឃ្មុំ ៕
ដោយ៖ ហេង សូរិយា