កម្មវិធី​កម្សាន្ត​សប្បាយ​ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក​ទាក់ទាញ​ការ​ចាប់អារម្មណ៍​

ចែករំលែក៖

​ភ្នំពេញ​៖​ ព្រឹក​ថ្ងៃ​ទី​២​នៃ​ព្រះរាជ​ពិធីបុណ្យ​អុំទូក​ នៅ​តាម​សួនច្បារ​នានា​មុខ​ព្រះ​បរមរាជវាំង​ សំរាម​ហើរ​រពុយ​ ដែល​បញ្ជាក់​ឲ្យ​ឃើញ​ថា​ ប្រជាពលរដ្ឋ​យើង​មិនសូវ​យកចិត្តទុកដាក់​អំពី​បញ្ហា​សំរាម​នេះ​ទេ​ ។​ ប៉ុន្តែ​ក្រៅ​អំពី​ការ​វាយតម្លៃ​ ទៅ​លើ​បញ្ហា​សំរាម​ ក៏​មានការ​លើក​ឡើង​ផង​ដែរ​ថា​ ប្រជាពលរដ្ឋ​ជា​ច្រើន​បាន​ចូលរួម​កម្សាន្ត​សប្បាយ​ក្នុង​រាត្រី​ដំបូង​នៃ​ព្រះរាជ​ពិធីបុណ្យ​នេះ​ ។​ បើ​ទោះបីជា​ឆ្នាំ​នេះ​មិន​មាន​ពិធី​ប្រណាំងទូក​ព្រោះតែ​ទឹក​រាក់​បែប​ណា​ក៏​ដោយ​ ក៏​កម្មវិធី​កម្សាន្ត​សប្បាយ​ផ្សេង​ទៀត​នៅ​តែ​ដំណើរការ​ដូច​ធម្មតា​ ក្នុង​នោះ​មាន​ទាំង​ការ​លក់ទំនិញ​ផ្សេងៗ​ ក៏​ដូច​ជា​ការ​រៀបចំ​ភ្លើងពណ៌​ នៅ​ក្នុង​រាជធានី​ភ្នំពេញ​នេះ​ផង​ ។​

aab

​បើ​ទោះបីជា​មនុស្ស​មិន​ច្រើន​ណែនណាន់តាន់តាប់​ដូច​បណ្តា​ឆ្នាំ​មុនៗ​ក៏​ដោយ​ ប៉ុន្តែ​អាជ្ញាធរ​បាន​រឹត​បន្តឹង​សន្តិសុខ​ជាង​សព​មួយ​ដង​ ។​ ផ្លូវ​មុខ​ព្រះ​បរមរាជវាំង​មិន​ត្រូវ​បាន​បិទ​នោះ​ទេ​ ពីព្រោះ​អាជ្ញាធរ​រំពឹង​ថា​ មិន​មាន​មនុស្ស​ច្រើន​ឡើយ​ ។​ ប៉ុន្តែ​សេចក្តី​រំពឹង​នោះ​មិន​អាច​យក​ជា​ការ​បាន​ដោយសារ​ប្រជាពលរដ្ឋ​នៅ​តាម​បណ្តា​ខេត្ត​ និង​រាជធានី​បាន​នាំ​គ្នា​ទៅ​មើល​ការ​ប្រគំ​តន្ត្រី​ និង​ទិញ​ទំនិញ​ផ្សេងៗ​ ។​ វា​គ្រាន់តែ​ណែន​ផ្លូវ​បន្តិច​ ប៉ុន្តែ​មិន​មានការ​កកស្ទះ​ចរាចរណ៍​អ្វី​នោះ​ឡើយ​ ។​ មនុស្ស​ម្នា​ជា​ច្រើន​សម្រុក​ទៅ​កាន់​តំបន់​កោះ​ពេជ្រ​ ជាទី​ដែល​សម្បូរ​កន្លែង​កម្សាន្ត​ និង​មានការ​តាំង​លក់​របស់របរ​ច្រើន​ ។​

​យុវនារី​ សន​ ស៊ូ​ណា​ មក​ពី​រាជធានី​ភ្នំពេញ​និយាយ​ថា​ ព្រះរាជ​ពិធីបុណ្យ​អុំទូក​ឆ្នាំ​នេះ​ពុំ​មាន​មនុស្ស​ច្រើន​ចូលរួម​ទេ​ ប៉ុន្តែ​យ៉ាងណា​ កម្មវិធី​កម្សាន្ត​សប្បាយ​នានា​នៅ​តែ​មាន​ ។​ ការ​ដែល​ទីក្រុង​ភ្នំពេញ​ហាក់ដូចជា​ស្ងប់ស្ងាត់​នៅ​វេលា​ថ្ងៃ​នោះ​ កញ្ញា​ ស៊ូ​ណា​ អះអាង​ថា​ អ្នក​ទីក្រុង​របស់​យើង​បាន​ចេញ​ទៅ​កម្សាន្ត​នៅ​តាម​បណ្តា​ខេត្ត​ ដូច្នេះ​ធ្វើ​ឲ្យ​ទីក្រុង​ស្ងាត់​បន្តិច​។​ ផ្ទុយ​ទៅ​វិញ​ ក៏​មាន​អ្នក​មក​ពី​ខេត្ត​ មក​ចូល​រាជធានី​ដើម្បី​មើល​ការ​ប្រគំ​តន្ត្រី​ និង​ទិញ​ទំនិញ​ ។​

​បើ​ទោះបីជា​មិន​អ​ធឹ​ក​អ​ធ័​ម​បែប​ណា​ក៏​ដោយ​ ប៉ុន្តែ​ព្រះរាជ​ពិធីបុណ្យ​នេះ​ប្រព្រឹត្ត​ទៅ​ជា​ប្រក្រតី​ វៀរលែងតែ​កម្មវិធី​ប្រណាំងទូក​មួយ​ប៉ុណ្ណោះ​ ។​ ស្ថានភាព​ទឹកទន្លេ​នៅ​មុខ​ព្រះ​បរមរាជវាំង​ត្រូវ​គេ​មើលឃើញ​ថា​ បាន​ស្រក​ចុះ​ជា​ខ្លាំង​ស្ទើរ​ដល់​បាតទន្លេ​ទៅ​ហើយ​ ។​ ស្ថានភាព​បែប​នេះ​មិន​ត្រឹមតែ​បង្ក​ការ​លំបាក​សម្រាប់​ការ​ប្រណាំងទូក​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​ថែម​ទាំង​បង្ក​ឲ្យ​មាន​ហានិភ័យ​ពេល​ប្រណាំង​នោះ​ទៀត​ផង​ ។​ មន្ត្រី​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​បុណ្យ​ជាតិ​ និង​អន្តរជាតិ​អះអាង​ថា​ ជម្រៅ​ទឹក​នៅ​មុខ​ព្រះ​បរមរាជវាំង​រហូត​មក​ដល់​ពេល​នេះ​មិន​អាច​អុំទូក​បាន​ទេ​ ព្រោះ​វា​រាក់​ពេក​ ។​

​សម្រាប់​អ្នក​លក់ដូរ​ ហាក់ដូចជា​មិន​សប្បាយចិត្ត​ប៉ុន្មាន​ទេ​ ព្រោះ​មិន​មាន​អតិថិជន​ច្រើន​ដូច​បណ្តា​ឆ្នាំ​មុនៗ​ ។​ ប៉ុន្តែ​ពួក​គេ​នៅ​តែ​រំពឹង​ថា​ នៅ​ថ្ងៃ​បន្តបន្ទាប់​ អាច​នឹង​មាន​ចំនួន​អ្នក​ទៅ​កម្សាន្ត​ច្រើន​ និង​អាច​លក់ដាច់​ច្រើន​ ។​ មិន​ត្រឹមតែ​អ្នកលក់​សម្ភារ​ ឬ​ទំនិញ​ផ្សេងៗ​នោះ​ទេ​ សូ​ម្បី​តែ​អ្នកលក់​គ្រឿង​ហូប​ចុក​ ក៏​ត្អូញ​ដូច​គ្នា​នេះ​ដែរ​ ។​ យ៉ាងណា​ក៏​ដោយ​ អ្នកលក់​គ្រឿង​ហូប​ចុក​ ហាក់ដូចជា​ដឹង​មុន​ ដោយ​មិន​បាន​កុម្ម៉ង់​សាច់​ និង​គ្រឿងគ្រៅ​ច្រើន​នោះ​ទេ​ ។​ ករណី​នេះ​ មិនមែន​ដោយសារ​មនុស្ស​តិច​នោះ​ឡើយ​ ប៉ុន្តែ​ហាង​ទំនើបៗ​ជា​ច្រើន​ដែល​លក់​គ្រឿង​ហូប​ចុក​ក្នុង​តម្លៃ​សមរម្យ​ ក៏​ជា​មូលហេតុ​ធ្វើ​ឲ្យ​អ្នក​លក់ដូរ​តាម​ទី​សាធារណៈ​បាត់បង់​អតិថិជន​របស់​ខ្លួន​ដែរ​ ។​

​កាលពី​ថ្ងៃ​ទី​៣១​ ខែតុលា​ ឆ្នាំ​២០១៥​ រាជរដ្ឋាភិបាល​បាន​ចេញ​សរា​ចរណ៍​ស្តី​ពី​ការ​ផ្អាក​ប្រារព្ធ​ព្រះរាជ​ពិធីបុណ្យ​អុំទូក​ បណ្តែត​ព្រះ​ទីប​ សំពះ​ព្រះ​ខែ​ ។​ ប៉ុន្តែ​ជា​ទូទៅ​ឆ្នាំ​នេះ​ គ្រាន់តែ​គ្មាន​ព្រះរាជ​ពិធីបុណ្យ​អុំ​ប៉ុណ្ណោះ​ រីឯ​កម្មវិធី​ផ្សេង​ទៀត​ នៅ​តែ​ប្រព្រឹត្ត​ដូច​សព្វមួយដង​ ។​ ជាមួយ​គ្នា​នេះ​ ការ​ឈប់​សម្រាក​របស់​មន្ត្រីរាជការ​ កម្មករ​ រយៈពេល​៣​ថ្ងៃ​ នៅ​តែ​ប្រព្រឹត្ត​ទៅ​ដូច​ធម្មតា​ ។​ ដោយសារ​តែ​មានការ​ឈប់​សម្រាក​នោះ​ហើយ​ ទើប​ជា​ឱកាស​នាំ​ឲ្យ​កម្មករ​ កម្មការិនី​ បាន​សម្រាក​នាំ​គ្នា​ទៅ​លេង​ស្រុក​កំណើត​ ។​ រីឯ​មន្ត្រីរាជការ​មានឱកាស​នាំ​ក្រុម​គ្រួសារ​ចាក​ចេញពី​រាជធានី​ភ្នំពេញ​ទៅ​កាន់​បណ្តា​ខេត្ត​ និង​ខ្លះទៅ​បរទេស​ក្នុង​ពេល​ឈប់​សម្រាក​នេះ​ ។​

​បើ​ទោះបីជា​មានការ​រិះគន់​ថា​ ការ​ផ្អាក​ព្រះរាជ​ពិធីបុណ្យ​អុំទូក​ហាក់ដូចជា​បាត់​បុណ្យ​អ្វីមួយ​នោះ​ ប៉ុន្តែ​ជា​ទូទៅ​ប្រជាពលរដ្ឋ​នៅ​តែ​អាច​កម្សាន្ត​សប្បាយ​បានជា​ធម្មតា​ដូច​ឆ្នាំ​មុនៗ​ ។​ វា​គ្មាន​អ្វី​ប្លែក​នោះ​ទេ​ ក្រៅ​តែ​ការ​តាមដាន​ការ​ប្រណាំងទូក​តាម​កញ្ចក់​ទូរទស្សន៍​ ដូច​នៅ​ឆ្នាំ​មុនៗ​ ។​ សម្រាប់​ឆ្នាំ​នេះ​ បើ​ទោះបីជា​គ្មាន​ព្រះរាជ​ពិធីបុណ្យ​អុំទូក​ ប៉ុន្តែ​កម្មវិធី​កម្សាន្ត​សប្បាយ​ជា​ច្រើន​ទៀត​ នៅ​តែ​មាន​ដដែល​ ។​

​តើ​ប្រវត្តិ​នៃ​ព្រះរាជ​ពិធីបុណ្យ​អុំទូក​យ៉ាងណា​ទៅ​?​

​ប្រវត្តិ​របស់​បុណ្យអុំទូក​ជា​ប្រពៃណី​របស់​កម្ពុជា​មានការ​កត់ត្រា​ទុក​នៅ​តាម​ឯកសារ​នានា​ទាំង​ជាតិ​និង​អន្តរជាតិ​។​ នៅ​តាម​ប្រាសាទ​និង​វត្ថុ​បុរាណ​នានា​ក៏​មាន​ចារ​ពី​ប្រវត្តិ​នៃ​បុណ្យអុំទូក​នេះ​ដែរ​។​

​តាម​សៀវភៅ​ជ័យ​វរ្ម័ន​ទី​៧​បាន​សរសេរ​ថា​នៅ​សម័យ​អង្គរ​កម្ពុជា​មានការ​រីក​ចម្រើន​ខ្លាំង​ហើយ​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​៧​បាន​ប្រើប្រាស់​កងទ័ពជើងទឹក​ដែល​មាន​ទូក​ធ្វើ​ជា​មធ្យោបាយ​យាន្ត​ជំនិះ​សម្រាប់​ច្បាំង​ជាមួយ​សត្រូវ​។​ នៅ​តាម​ជញ្ជាំង​ប្រាសាទបាយ័ន​និង​ប្រាសាទបន្ទាយឆ្មារ​ក៏​មាន​ឆ្លាក់​ពី​សកម្មភាព​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​៧​ដឹកនាំ​ទ័ពជើងទឹក​ច្បាំង​ជាមួយ​សត្រូវ​។​

​សាស្ត្រាចារ្យ​ប្រវត្តិសាស្ត្រ​ខ្មែរ​លោក​ វង់​ សុធា​រ៉ា​ មាន​ប្រសាសន៍​ថាបើ​ផ្អែក​លើ​ភស្តុ​តាង​ប្រវត្តិសាស្ត្រ​និង​ភូមិសាស្ត្រ​លោក​ថា​ នៅ​សម័យ​អង្គរ​កម្ពុជា​ស្ទាត់ជំនាញ​ក្នុង​ការ​ប្រើប្រាស់​ទូក​។​ លោក​និយាយ​ថា​៖​ “​បើ​តាម​ចម្លាក់​តាម​អី​នៅ​លើ​ជញ្ជាំង​ប្រាសាទ​បង្ហាញ​ពី​ចម្បាំង​តាម​រវាង​ទ័ព​ខ្មែរ​ ទ័ព​ចាម​ ទ័ព​អីហ្នឹង​ខ្មែរ​គឺ​មាន​ប្រពៃណី​ការ​ប្រើប្រាស់​ទូក​ប្រើប្រាស់​នាវាចរ​ស​ម្រ​ប់​ធ្វើ​ចម្បាំង​ផង​សម្រាប់​ធ្វើ​គមនាគមន៍​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ​ជា​ពិសេស​ផ្នែក​ពាណិជ្ជកម្ម​ហ្នឹង​មាន​តាំងពី​យូរណាស់​មក​ហើយ​”​។​

​ឯកសារ​ល្បែង​ប្រណាំងទូក​របស់​ក្រុម​ជំនុំ​ទំនៀមទម្លាប់​និពន្ធ​ដោយ​លោក​ ថា​ច់​ ប៉ែន​ បែងចែក​ទូក​តំណាង​ឲ្យ​កងទ័ព​៣​ប្រភេទ​គឺ​ទី​១​ហៅ​ទ័ពស្រួច​ហាត់​ច្បាំង​និង​ទូក​អុំ​ដែល​មាន​ទ្រង់ទ្រាយ​ដូច​ទូកប្រណាំង​សព្វថ្ងៃ​ ក្រុម​ទី​២​ហៅ​ទ័ព​ជំនួយ​ហាត់​ច្បាំង​និង​ទូក​ចែវ​ដែល​មាន​ទ្រង់ទ្រាយ​ដូច​ទូកប្រណាំង​សព្វថ្ងៃ​ និង​ក្រុម​ទី​៣​ហៅ​ទ័ព​បា​សាក់​គឺ​ទូក​ធំ​មាន​ដំបូល​មាន​ចែវ​មាន​ក្តោង​ទ្រង់ទ្រាយ​ដូច​ជា​ទូក​បា​សាក់​ហៅ​ទូកប៉ុក​ចាយ​ជា​ទូក​សម្រាប់​ផ្ទុក​ស្បៀងអាហារ​។​

​លោក​ វង់​ សុធា​រ៉ា​ ឲ្យ​ទៀត​ថា​ឯកសារ​ចិន​ក៏​បាន​កត់ត្រា​ពី​ប្រវត្តិ​អុំទូក​របស់​ខ្មែរ​ដែរ​។​ លោក​បន្ត​ថា​៖​ “​ដូច​តាំងពី​ជំនាន់​ តាំង​ថៃ​ និង​ ជូ​យី​ង​ គាត់​បាន​និយាយ​ពី​រឿង​ស្តេច​ខ្មែរ​វាតទី​ទឹកដី​ស្តេច​អង្គ​ហ្នឹង​គាត់​បាន​វាតទី​ដឹក​ដី​ឲ្យ​អាណាចក្រ​ហ្វ៊ូ​ណ​ន​ហើយ​គាត់​ច្បាំង​នៅ​ហ្នឹង​សមរភូមិ​ទៀត​ផង​ ហេតុ​ដូចនេះ​ប្រពៃណី​នៃ​ការ​ប្រើប្រាស់​ទូក​សម្រាប់​ធ្វើ​ចម្បាំង​របស់​ខ្មែរ​វា​មាន​យូរ​ជាង​ជំនាន់​អង្គរ​ទៅ​ទៀត​”​។​

​មានការ​បកស្រាយ​នៅ​តាម​ឯកសារ​ផ្សេងៗ​ទៀត​បាន​ភា្ជ​ប់​ប្រពៃណី​បុណ្យអុំទូក​នេះ​ទៅ​នឹង​ប្រវត្តិ​ព្រះពុទ្ធ​ជា​ម្ចាស់​ដោយ​បាន​លើក​ឡើង​ថា​ការ​ប្រារព្ធ​ពិធី​នេះ​គឺ​ដើម្បី​រំលឹក​គុណ​ម៉ែ​គង្គា​និង​ម៉ែ​ធរណី​ដែល​បាន​ផ្ដល់​ដី​និង​មច្ឆា​សម្រាប់​បង្កបង្កើន​ទ្រទ្រង់​ជីវភាព​រស់នៅ​។​

​ពិធីបុណ្យ​នេះ​គេ​តែង​ប្រារព្ធ​ធ្វើ​៣​ថ្ងៃ​គឺ​ថ្ងៃ​១៤​កើត​ ១៥​កើត​ និង​ថ្ងៃ​១​រោ​ជ​ ខែកត្តិក​គឺ​ធ្វើ​នៅ​តាម​ដង​ទន្លេសាប​មុខ​ព្រះ​បរមរាជវាំង​។​ បច្ចុប្បន្ន​ការ​ប្រណាំងទូក​ក៏​មាន​រៀបចំ​ឡើង​នៅ​តាម​ខេត្ត​មួយ​ចំនួន​ដែល​មាន​បឹង​ ស្ទឹង​ ឬ​ទន្លេធំៗ​ដែរ​ដូច​ជា​នៅ​សៀមរាប​ ស្វាយ​រៀង​ បាត់ដំបង​ និង​ ខេត្តកណ្តាល​ជាដើម​ ៕​

១

២

៣

...

ដោយ៖ ហេង​ សូ​រិ​យា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print