ប្រទេស Tanzania ទ្វីបអាហ្វ្រិក៖ គ្រោះថ្នាក់លិចសាឡាងដឹកអ្នកដំណើរនៅដងទន្លេរទឹកសាបធំបំផុតនៅទ្វីបអាហ្វ្រិក អាចបណ្តាលឲ្យមានអ្នកស្លាប់កើនឡើងជាង ២០០នាក់ដោយសារតែសាឡាងលិចពីជិតយប់ មេឃងងឹតពិបាកក្នុងការស្វែងរកជនរងគ្រោះ។
មកទល់ពេលនេះមានមនុស្ស ៤៤នាក់ស្លាប់ នៅពេលដែល សាឡាងMV Nyerere ដឹកអ្នកដំណើរលិចនៅលើដងទន្លេVitoria ប្រទេស Tanzania ។ មន្ត្រីក្នុងតំបន់បង្ហាញពីក្តីបារម្ភថា អ្នកស្លាប់អាចនឹងកើនឡើងដល់ជាង២០០នាក់ ។
សារព័ត៌មានAP បានដកស្រង់សម្តីលោកJohn Mongella មន្ត្រីក្នុងតំបន់ Mwana បានឲ្យដឹងថា៖ មកទល់ពេលនេះទើបតែមាន មនុស្ស ៣៧នាក់ប៉ុណ្ណោះដែលបានជួយសង្គ្រោះ ក្រោយពេលសាឡាង MV Nyerere លិច នៅជិតកោះUkara ។ សាឡាងខាងលើដឹកអ្នកដំណើរប្រមាណ ជាង៣០០នាក់។ លោកបន្តទៀតថាពេលនេះយើងផ្តោតទៅលើការជួយសង្គ្រោះជាបន្ទាន់ ដើម្បីកាត់បន្ថយចំនួនអ្នកស្លាប់ ។
សារព័ត៌មានរ៉យទ័របានផ្សាយថា សកម្មភាពជួយសង្គ្រោះត្រូវបាន ផ្អាករងចាំមេឃភ្លឺ ។ ទីតាំងសាឡាងលិច ស្ថិតនៅជិតកំពង់ផែកោះUkara កាលពីល្ងាចថ្ងៃទី២០ខែកញ្ញា ។ នៅពេលនេះគេមិនអាចដឹកពីចំនួនមនុស្សនៅលើសាឡាងនោះឡើយដោយសារតែ បុគ្គលិកលក់សំបុត្រ ក៏ស្ថិតនៅក្នុងចំណោមអ្នកស្លាប់ ហើយសម្ភារៈឯកសារនានាក៏បានបាត់អស់។ ក្រៅពីដឹកមនុស្ស ក៏មានទំនិញជាច្រើននៅលើសាឡាងផងដែរ ។ មូលហេតុបណ្តាលឲ្យលិច មិនទាន់ដឹងនៅឡើយ ប៉ុន្តែមានការសន្និដ្ឋានថាសាឡាងអាចដឹកលើសចំនួន។
ទន្លេVictoria គឺជាទន្លេរទឹកសាប ធំបំផុតនៅទ្វីបអាហ្វ្រិក ឡោមព័ទ្ធដោយប្រទេស Tanzania ,Kenya និង អ៊ុយហ្គានដា។ទន្លេខាងលើគឺជាតំបន់ដែលតែងតែកើតឡើងនៅសោកនាដកម្មជាច្រើន ។ នៅឆ្នាំ១៩៩៦ មានមនុស្សជាង ៨០០នាក់ស្លាប់ ក្នុងការលិចសាឡាងMV Bukoba ។ កាលពី៦ឆ្នាំមុន ក៏មានមនុស្ស ១៤៤នាក់ស្លាប់និងបាត់ខ្លួនដោយលិចសាឡាងដូចគ្នា នៅជិតកោះ Zanzibar ប្រទេស Tanzania៕
ដោយ៖ មែវ សាធី