កម្លាំងទាហានទូរគីបានបាញ់ទម្លាក់យន្តហោះចម្បាំងរុស្ស៊ីមួយគ្រឿងស្ថិតនៅបន្ទាប់ព្រំដែនជាប់ជាមួយប្រទេសស៊ីរីកាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៥ បង្កឲ្យមានស្ថានការកាន់តែតានតឹងខ្លាំងឡើង ខណៈដែលប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានព្រមានថា រុស្ស៊ីនឹងចាត់វិធានការតបតទីក្រុង Ankara ឲ្យបានស័ក្តិសមជាទីបំផុត ។
ប្រធានអង្គការណាតូ លោក Jens Stoltenberg បានថ្លែងថា កម្លាំងរបស់អង្គការណាតូមិនអាចបោះបង់សមាជិករបស់ខ្លួននៅពេលមានរឿងបានឡើយ គឺឈរនៅខាងទួរគីជានិច្ច ប៉ុន្តែទោះបីយ៉ាងណា លោកបានអំពាវនាវឲ្យមានការស្ងប់ស្ងាត់ពីមេដឹកនាំពិភពលោក ពីព្រោះខ្លាចស្ថានការតានតឹងបង្កឲ្យមានការប៉ះទង្គិចគ្នាកើតឡើងរវាងកម្លាំងសម្ពន្ធមិត្តអង្គការណាតូ នឹងយន្តហោះចម្បាំងរុស្ស៊ីដែលកំពុងមានវត្តមាននៅលើដែនអាកាសប្រទេសស៊ីរីនោះ ។
ទីក្រុង Ankara បានស្នើឲ្យអង្គការណាតូដែលមានសមាជិកទាំង២៨ប្រទេសនោះកោះប្រជុំជាបន្ទាន់ក្រោយអំពីហេតុការណ៍ខាងលើនេះបានកើតឡើង ។ លោក Stoltenberg បានថ្លែងនៅក្រោយកិច្ចប្រជុំបន្ទាន់នេះថា «យើងឈរទៅលើសាមគ្គីភាពជាមួយទួរគី និងគាំទ្រអធិបតេយ្យភាពដែនដីរបស់សម្ពន្ធមិត្តអង្គការណាតូជានិច្ច» ។ ការដោះស្រាយតាមរយៈការទូត និងការមិនបង្កឲ្យស្ថានការណ៍តានតឹងខ្លាំងឡើងមានសារសំខាន់ខ្លាំងណាស់នៅពេលនេះដើម្បីដោះស្រាយស្ថានស្ថានការណ៍មួយនេះ ។
ប្រភពកម្លាំងយោធារបស់ទួរគីបានថ្លែងថា យន្តហោះចម្បាំងនោះត្រូវបាញ់ទម្លាក់ដោយយន្តហោះចម្បាំងទួរគី F-16s ២គ្រឿង បន្ទាប់ពីវាបានរំលោភដែនអាកាសទួរគីរយៈពេល១០លើក ហើយក្នុងមួយលើកៗមានរយៈពេល៥នាទីនោះ ។
ឯកអគ្គ្រដ្ឋទូតទួរគីប្រចាំនៅអង្គការសហប្រជាជាតិ លោក Halit Cevik បានផ្ញើលិខិតមួយច្បាប់ទៅកាន់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបញ្ជាក់ថា យន្តហោះចម្បាំងរុស្ស៊ី២គ្រឿងបានហោះរំលោភជាងមួយម៉ៃចូលក្នុងដែនអាកាសទួរគី ក្នុងអំឡុងពេលប្រមាណ១៧វិនាទី ។
ប៉ុន្តែទីក្រុងមូស្គូបានរិះគន់យ៉ាងខ្លាំងក្លាចំពោះទួរគីដែលបានបាញ់ទម្លាក់យន្តហោះចម្បាំង Su-24 របស់រុស្ស៊ីនេះ ។ រុស្ស៊ីអះអាងថា យន្តហោះចម្បាំងរបស់ខ្លួនគឺស្ថិតនៅក្នុងដែនអាកាសប្រទេសស៊ីរីតែប៉ុណ្ណោះ និងបានបញ្ជាក់ថា អាកាសយានិកម្នាក់ក្នុងចំណោមពីរនាក់ដែលលោតចេញពីយន្តហោះចម្បាំងនោះត្រូវខ្មាន់កាំភ្លើងបាញ់សម្លាប់ នៅលើដីថែមទៀតផង ។
លោកវ្ល៉ាឌីមៀរ ពូទីន បានចាត់ទុកការបាញ់ប្រហារទម្លាក់យន្តហោះចម្បាំងនៅពេលនេះដូចទៅនឹងសកម្មភាពក្រុមភេរវកម្ម ហើយថា រុស្ស៊ីនឹងចាត់វិធានការតបតទៅវិញឲ្យបានស័ក្តិសមបំផុត និងបានព្រមានពីការប្រេះស្រាំទំនាក់ទំនងរវាងរុស្ស៊ី នឹងទួរគីផងដែរ ។
រដ្ឋមន្ត្រីក្រសួងការបរទេសរុស្ស៊ី លោក Sergei Lavrov បានលុបចោលការធ្វើដំណើរតាមយន្តហោះទៅកាន់ប្រទេសទួរគីកាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៥ និងមានព្រមានពលរដ្ឋរបស់ខ្លួនកុំឲ្យធ្វើដំណើរទៅកាន់ប្រទេសទួរគីថែមទៀតផង ។
លោក Sergei Rudskoi អ្នកនាំពាក្យកម្លាំងយោធារុស្ស៊ីបានថ្លែងថា នាវាចម្បាំងបំពាក់កាំជ្រួចមីស៊ីលនាំផ្លូវ Moskva នៅពេលនេះត្រូវដាក់ឲ្យបោះទីតាំងនៅជិត Latakia ព្រំដែនសមុទ្រមេឌីទែរ៉ាណេរបស់ស៊ីរី ដើម្បីការពាររាល់ការគំរាមកំហែងមកលើកងកម្លាំងរបស់រុស្ស៊ី ៕
ប្រែសម្រួល៖ ថាច់ យ៉ាត