ខេត្តកណ្តាល៖ ចាប់ពីម៉ោង២រសៀលថ្ងៃទី២៥ខែវិច្ឆិកាឆ្នាំ២០១៥ នៅសួនច្បារក្រុងតាខ្មៅ ខេត្តកណ្តាល លោកស្រីឧកញ៉ាសៀង ចាន់ហេង អគ្គនាយិកាក្រុមហ៊ុនហេងអភិវឌ្ឍន៍ និងអាជ្ញាធរដែនដីបានរៀបចំពិធីកម្មវិធីអកអំបុក បណ្តែតព្រះទីប សំពះព្រះខែ និង សម្រក់ទៀនសុំទឹកភ្លៀង តាមប្រពៃណីខ្មែរដែលតែងធ្វើជារៀងរាល់ឆ្នាំក្នុងពេលមាន ព្រះរាជពិធីបុណ្យអុំទុកម្តងៗ ។
នៅតាមសួនច្បារជួរមាត់ទន្លេក្រុងតាខ្មៅមានប្រជាពលរដ្ឋមិនតិចជាង៥០០០នាក់ ក្នុងសម្លៀកបំពាក់ស្អាតបាតបាននាំគ្នាទៅចូលរួមកម្សាន្ត និងចង់ដឹងពីប្រពៃណីដ៏រុងរឿងរបស់ខ្មែរ ជាពិសេសការផលិតអំបុកដ៏ស្រួយឈ្ងុយឆ្ងាញ់មានអ្វីខ្លះ ?
ដើម្បីបញ្ជាក់ថាអំបុកផលិតចេញអ្វី លោកស្រីឧកញ៉ា សៀង ចាន់ហេង បានរៀបចំពិធីនេះឡើង គឺធ្វើពិធីច្រូតស្រូវ បែនស្រូវ ដាល់អំបុកដោយយកស្រូវទៅលីងនឹងអំបែងឆ្នាំង ឬក្អមឲ្យផ្ទុះក្លាយជាលាជ ទើបចាក់ចូលក្នុងត្បាល់រួចបុកនឹងអង្រែពីរគ្រឿងលាន់ស្នូរដូចប្រគំតន្ត្រីឲ្យម៉ត់ រួចហើយបារចេញពីត្បាល់ឲ្យបានច្រើនដាក់ក្នុងចង្អេរ និងអុំយកកន្ទក់ចេញ ទើបក្លាយជា អំបុកខ្មែរស្រួយឈ្ងុយឆ្ងាញ់ ។
នៅក្នុងរាត្រីនោះដែរ លោកស្រី ឧកញ៉ា សៀង ចាន់ហេង ក៏បានរៀបចំពិធី បណ្តែតប្រ ទីបតាមដងទន្លេ ពិធីអកអំបុក សំពះព្រះខែ និង ពិធីសម្រក់ទៀនសុំទឹកភ្លៀងផងដែរ ។ បន្ទាប់មកក៏មានរៀបចំការប្រគំតន្រី្តជូនប្រជាពលរដ្ឋកម្សាន្តសប្បាយផងដែរ ៕
ដោយ៖ ប្រាថ្នា