ខេត្តពោធិ៍សាត់៖ ផ្ទះនគរបាល១ខ្នងដែលគេដឹងថា ជួលឱ្យគេស្នាក់នៅត្រូវបានអគ្គិភ័យឆាបឆេះទាំងស្រុង ដោយគេសង្ស័យអ្នកជួលស្នាក់នៅខឹងប្រពន្ធរត់ចោលក៏ដុតឆេះម៉ត់រួចរត់គេចខ្លួនបាត់ស្រមោល ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ០០និង៥០នាទីរំលងអាធ្រាត្រឈានថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៥ ស្ថិតក្នុងភូមិព្រៃខ្លុង ឃុំរកាត ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។
ប្រភពពត៌មានពីសមត្ថកិច្ចស្រុកភ្នំក្រវាញ បានឱ្យដឹងថា ម្ចាស់ផ្ទះត្រូវបានគេស្គាល់ឈ្មោះ លឹម ចាន់បាន ភេទប្រុស អាយុ ៤៣ឆ្នាំ ជាមន្ត្រីនគរបាលស្រុកភ្នំក្រវាញ និងជាអ្នកមើលការខុសត្រូវផ្សារស្រុកភ្នំក្រវាញ មានទីលំនៅក្នុងទីរួមស្រុកភ្នំក្រវាញ ។ ប្រភពបន្តថា តាមការរៀបរាប់ពីម្ចាស់ផ្ទះជាមន្ដ្រីនគរបាល បានឱ្យដឹងថា ផ្ទះរបស់គាត់ត្រូវបានអគ្គីភ័យឆាបឆេះខាងលើមានទំហំ ៥ម៉ែត្រ គុណនឹង ១២ម៉ែត្រ ដំបូលប្រក់ស័ង្កសី ជញ្ជាំងថ្ម នៅចំការស្ថិតក្នុងភូមិ.ឃុំកើតហេតុ ប៉ុន្ដែពុំបាននៅផ្ទះកើតហេតុនេះទេ ដោយគាត់ជួលទៅឱ្យប្ដីប្រពន្ធស្គាល់គ្នាស្នាក់នៅ ប៉ុន្តែគ្រួសារស្នាក់នៅផ្ទះកើតហេតុខាងលើនេះ ដូចជាមានអាថកំបាំងដោយពុំមានប្រភពណាមួយ ឆ្លើយប្រាប់ពីអត្ដសញ្ញាណប្ដីប្រពន្ធ ជួលស្នាក់នៅនោះច្បាស់លាស់នៅឡើយទេ ហើយការឆេះនេះក៏ពុំទាន់ដឹងមូលហេតុអ្វី ហើយខូចខាតសម្ភារៈអ្វីឱ្យច្បាស់លាស់នោះដែរ ដោយស្ថិតក្នុងការស្រាវជ្រាវនៅឡើយ ។
ប្រភពផ្សេងៗជុំវិញកន្លែងកើតហេតុ និងនៅក្នុងស្រុកភ្នំក្រវាញលើកឡើងស្រដៀងៗគ្នាថា ការឆេះខាងលើនេះ ត្រូវបានគេសង្ស័យបុរសជាប្ដីផឹកស្រាស្រវឹងជោគជាំ ហើយបានដុតតែម្តង ខណៈបុរសសង្ស័យខាងលើ អន់ចិត្តនឹងប្រពន្ធរបស់ខ្លួនរត់ចោលកាលពីមុនកើតហេតុ ដោយកន្លងមកគេសង្កេតឃើញគ្រួសារជួលផ្ទះគេស្នាក់ នៅ ដើម្បីរកស៊ីចិញ្ចឹមជីវិតខាងលើ ដូចជាមិនសូវចុះសម្រុងនឹងគ្នានោះឡើយ ឈ្លោះប្រកែកគ្នាជាញឹកញាប់ស្ទើរតែរាល់ថ្ងៃ ៕
ដោយ៖ ប៉ឹម ពិន