នៅក្នុងសន្តរកថា នៅមហាសន្និបាទអង្គការសហប្រជាជាតិ ប្រធានាធិបតីកូរ៉េខាងត្បូង លោកម៉ូនជេអីនបានអំពាវនាវឲ្យបណ្តាប្រទេសជុំវិញពិភពលោក មានសកម្មភាពវិជ្ជមាន ទៅលើកូរ៉េខាងជើង ក្រោយពេលមេដឹកនាំ គីមជុងអ៊ុន មានជម្រើសថ្មី នៅក្នុងការបោះបង់កម្មវិធីបរមាណូ ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ច។
សារព័ត៌មាន Channel News Asia បានផ្សាយថា៖ លោក Moon បានសសើរដល់មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន ចំពោះមុខមេដឹកនាំជុំវិញពិភពលោក នៅក្នុងមហាសន្និបាត ។ លោក ម៉ូន បញ្ជាក់ថា មេដឹកនាំកូរ៉េខាងជើងបានផ្លាស់ប្តូរនយោបាយ នៅឧប្បទ្វីបកូរ៉េ លុបការប្រឈមមុខដាក់គ្នា ដើម្បីទទួលបានសន្តិភាពនិងការអភិវឌ្ឍន៍។
លោក ម៉ូន បញ្ជាក់ថា «កូរ៉េខាងជើង បានសម្រេចបោះបង់ចោលភាពឯកកោជាច្រើនឆ្នាំកន្លងមក ដោយវិលត្រឡប់ចូលជាមួយសហគមន៍ អន្តរជាតិជាថ្មីឡើងវិញ ។ នេះជាពេលវេលាដែលសហគមន៍អន្តរជាតិ ត្រូវតែមានសកម្មភាពវិជ្ជមាន ទៅលើជម្រើសនយោបាយថ្មីរបស់មេដឹកនាំគីមជុងអ៊ុន ។
ប្រធានាធិបតីកូរ៉េខាងត្បូងបានលើកឡើងពីគម្រោងអនុវត្ត ជាច្រើនដំណាក់កាលនៅក្នុងការលុបបំបាត់បរមាណូ និងមីស៊ីលនៅកូរ៉េខាងជើង ដើម្បីទទួលការលុបទណ្ឌកម្មពី អង្គការសហប្រជាជាតិ។ ប៉ុន្តែសំណើររបស់ភាគីកូរ៉េខាងត្បូង បង្ករឲ្យមានការមន្ទិលសង្ស័យពីអាមេរិកនិងជប៉ុន ដោយប្រទេសទាំងពីរបានបញ្ជាក់ថា កូរ៉េខាងជើង ចាំបាច់ត្រូវតែលុប បំបាត់បរមាណូទាំងស្រុង ទើបលុបទណ្ឌកម្ម។
ប៉ុន្តែប្រធានាធិបតីកូរ៉េខាងត្បូង វិញ បានលើកឡើងថា សហគមន៍អន្តរជាតិ គួរតែមាន សុទិដ្ឋិនិយមចំពោះ មេដឹកនាំគីមជុងអ៊ុន។ លោកបន្តទៀតថា «យើងចាំបាច់ត្រូវតែ ជួយ លោក គីម ឲ្យមានទំនុកចិត្តនិង ទឹកចិត្តនៅក្នុងការរំសាយអាវុធបរមាណូនិងមីស៊ីល ដែលជាសកម្មភាពត្រឹមត្រូវបំផុត។យើងត្រូវតែលើកទឹកចិត្ត ដើម្បីឲ្យដើរនៅលើវិថីសន្តិភាព យូរអង្វែង បញ្ចប់ការប្រឈមមុខដាក់គ្នា។
ជាមួយគ្នានេះដែរ រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក លោក Mike Pompeo បានជួបជាមួយសមភាគីកូរ៉េខាងជើង លោក Ri yong Ho នៅទីក្រុងញ៉ូវយ៉ក ហើយក្រោយមក រដ្ឋមន្ត្រីការបរទេសអាមេរិកបានប្រកាសថា នឹង វិលត្រឡប់ទៅកាន់ទីក្រុងព្យុងយ៉ាងនៅខែក្រោយដើម្បីជម្រុញការរំសាយបរមាណូ កាន់តែលឿន។
កាលពីឆ្នាំ ២០១៧ អាមេរិកនិង អង្គការសហប្រជាជាតិ បានអនុម័តដាក់ទណ្ឌកម្ម ដល់ទៅ ៣លើកលើសេដ្ឋកិច្ចកូរ៉េខាងជើង ដើម្បីកាត់បន្ថយប្រភពចំណូលសម្រាប់បម្រើវិស័យ ផលិតបរមាណូ ។ ពេលនេះ ទាំងចិននិងរុស្ស៊ី បានស្នើរដល់អាមេរិក លុបទណ្ឌកម្មកូរ៉េខាងជើង ដើម្បីជាកម្លាំងជម្រុញដល់ទីក្រុងព្យុងយ៉ាង អនុវត្តនៅការសន្យារបស់ខ្លួនឲ្យបានឆាប់បំផុត។
បើទោះបី ទំនាក់ទំនងរវាងអាមេរិកនិងកូរ៉េខាងជើង ល្អប្រសើរជាងមុន ប៉ុន្តែ អាមេរិក បានកត់សម្គាល់ឃើញថាកូរ៉េខាងជើង នៅតែមិនទាន់មានជំហានច្បាស់លាស់ក្នុងការ រំសាយអាវុធ បរមាណូ ។ នៅក្នុងជំនួបថ្មី រវាងមេដឹកនាំកូរ៉េទាំងពីរ លោក គីមជុអ៊ុន បានយល់ព្រម រំលាយទីតាំងសាកល្បង បរមាណូនិងមីស៊ីល ក្រោមការ ឃ្លាំមើលពីអន្តរជាតិ ប្រសិនបើទីក្រុងវ៉ាស៊ីនតោន មានសកម្មភាព វិជ្ជមាននោះ។
តើនឹងមានទំនុកចិត្តថាមេដឹកនាំកូរ៉េខាងជើង ព្រមបោះបង់កម្មវិធីបរមាណូ ដែលបានខិតខំអភិវឌ្ឍន៍ទាំងលំបាក?
ប្រធានាធិបតីកូរ៉េខាងត្បូង លោក ម៉ូនជេអីន បាន សង្កត់ធ្ងន់ថា ថ្វីបើ មេដឹកនាំ គីម ជុងអ៊ុន ជាមេដឹកនាំវ័យក្មេង តែលោកជាមនុស្សយល់ដឹង ហេតុផល ជាមនុស្សស្មោះត្រងនិងគោរពទៅតាមពាក្យសន្យារបស់ខ្លួន គ្រប់ពេល វេលា។
លោកធ្លាប់បានសន្យាជួយពលរដ្ឋកូរ៉េខាងជើងរួចផុតពី សង្គ្រាម និងភាពក្រីក្រ ហើយពេលនេះ លោក គីម កំពុងតែអនុវត្ត។កន្លងមក លោក គីម បានសន្យាថា «លុបបំបាត់អាវុធនុយក្លេអ៊ែរចោលទាំងស្រុងពីឧបទ្វីបកូរ៉េ» ពេលនេះអ្វីដែលលោក និយាយកំពុងតែក្លាយទៅជាការពិត បន្តិចម្តងៗ។
នៅក្នុងបទសម្ភាសន៍ជាមួយស្ថានីយទូរទស្សន៍អាមេរិក Fox News នៅថ្ងៃអង្គារនេះ (ម៉ោងនៅអាមេរិក) លោក មូន ជែអ៊ីន ក៏បានអះអាងដែរថា លោកមានជំនឿចិត្តយ៉ាងមុតមាំថា កូរ៉េខាងជើង នឹងរំសាយចោលអាវុធនុយក្លេអ៊ែរ ព្រោះវាគឺជាពាក្យសន្យាចេញពីមាត់របស់លោក គីម ជុងអ៊ុន។
នៅក្នុងបទសម្ភាសន៍នោះ លោក មូន បានសង្កត់ធ្ងន់យ៉ាងដូច្នេះថា «ខ្ញុំជឿថា មនុស្សជាច្រើនមិន ជឿឡើយថា កូរ៉េខាងជើងនឹងរំសាយអាវុធនុយក្លេអ៊ែរតាមការសន្យា ដោយសារតែការសន្យា និងកិច្ចព្រមព្រៀងបែបនេះបានបរាជ័យជាច្រើនដងរួចមកហើយ… ក៏ប៉ុន្តែកិច្ចព្រមព្រៀងចុងក្រោយនេះ គឺខុសគ្នាទាំងស្រុងពីកិច្ចព្រមព្រៀងមុនៗ ដ្បិតវាត្រូវបានព្រមព្រៀង ដោយប្រធានាធិបតីអាមេរិក និងមេដឹកនាំកូរ៉េខាងជើងដោយផ្ទាល់»។
គួររំលឹកថា លោក គីម ជុងអ៊ុន បានសន្យារំសាយអាវុធនុយក្លេអ៊ែររបស់ខ្លួន នៅក្នុងជំនួបកំពូលនៅសិង្ហបុរី កាលពីថ្ងៃទី១២ ខែមិថុនា ជាមួយលោក ដូណាល់ ត្រាំ។ ប៉ុន្តែអ្នកជំនាញជាច្រើន បានរិះគន់លើកិច្ចព្រមព្រៀងនេះដោយអះអាងថា វាមិនបានបញ្ជាក់លម្អិតពីមធ្យោបាយជាក់លាក់ ក្នុងការរំសាយអាវុធនុយក្លេអ៊ែរឡើយ។
បច្ចុប្បន្នលោក មូន ជែអ៊ីន កំពុងស្ថិតនៅក្នុងសហរដ្ឋមេរិក ដើម្បីចូលរួមកិច្ចប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិក្នុងទីក្រុង ញូយ៉ក ខណៈមានការរំពឹងទុកជាច្រើនថា ក្រុមមន្ត្រីកូរ៉េខាងជើង និងអាមេរិក នឹងជួបពិភាក្សាគ្នាស្ដីពីការរៀបចំជំនួបកំពូលរវាង លោក ត្រាំ និងលោកគីម ជាលើកទី ២។
ជាមួយគ្នានេះដែរ មេដឹកនាំកូរ៉េខាងជើង គីមជុងអ៊ុន នឹងបំពេញទស្សនកិច្ចទៅកាន់ ទីក្រុងសេអូល កូរ៉េខាងត្បូង នៅក្នុងខែធ្នូឆ្នាំ នេះ ដើម្បីបន្តរិតចំណងមិត្តភាព សាមគ្គីភាពរវាងបងប្អូន កូរ៉េទាំងពីរ ។ ក្រុមអ្នកឯកទេសបានលើកឡើងថា ប្រសិនបើ លោក គីមទៅកាន់កូរ៉េខាងត្បូង ហើយ មានជំនួបជាលើកទីពីរ ជាមួយប្រធានាធិបតីអាមេរិក នោះ ការរំសាយបរមាណូ នឹងត្រូវធ្វើឡើងក្នុងពេលឆាប់ មុនការគ្រោង ទុក៕
ដោយ៖ មែវ សាធី