ភ្នំពេញ៖ ក្រោយពេលគេផឹកស៊ីស្រវឹងពេលដើរលេងអុំទុក គូស្នេហ៍វ័យក្មេងមួយគូបាននាំគ្នាជិះម៉ូតូត្រឡប់ទៅផ្ទះ តែពេលធ្វើដំណើរដល់ពាក់កណ្តាលផ្លូវជិះម៉ូតូប៉ះដុំថ្មមួយដុំបណ្តាលឲ្យក្រឡាច់ដួលច្រងាប់ច្រងិលរងរបួសធ្ងន់ធ្ងរទាំងពីរនាក់ ។
ឧប្បត្តិហេតុនេះកើតឡើងកាលពីវេលាម៉ោង៣និង៤០នាទីយប់ឈានចូល ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅតាមបណ្ដោយផ្លូវជាតិលេខ៤ ភូមិអូដឹម សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះទាំងពីរនាក់ដែលគេមិនស្គាល់ឈ្មោះនិងអាសយដ្ឋានបានជិះ ម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ចាម 1D-3015 ទៅបបួលមិត្តភក្តិពីរនាក់ដែលមានសង្សារដូចគ្នាដើរលេង បុណ្យអុំទូក ពីរថ្ងៃមកហើយគឺតាំងពីថ្ងៃទី២៥ វិច្ឆកាមកម្ល៉េះ។ លុះមកដល់យប់កើតហេតុនេះ ពួកគេបានដើរកម្សាន្តក្នុងឱកាសបុណ្យអុំទូកអកអំបុក សំពះព្រះខែអស់ចិត្តនៅមុខព្រះបរមរាជវាំងហើយបាននាំគ្នា ចូលផឹកស៊ីស្រវឹងជោគជាំទើបនាំគ្នាវិលត្រឡប់ទៅផ្ទះវិញវិញ។ ពេលជិះម៉ូតូដល់ពាក់កណ្តាលផ្លូវ មិនទាន់ដល់ផ្ទះផង ជនរងគ្រោះខាងលើទប់ដៃចង្កូតលែងបាននិងជិះទៅបុកដុំថ្មក៏ដួលដោយខ្លួនឯងរលាត់ដៃជើងទាំងពីរនាក់តែម្តង។ ពេលឃើញដូច្នេះមិត្តភក្តិបានហៅរថយន្តសង្គ្រោះដឹកទៅពេទ្យឯកជន ដើម្បីជួយសង្គ្រោះអាយុជីវិតតែពួកគាត់ទាំងពីរនាក់ដែលស្រវឹងជោកជាំនិយាយទៅកាន់គេឯងមិនដឹងអីទាំងអស់ ។
ចំណែកម៉ូតូត្រូវបាននគរបាលប៉ុស្តិ៍ចោមចៅប្រគល់ឲ្យមិត្តភក្កិមកជាមួយគ្នាយកទៅរក្សាទុកឲ្យជនរងគ្រោះក្រោយពីស្វាងស្រា ៕
ដោយ៖ ប្រាថ្នា