ក្មេងទំនើងឈ្លោះគ្នាក្នុងវង់រាំ ធ្វើឲ្យប្រជាការពារភូមិស្លាប់ម្នាក់ភ្លាមៗ ខណៈចូលទៅឃាត់

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ ប្រជាការពារភូមិម្នាក់ បានស្លាប់ភ្លាមៗ ខណៈចូលទៅឃាត់ ក្រុមក្មេងទំនើងឈ្មោះគ្នា ត្រូវជនដៃដល់ចាក់មួយកាំបិត ចំកណ្តៀតក្អមមិនអាចសង្គ្រោះបាន ចំណែកជនសង្ស័យ ត្រូវបានសមត្ថកិច្ចឃាត់ភ្លាមៗផងដែរ ។

ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង២១និង៣០នាទី ថ្ងៃសុក្រ ៤រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិកាំងចាម ឃុំកាំងចាម ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ។

ប្រភពនៅនឹងកន្លែងកើតហេតុបាននិយាយថា ជនសង្ស័យបានមានជម្លោះគ្នាក្នុងវង់រាំ ជនរងគ្រោះ ឃើញហេតុការណ៍ដូច្នេះ ក៏ចូលទៅឃាត់ ដើម្បីកុំឲ្យមានបង្កជម្លោះក្នុងវង់រាំសប្បាយនោះទេ ព្រោះរដូវនេះ ជារដូវកាន់បិណ្ឌ ម្យ៉ាងទៀតជិតដល់បុណ្យភ្ជុំធំផង ក្នុងនាមគាត់ជាប្រជាការពារភូមិ ដើម្បីភូមិ ឃុំមានសុវត្ថិភាព ៩ចំណុច ទើបគាត់ចូលទៅឃាត់ ធ្វើឲ្យជនសង្ស័យចាក់មួយកាំបិត ចំកណ្តៀតក្អមធ្វើឲ្យស្លាប់ក្នុងថ្លុកឈាម យ៉ាងអាណោចអាធ័ម ។

លោកហម ណាវី អធិការរងស្រុក ថាឡាបរិវ៉ាត់បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ អឿន ភឿង អាយុ៣៥ឆ្នាំ ភេទប្រុស មុខរបរ ប្រជាការពារ រស់នៅភូមិ ឃុំ កើតហេតុខាងលើ ចំណែកជនសង្ស័យឈ្មោះ សាវ ធី អាយុ២៣ឆ្នាំ រស់នៅភូមិ ឃុំ កើតហេតុ ក្រោយពេលកើតហេតុ ជនសង្ស័យ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនភ្លាមៗ បញ្ជូនមកស្នងការរដ្ឋាននគរបាលខេត្តទាំងយប់ ដើម្បីកសាងសំណុំរឿងបញ្ជូន ទៅសាលាដំបូងចាត់ការតាមនីតិវិធី ។

លោកបញ្ជាក់ទៀតថា បច្ចុប្បន្នលោកកំពុងតែស្រាវជ្រាវរកបក្ខពួកបន្តទៀត ព្រោះក្រោយពេលចាប់ឃាត់ជនសង្ស័យនេះបាន ក្រុមទាំងនោះបានបែកហ្វូង រត់គេចអស់ ចំណែក សាកសពជនរងគ្រោះ ត្រូវបានប្រគល់ទៅឲ្យក្រុមគ្រួសារធ្វើបុណ្យទៅតាមប្រពៃណី ៕ មាស សុផាត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print