តុលាការ​ចោទប្រកាន់​ក្រុម​ជួញដូរ​អាវុធ​៨នាក់​ប្រឆាំង​រាជរដ្ឋាភិបាល​កម្ពុជា​ ចំនួន​៣បទល្មើស​

ចែករំលែក៖

ភ្នំពេញ​៖អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ សម្រេច​ចោទប្រកាន់​ជនសង្ស័យ​៨នាក់​ ក្នុងនោះ​មាន​ស្ត្រី​ម្នាក់​ផង​ ចំនួន​៣បទល្មើស​ ពាក់ព័ន្ធ​ការ​ជួញដូរ​អាវុធ​ ដើម្បី​ប្រឆាំង​រាជរដ្ឋាភិបាល​ស្រប​ច្បាប់​ នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​ ។

លោក​លី​ សុផាណា​ អ្នកនាំពាក្យ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ បញ្ជាក់​តាម​បណ្ដាញ​ Telegram នៅ​ថ្ងៃទី​២​ ខែ​តុលា​ នេះ​ ថា​ អយ្យការបានសម្រេចចោទប្រកាន់និងបញ្ជូនទៅចៅក្រមស៊ើបសួរដើម្បីចាត់ការបន្តតាមនីតិវិធី។

លោក​លី​ សុផាណា​ បន្ត​ថា​ ជនសង្ស័យ​ទាំង​៨នាក់​ ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​រៀបចំចាត់តាំងក្រុមជនប្រដាប់អាវុធ សន្និធិអាវុធនិងរឿងផ្ទុះដោយគ្មានការអនុញ្ញាត​ បទចូលរួមក្នុងក្រុមជនប្រដាប់អាវុធ បទ​ ផលិត​ ឬ​ ធ្វើ​ចរាចរ​អាវុធ​គ្រឿង​ផ្ទុះ​ និង​ គ្រាប់​​រំសេវ​គ្រប់​ប្រភេទ​ តាមមាត្រា៤៨៥ មាត្រា៤៨៦ និ​ង​ មាត្រា៤៨៨ នៃក្រមព្រហ្មទណ្ឌ ។

សូម​បញ្ជាក់​ថា​ ជនសង្ស័យទាំង៨នាក់ ត្រូវបានប៉ូលិសចាប់ខ្លួននៅខេត្តកំពង់ស្ពឺ ខេត្តកំពត និងខេត្តពោធិ៍សាត់ កាលពីចុងខែកញ្ញា ឆ្នាំ២០១៨ កន្លងមកនេះ​ ហើយត្រូវបានសមត្ថកិច្ចបញ្ជូនទៅតុលាការកាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៨។

ជនសង្ស័យចំនួន៨នាក់ ត្រូវបានឃាត់ខ្លួនជាបន្តបន្ទាប់ ពាក់ព័ន្ធករណីជួញដូរអាវុធខុសច្បាប់ ប្រឆាំងនិងរាជរដ្ឋាភិបាលកម្ពុជាស្របច្បាប់ដែលកើតចេញពីការបោះឆ្នោត។

ចំណែក​មេ​ខ្លោង​និងបក្ខពួកមួយចំនួនទៀតសមត្ថកិច្ចកំពុងតែស្វែងរកចាប់ខ្លួន ដើម្បីយកមកផ្តន្ទាទោសតាមច្បាប់។

អាវុធដែលដកហូត គឺអាកាស្វាយបត់ចំនួន២៨ដើម ត្រូវបានដកហូត ដោយជនសង្ស័យកប់លាក់ទុកនៅក្នុងដី ស្ថិតនៅសង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ចំនួន២៥ដើម (អាកាស្វាយបត់)​ ។

នៅភូមិតេជោក្បាលដំរី ឃុំតេជោអភិវឌ្ឍន៍ស្រុកឈូក ខេត្តកំពត រកឃើញកាំភ្លើងចំនួនពីរដើម អាកាមួយដើម និងអឹមសីមួយដើម​ និងនៅភូមិបឹងស្មុគ ឃុំស្វាយស ស្រុកក្រគរ ខេត្តពោធិ៍សាត់ រកឃើញកាំភ្លើងចំនួនមួយដើម ម៉ាកសេកាសេ។ ក្រៅពីកាំភ្លើងមាន បង់ចំនួនពីរ គ្រាប់អាកាចំនួន១៧គ្រាប់ និង M16 ចំនួន២០គ្រាប់។

តាមចម្លើយរបស់ជនសង្ស័យបានសារភាពថា ក្រុមខ្លួនចង់ងើបបះបោរប្រឆាំងរាជរដ្ឋាភិបាល និងស្វះស្វែងប្រភពហិរញ្ញវត្ថុ៕ចេស្តា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print