គ្រោះធម្មជាតិនៅឥណ្ឌូនេស៊ី៖ ដីរឹង ប្រែក្លាយជាទន់ជ្រាយ មួយរំពិចដោយ រញ្ជួយដី

ចែករំលែក៖

ក្រុមអ្នកឯកទេសបានចាត់ទុកការរញ្ជួយដីនៅឥណ្ឌូនេស៊ី គឺជា ស្ថានភាពធម្មជាតិដ៏កម្រ ដោយដីរឹងប្រែក្លាយជាទន់ ជ្រាយ ដូចភក់ល្បាប់ មួយរំពិច ដោយសារតែ ឥទ្ធិពល នៃការរញ្ជួយដីជាទ្រង់ទ្រាយធំ ។

សារព័ត៌មាន​ដេលីម៉ែល បានផ្សាយថា ក្រុមអ្នកនៅទីក្រុង​ Palu ​ភ័យស្លន់ស្លោ រត់ ចេញពីទីកន្លែងរញ្ជួយដី ដោយមើលឃើញផ្ទះនៅជុំវិញ ដួលរលំជាបន្តបន្ទាប់ ហើយស្រុតចុះដោយសារតែដីប្រែក្លាយជាទន់ ។ ផ្ទៃដីនៅពេលនោះដូចបានបាត់បង់នៅកម្លាំងទ្រ ប្រែទៅជាទន់ទាំងអស់ ។ស្ថានភាពបែបនេះពិតជាគ្រោះថ្នាក់យ៉ាងខ្លាំង ដោយអាចលេបយកអាគារចូលក្នុងផែនដី​ ដោយមិនឃើញបំណែកបែកបាក់ណាមួយឡើយ។

ក្រុមអ្នកឯកទេសចាត់ទុកថា នេះជាស្ថានភាព ដីរឹងប្រែក្លាយជាដីរាវ ។ ស្ថានភាពបែបនេះ បានកើតឡើងនៅពេលដែលមានការរញ្ជួយដី  ដោយសារតែរងការប៉ះទង្គិចខ្លាំង រួមជាមួយជាតិទឹក ដូចជាច្របាច់ លាយគ្នា ធ្វើឲ្យ​ដីប្រែក្លាយទៅជា ទន់មួយរំពិច។

ចំនួនអ្នកស្លាប់ដោយសារតែ គ្រោះរញ្ជួយដី និងរលកស៊ូណាមិ នៅកោះ​ Sulawesi កើនឡើងជាបន្តបន្ទាប់ ដោយគិតត្រឹមថ្ងៃទី ១ខែតុលា មានអ្នកស្លាប់ ដល់ទៅ ជាង​១២០នាក់ហើយ។

ជាមួយគ្នានេះក្រុមអ្នកជួយសង្គ្រោះបានរកឃើញ សាកសព​សិស្សសាលា ៣៤នាក់​​ នៅក្រោមគំនរវិហារបែកបាក់ ។ ក្រុមការងារជំនួយបាននិយាយនៅថ្ងៃអង្គារនេះថា សាកសពសិស្សសាលាឥណ្ឌូនេស៊ី៣៤នាក់ ត្រូវបានរកឃើញនៅក្រោមវិហារដែលកប់ដោយបំណែកដីស្រុត ក្រោយការរញ្ជួយដីនៅទីក្រុងប៉ាលូ កោះស៊ូឡាវេស៊ី ។

មនុស្សយ៉ាងហោច៨៤៤នាក់ ត្រូវបានគេប្រកាសថាស្លាប់ នៅក្នុងគ្រោះមហន្តរាយធម្មជាតិមួយនេះ ប៉ុន្តែចំនួនអ្នកស្លាប់ ត្រូវបានគេរំពឹងថា នឹងកើនឡើងបន្ថែមទៀត ពេលដែលតំបន់ដាច់ស្រយាល ត្រូវបានគេទៅដល់ហើយនោះ។

ប្រតិបត្តិការសង្រ្គោះ និងផ្តល់ជំនួយ ត្រូវបានយឺតយ៉ាវផងដែរ ដោយសារតែការខូចខាតហេដ្ឋារចនាសម្ព័ន្ធ និងរលករញ្ជួយនៅតែបន្តកើតឡើង។

មាននូវការព្រួយបារម្ភផងដែរថា អ្នកដែលរស់រានអាចនឹងជាប់នៅពីក្រោមគំនរបាក់បែក។

សិស្សសាលាទាំងនេះ ស្ថិតនៅក្នុងចំណោមសិស្ស៨៦នាក់ ដែលកាលពីដំបូងឡើយ ត្រូវបានគេរាយការណ៍ថា បាត់ខ្លួនពីជំរំគម្ពី ស្ថិតនៅក្នុងមជ្ឈមណ្ឌលហ្វឹកហ្វឺនវិហារចូនូក នៅតំបន់ស៊ីហ្គី ប៊ីរ៉ូម៉ារូ។

ដោយឡែក ទីកន្លែងដែលសិស្សសាលា៥២នាក់ផ្សេងទៀត ស្ថិតនៅ គេមិនទាន់ដឹងនោះទេ៕

...

ដោយ៖ មែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print