ភ្នំពេញ៖ នៅរសៀលថ្ងៃអង្គារ ៨រោច ខែភទ្របទ ឆ្នាំចសំរឹទ្ធិ ស័កព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៨ លោក អូស្មាន ហាស្សាន់ ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណៈចលនាសាសនិកឥស្លាមរបស់គណបក្សប្រជាជនកម្ពុជា អមដំណើរដោយ លោក ហ្សាការីយ៉ា អាដាម រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តីនិងជាអនុប្រធានគណៈចលនា រួមជាមួយឥស្សរជន ស្ថាប័ន ក្រសួងនានា សមាជិក សមាជិកា គណៈចលនាសាសនិកឥស្លាមរបស់គណបក្សប្រជាជនកម្ពុជា ជាច្រើនរូបទៀត បានចូលរួមរំលែកទុក្ខ លោកស្រី មាឃ ឡាញ់ នៃប៉េណា និងក្រុមគ្រួសារ ខណៈ លោក នៃ ប៉េណា អនុប្រធានទី១ ព្រឹទ្ធសភា ដែលជាស្វាមីដ៏ឧត្តុង្គឧត្តមរបស់លោកស្រី បានទទួលមរណភាពនៅរសៀលថ្ងៃសៅរ៏ ០៥រោចខែ ភទ្របទ ឆ្នាំចសំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ ២០១៨ វេលាម៉ោង ១៣:០០ នាទី ក្នុងជន្មាយុ៧៤ឆ្នាំ ដោយរោគាពាធ។ លោក អូស្មាន ហាស្សាន់ បានបញ្ជាក់ថា ៖ ក្នុងក្តីវិយោតដ៏សែនក្រៀមក្រំបំផុតនេះ ខ្ញុំបាទយើងខ្ញុំទាំងអស់គ្នា ពិតជាសោកស្តាយជាទីបំផុតចំពោះការបាត់បង់ លោក នៃ ប៉េណា អនុប្រធានទី១ ព្រឹទ្ធសភា ដែលជាកុលបុត្រខ្មែរដ៏ឆ្នើមមួយរូប ដែលបានចូលរួមយ៉ាងសកម្មក្នុងកិច្ចការស្តារ កសាង និងអភិវឌ្ឍន៏ប្រទេស ក្នុងទឹកចិត្តស្នេហាជាតិដ៏បរិសុទ្ឋ និងជាថ្នាក់ដឹកនាំព្រឹទ្ធសភាដ៏ឧត្តុង្គឧត្តមតំណាងប្រជាពលរដ្ឋគួរជាទីគោរពស្រលាញ់។ ជាមួយគ្នានេះ យើងខ្ញុំសូមចូលរួមរំលែកទុក្ខដោយសេចក្តីសោកសង្រេងក្រៃលែង និងសោកស្តាយ ជាទីបំផុតជាមួយលោកស្រី និងក្រុមគ្រួសារ ដែលបានបាត់បង់នូវឧត្តមស្វាមី បីតា ជីតា ជាទីគោរពស្រឡាញ់ ប្រកបដោយព្រហ្មវិហារធម៌ និងទឹកចិត្តសណ្តោសប្រណីដ៏វិសុទ្ធថ្លៃថ្លា។ សូមបញ្ជាក់ថា៖ រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនដំណឹង ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាជ្រាបថា នៅព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៨ វេលាម៉ោង ០៦:០០នាទី សព លោក នៃ ប៉េណា អនុប្រធានទី១ ព្រឹទ្ធសភា ដែលបានទទួលមរណភាព កាលពីថ្ងៃសៅរ៍ ៥រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៨ នឹងធ្វើការដង្ហែចេញពីគេហដ្ឋាននៃសពក្នុងបុរី ប៉េង ហួត បឹងស្នោរ ដើម្បីធ្វើការបូជា នៅឈាបនដ្ឋានមុខវត្តបទុមវតី តាមតម្រាយផ្លូវ ពីផ្លូវជាតិលេខ១ ឆ្លងកាត់ស្ពានមុនីវង្ស បត់ស្ដាំតាមបណ្ដោយមហាវិថីព្រះនរោត្តម រហូតដល់វិមានឯករាជ្យ បត់ស្ដាំតាមផ្លូវព្រះសីហនុ ទើបបត់ឆ្វេងតាមផ្លូវសុធារស ឆ្ពោះទៅកាន់ឈាបនដ្ឋានមុខវត្តបទុមវតី ។ ដើម្បីសម្រួលដល់ពិធីដង្ហែសព ប្រព្រឹត្តទៅដោយរលូនតាមបែបសាសនា និងបញ្ចៀសបានការកកស្ទះចរាចរណ៍ រដ្ឋបាលរាជធានីភ្នំពេញស្នើបងប្អូនប្រជាពលរដ្ឋ ដែលធ្វើដំណើរឆ្លងកាត់តម្រាយផ្លូវដង្ហែខាងលើ មេត្តាបញ្ចៀសចរាចរជាបណ្តោះអាសន្នចាប់ពីម៉ោង ០៦:០០នាទី រហូតដល់ក្បួនដង្ហែសពបានបញ្ចប់។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ពិសេសអ្នកធ្វើដំណើរឆ្លងកាត់ តាមតម្រាយផ្លូវខាងលើ មេត្តាយោគយល់ អធ្យាស្រ័យ ចំពោះការរំខានក្នុងការធ្វើចរាចរណ៍ទៅមក។ក្នុងរយៈពេលខ្លី ៕ ដោយ៖ សំរិត
...