ផលិតករប្រតិក​ម្មរឿងរោងភាពយន្តដាក់កុន ល្បីៗរបស់បរទេសជល់នឹងកុនខ្មែរ

ចែករំលែក៖

ភ្នំពេញ៖ ក្តីកង្វល់របស់ផលិតករចំពោះហានីភ័យនៃវិស័យភាពយន្តខ្មែរនៅលើទីផ្សារក្នុងស្រុកនៅតែកើតមាននៅឡើយខណៈការជួយជ្រោមជ្រែងពីស្ថាប័នដែលពាក់ព័ន្ធនឹងវិស័យនេះមិនទាន់ត្រូវបានយកចិត្តទុកដាក់បានទូលំទូលាយនៅឡើយ។ ក្រៅពីនេះផលិតករក៏បានបង្ហាញក្តីព្រួយបារម្ភនៃការធ្លាក់ចុះជាថ្មីនៃវិស័យមួយនេះក្រោយពីសង្កេតឃើញរោងភាពយន្តដែលបានទិញសិទ្ធិរឿងបរទេសល្បីៗ មកដាក់បញ្ចាំងឲ្យជល់ចំថ្ងៃតែមួយនឹងការចាប់ផ្តើមចាក់បញ្ចាំងភាពខ្មែរ។

ចាប់ពីដើមឆ្នាំ ២០១៨មកគេសង្កេតឃើញថាចំនួនភាពយន្តខ្មែរដែលប្រកាសសម្ពោធដាក់បញ្ចាំងនៅលើរោងភាពយន្តទំនើបៗហាក់មានការថយចុះបើធៀបនឹងឆ្នាំមុនៗ។ ថយចុះក្រោយពីផលិតករជាច្រើនបានសម្រេចចិត្តផ្អាកការផលិត និងអ្នកខ្លះត្រឹមបន្ថយការផលិតយោងលើហេតុផលមិនអាចទប់ទល់នឹងការចំណាយ ជាច្រើន និងប្រឈមនឹងការខាតបង់ច្រើន ដែលក្នុងនោះក៏ត្រូវប្រឈមរួមទាំងប្រថុយនឹងការចាក់បញ្ចាំងដំណាលគ្នានឹងភាពយន្តបរទេសល្បីៗជុំវិញពិភពលោក។

ជាក់ស្តែងថ្មីៗនេះភាពយន្តខ្មែរបែបរន្ធត់រឿង”ចងពារ” ដែលត្រូវប្រកាសចាក់បញ្ចាំងលើកដំបូងនៅថ្ងៃទី៥ខែតុលានេះ ត្រូវជួបជាមួយដៃគូប្រជែងនឹងភាពយន្តរបស់ឥណ្ឌូនេស៊ីបែបរន្ធត់ដូចគ្នាគឺរឿង”សំណែនខ្មោច”។ ការបារម្ភនេះដែរស្របពេលដែលគេគិតថាអ្នកទស្សនាអាចនឹងមានអារម្មណ៍រារែកនឹងសម្រេចចិត្តជ្រើសរើសការចូលទស្សនាភាពយន្តបរទេសជំនួសការចូលទស្សនាភាពយន្តខ្មែរនោះ។

ប្រធានសមាគមភាពយន្តកម្ពុជា លោក ឆាយ បូរ៉ា បានបញ្ជាក់នៅលើហ្វេសប៊ុកផ្ទាល់ថា”រឿងខ្មែរដ៏កំសត់ ត្រូវមកជល់ជាមួយរឿងបរទេសដ៏សម្បើម ដែលជាប្រភេទរឿង ខ្មោចដូចគ្នា។លោកបន្តថា “រឿងប្រភេទខុសគ្នាខ្ញុំមិនថា តែនេះរឿង អាស៊ី ប្រភេទរឿងខ្នោចដូចគ្នា។ ចេញថ្ងៃតែមួយដូចគ្នា”។ លោកចោទសួរជាសំណួរថាតើវាសនារឿងខ្មែរទៅជាយ៉ាងណា? លោកពិតជានឹកស្មានមិនដល់ ថាពេលវេលាមានច្រើន ថ្ងៃណាក៏អាចដាក់បញ្ចាំងបាន ហេតុអីបានជាមិនដាក់រឿងទាំងពីរអោយឃ្លាតគ្នាបន្តិចទៅ? ទុកឱកាស់អោយរឿងខ្មែរដកដង្ហើម បានខ្លះផងបានទេ លោកម្ចាស់អ្នកដាក់កម្មវិធី ? ភាពយន្ត ខ្មែររអិល មកដល់មាត់ជ្រោះហើយ កុំរុញខ្នងបន្ថែមអី។ ប្រសិនបើអ្នកជាជនបរទេស អ្នកប្រហែលមិនយល់ពីការឈឺចាប់មួយនេះទេ។

លោក ឆាយ បូរ៉ា លើក​ឡើង​ថា កង្វះ​បទ​ពិសោធន៍​ផលិត​របស់​ផលិតករ​ខ្មែរ​មួយ​ចំនួននា​ពេល​បច្ចុប្បន្ន កំពុង​តែ​ទាញ​ទម្លាក់​វិស័យ​ភាពយន្ត​ខ្មែរ​ឱ្យ​ធ្លាក់​ចុះ​ជា​ថ្មី​ម្ដង​ទៀត។ លោក ឆាយ បូរ៉ា អះ​អាង​ដូច្នេះ ដោយ​មើល​ឃើញ​កុន​ខ្មែរ​ជា​ច្រើន​នា​ពេល​ថ្មីៗ បាន​ដាក់​បញ្ចាំង​តាម​រោង​ភាពយន្ត​នានា ហាក់​មិន​សូវ​ទទួល​ការ​គាំទ្រ​ពី​ទស្សនិក​ជន ព្រោះ​តែ​គុណភាព ភាពយន្ត​របស់​ផលិតករ​ខ្លះ​នៅ​មាន​កម្រិត​ទាប ខណៈ​កុន​បរទេស​កំពុង​វាយ​លុក​ខ្លាំង។ផលិតករ និង​ជា​ចាង​ហ្វាង​ផលិតកម្ម ដើម​ត្នោត រូប​នេះ និយាយ​ថា ក្នុង​ចំណោម​ភាពយន្ត ១០ ដែល​បាន​ដាក់​បញ្ចាំង​តាម​បណ្ដា​រោង​ភាពយន្ត គឺ​មាន​តែ ២​ទៅ​៣​រឿង​ប៉ុណ្ណោះ អាច​រក​ចំណូល​បាន ហើយ​ចំណូល​នោះ​ទៀត​សោធ គឺ​ភាគ​ច្រើន​បាន​ត្រឹម​ទប់​ទល់​នឹង​ការ​ចំណាយ​ប៉ុណ្ណោះ ខណៈ​៧ ទៅ​៨រឿង​​ផ្សេង​ទៀត គឺ​តែង​តែ​ខាត។

ថ្លែងបញ្ជាក់ពីទុក្ខលំបាកស្រដៀងគ្នានេះផងដែរ ចាងហ្វាងផលិតកម្ម RED Picture បានលើកឡើងថា”អ្នកពិបាកខ្លាំងគឺរឿងខ្មែរប្រាកដណាស់ ព្រោះរឿងបរទេគេយកមកតម្លៃថោក បើខាតក៏ខាតតិចភាគលាភខុសគ្នា ៥ភាគរយ។លោកថា រឿងខ្មែរទោះរឿងខ្លាំងតែក៏ត្រូវបែងចែកកៅអី ចំណាយច្រើន តិចទៀតលោកត្រូវទៅនាំរឿងបរទេសមកបញ្ចាំងម្តងវិញហើយមើលទៅ ថតរឿងខ្មែរមួយរឿងអាចយករឿងបរទេសមកបញ្ចាំង៣រឿងឯណោះ។

អ្នកដឹកនាំសម្តែង លោក មានុតរាជ  បានថ្លែងស្រដៀងគ្នានេះដែរថាបញ្ហាប្រឈមនៃវិស័យភាពយន្តនៅតែច្រើនហើយផលិតករ ទាំងអស់នៅតែលើកជាសំណើរដដែលដែលចង់ឲ្យមានការជួយពីស្ថាប័នពាក់ព័ន្ធពិសេសក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។ លោកថាការកម្រិតចាក់បញ្ចាំងភាពយន្ត ការកំណត់ពន្ធនាំចូល និងការជួយបង្កើនចំណែកចំណូលពីការចាក់បញ្ចាំងមកឲ្យផលិតកម្ម ក៏ជាចំណែកដែលផលិតករជាច្រើនត្រូវការដើម្បីរស់បន្ត និងជំរុញឲ្យពួកគាត់មានទឹកចិត្ត មានដើមទុនបង្កើនគុណភាពប្រកួតប្រជែង។ លោកនៅតែរំពឹងថាស្ថាប័នពាក់ព័ន្ធនឹងមិនព្រងើយកន្តើយចំពោះបញ្ហាជាច្រើនរបស់ផលិតករបន្តទៅទៀតទេ៕ ដោយ វឌ្ឍនា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print