ចាប់ខ្លួនសមាជិកក្រុមប្រឹក្សាឃុំម្នាក់ ឆបោកលុយពលរដ្ឋជិត១០ម៉ឺនដុល្លារ រត់ការចូលក្របខ័ណ្ឌប៉ូលិសខេត្តប៉ៃលិន

ចែករំលែក៖

ខេត្តប៉ៃលិនៈ សមត្ថកិច្ចបានចាប់ខ្លួនសមាជិកក្រុមប្រឹក្សាឃុំម្នាក់ឈ្មោះ អេង ឡុង ភេទប្រុស អាយុ៥៣ឆ្នាំ ជាសមាជិកក្រុមប្រឹក្សាឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន និងរស់នៅភូមិអូរបេង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដែលឆបោកប្រាក់ប្រជាពលរដ្ឋជិត១០ម៉ឺនដុល្លារ ដើម្បីរត់ការចូលក្របខណ្ឌនគរបាលខេត្តប៉ៃលិន តែបែរជាយកលុយគេទៅលេងល្បែង និងផឹកស៊ីអស់ ។

ការឃាត់ខ្លួនក្រុមប្រឹក្សាឃុំរូបនេះ បានធ្វើឡើងកាលពីវេលាម៉ោង៨និង៣០នាទីព្រឹក ថ្ងៃ ពុធ ១កើត ខែ អស្សុជ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹង ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៨ តាមពាក្យបណ្ដឹងរបស់ជនរងគ្រោះជាង៥០នាក់ ដែលក្នុងនោះ មានទាំងមេភូមិម្នាក់ផង។

សមត្ថកិច្ចនគរបាលខេត្តប៉ៃលិនឲ្យដឹងថា ជនសង្ស័យត្រូវជនរងគ្រោះម្នាក់ ក្នុងចំណោមជិត៥០នាក់ មានឈ្មោះ គង់ ស្រី ភេទស្រី អាយុ៥៩ឆ្នាំ មុខរបរជាមេភូមិអូររអិល ឃុំស្រុកកើតហេតុខាងលើ បានមកដាក់ពាក្យបណ្តឹងដល់សមត្ថកិច្ច ទើបធ្វើការឃាត់ខ្លួនមកសាកសួរតែម្ដង។ក្រោយពីការសួរនាំ ជនសង្ស័យបានទទួលស្គាល់ និងសារភាពថា ខ្លួនបានទទួលប្រាក់ពីឈ្មោះ គង់ ស្រី ចំនួន៨៩,៥០០ដុល្លារ (ប្រាំបីម៉ឺនប្រាំបួនពាន់ប្រាំរយដុល្លារសហរដ្ឋអាមេរិក) ស្មើនឹងចំនួន៤៩នាក់ ដើម្បីរត់ការចូលក្របខណ្ឌមន្ត្រីនគរបាលខេត្តប៉ៃលិន។ ចំពោះប្រាក់ទាំងនោះ ជនសង្ស័យបានយកទៅចាញ់ល្បែងនៅកាស៊ីណូ និងផឹកស៊ីអស់ហើយ គ្មានលុយសងវិញទេ។

បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួនបណ្ដោះអាសន្ននៅស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន ដើម្បីកសាងសំណុំរឿង និងបញ្ជូនទៅសាលាដំបូងខេត្តប៉ៃលិនបន្តចំណាត់ការតាមនីតិវិធី៕ សហការី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print