កំពង់ធំ÷ ក្មេងប្រុសម្នាក់ឡើងលេងលើបង្គោលភ្លើងបណ្ដាលឲ្យឆក់ស្លាបយ៉ាងអាណោចអាធម្ម ហេតុការណ៍នេះបានកើតឡើងនៅម៉ោង១២.០០នាទីថ្ងៃព្រហស្បតិ៍្ត ២កើត ខែអាស្សុជ ឆ្នាំចសំរិទ្ធស័ក ព.ស២៥៦២ត្រូវថ្ងៃ១១ ខែតុលា ឆ្នាំ ២០១៨ នៅតំបន់ក្របីលាចនក្នុងភូមិខ្មាក់ ឃុំសាលាវិស័យ ស្រុក ប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ។
ក្មេងរងគ្រោះឈ្មោះ ផា ភ័ស្ដ ប្រុស អាយុ ១៣ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ។
តាមការបំភ្លឺរបស់ឈ្មោះ យា មុត ភេទស្រី អាយុ ៤០ឆ្នាំ(ត្រូវជាម្ដាយបង្កើត)បានបំភ្លឺថា គាត់តែងតែប្រើកូនប្រុសទៅឃ្វាលគោនៅតំបន់ក្របីលាចនៅខាងលិចភូមិចំងាយ ២គ.ម ជាមួយក្មេងៗ ក្នុងភូមិជាប្រចាំ ហើយបានលឺគេបា្រប់ថា ក្រុមពួកក្មេងៗ តែងឡើងលេងលើបង្គោលភ្លើងជាប្រចាំ លឺដូចនោះគាត់បានហាមកូនកុំឲ្យឡើងលេងទៀតប្រយ័ត្នឆក់ស្លាប់ នៅថ្ងៃកើតហេតុកូនប្រុសគាត់បានទៅឃ្វាលគោនៅតំបន់នោះដូចសព្វដង នៅម៉ោងប្រហែល១២.០០នាទីស្រាប់តែប្រជាការពារភូមិខ្មាក់ ឈ្មោះ សូយ ចន្ថា ភេទប្រុស បានទូរស័ព្ទប្រាប់នាងខ្ញុំថា កូនមីងឯងឡើងលេងលើបង្គោលភ្លើង ឥឡូវវាត្រូវឆក់ស្លាប់បាត់ហើយ លឺដូចនោះនាងខ្ញុំបានឲ្យប្ដីទៅមើល ហើយយកសពកូនមកផ្ទះ ។
ក្រោយពីទទួលបានពត៌៌មានភ្លាមកម្លាំងជំនាញស្រុកប្រាសាទបល្ល័ង្ក និងប៉ុស្ដិ៍នគរបាលសាលាវិស័យសហការជាមួយរដ្ឋអំណាចមូលដ្ឋាន បានចុះដល់កន្លែងកើតហេតុ និងពិនិត្យសាកសព៖ សាកសពជនរងគ្រោះ មានស្នាមរលាកស្បែក និងរលាត់ស្បែកមួយចំហៀងខ្លួនផ្នែកខាងឆ្វេង ពុំឃើញមានស្លាកស្នាមអ្វីទៀតឡើយ ។
តាមការស្រាវជ្រាវ ពិនិត្យវិភាគ កន្លែងកើតហេតុ អាចឲ្យយើងសន្និដ្ឋានបានថាៈ ក្មេងរងគ្រោះពិតជាស្លាប់ដោយសាឡើងលេងលើបង្គោលភ្លើង បណ្ដាលឲ្យឆក់ធ្លាក់ស្លាប់ ប្រាកដមែន មិនមានពាក់ព័ន្ធនិងបទល្មើសព្រហ្មទណ្ឌឡើយទើបប្រគល់សាកសពអោយក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕ប៊ុនរិទ្ធី