នគរបាល​ខេត្ត​ព្រះសីហនុ បង្រ្កាប​មុខសញ្ញា​គ្រឿងញៀន​ រកឃើញ​អាវុធ​ ​K៥៩ មួយ​ដើម​ និងអាវុធ​កែច្នៃ​​បាញ់​សត្វចំនួន​២ដើម​​

ចែករំលែក៖

ខេត្ត​ព្រះសីហនុ៖ នៅ​យប់​ថ្ងៃទី១១ ខែ​តុលា​ ឆ្នាំ​២០១៨​ វេលា​ម៉ោង២៣:០០​នាទី កម្លាំង​អធិការដ្ឋាននគរបាលក្រុង​​ព្រះសីហនុ​ កម្លាំង​ជំនាញ​នគរបាលខេត្ត​ និង​អធិការ​ដ្ឋាន​ស្រុក​ព្រៃនប់​ បាន​សហការ​គ្នា បើក​ការ​ស៊ើប​អង្កេត​ ស្រាវជ្រាវ​ ចាប់​ខ្លួន​មុខ​សញ្ញា​គ្រឿងញៀន​មួយ​ករណី​ឃាត់ខ្លួន​ ជនសង្ស័យ​ម្នាក់​ឈ្មោះ​ ចាន់ រដ្ឋា ហៅប៊ី​ ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរមិនពិតប្រាកដ បច្ចុប្បន្ន​ស្នាក់នៅ​បន្ទប់​ជួល​ ក្រុម​ទី​៤៦ ភូមិ​៥​ សង្កាត់​លេខ៤ ក្រុង ព្រះសីហនុ​ មុខរបរ​មិន​ពិតប្រាកដ​ ។

ក្នុងនោះផងដែរ សមត្ថកិច្ចចាប់​យក​បាន​វត្ថុ​តាង ដូច​ខាងក្រោម​ ៖ កាំភ្លើង​ខ្លី​ ម៉ាក K៥៩ មួយ​ដើម មានគ្រាប់៦គ្រាប់​,​ កាំភ្លើងបាញ់សត្វ១ដើម​,​ កាំភ្លើងកែឆ្នៃ២ដើម​, វិទ្យុ​ទាក់ទង​ម៉ាកម៉ូតូរូឡា១គ្រឿង,​ម្សៅក្រាមពណ៌សថ្លា សង្ស័យសាធាតុញៀន១កញ្ចប់​, ជញ្ជីងថ្លឹងថ្នាំញៀន១​ ម៉ូតូ​មួយ​គ្រឿង​ និង​ស្បោងសម្រាប់​វេចខ្ចប់ គ្រឿងញៀនមួយចំនួនទៀត ។

លោក​វរសេនីយ៍​ទោ​ ភុល​ ភស្តា អធិការនគរបាលក្រុង ព្រះសីហនុ បាន​បញ្ជាក់​បន្ថែម​ថា​ ៖ ការ​បង្ក្រាប​មុខសញ្ញា​គ្រឿងញៀន​មាន​កាន់​អាវុធ​ខុស​ច្បាប់​បាន​ដោយ​ជោគជ័យ​ នេះ​ ធ្វើឡើង​ក្រោម​ការបញ្ជា​ ដឹកនាំ​ផ្ទាល់​ របស់​លោក​ឧត្តម​សេនីយ៍​ស្នងការ​នគរបាល​ខេត្ត​ ដេញ​ស្ទាក់​ ចាប់បាន​នៅ​តាម​ផ្លូវ​ជាតិ​លេខ​៤​នៅ​ភូមិ​អូរ​តា​សេក​ ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់​ ពេល​នោះ​ មុខ​សញ្ញា​បាន​បោះ​កាំ​ភ្លើង​ចោល​ ។

លោក​អធិការ​បាន​បញ្ជាក់​ថា ក្រោយ​ពេល​ចាប់​ខ្លួន​ យក​មក​សាកសួរ​ ទើប​ព្រឹក​ថ្ងៃទី​១២​ ខែតុលា បាន​នាំ​ខ្លួន​ជន​សង្ស័យ​ទៅ​ឆែកឆេរ​ក្នុង​បន្ទប់​ជួល​ និង​នាំ​ទៅ​រក​អាវុធ​ដែល​បោះ​ចោល​នៅ​កន្លែង​ចាប់​ខ្លួន​ នៅ​ភូមិ​អូរ​តា​សេក​ ។ ឈ្មោះ ចាន់ រដ្ឋា ជាមុខសញ្ញាចាស់​ ធ្លាប់​ប្រើ​ហិង្សាជាច្រើនលើក​ កន្លងមកបាន​យក​អាវុធ​កែច្នៃ​បាញ់ត្រូវ​ ក្រោមចុងដង្ហើមប្រពន្ធរបស់ខ្លួន​ កាលពីថ្ងែទី១១ ខែកុម្ភៈ មួយ​លើក​ រួច​មក​ហើយ​ ។

បច្ចុប្បន្នសមត្ថកិច្ច​ជំនាញ​កំពុងកសាងសំណុំរឿង​បញ្ជូនទៅតុលាការខេត្តតាម​នីតិវិធី ៕ ឆ្លាម សមុទ្រ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print