យកដំបងវាយម្ចាស់ម៉ូតូរួចយកម៉ូតូគេជិះទៅបាត់ចុងក្រោយត្រូវនគរបាលចាប់ខ្លួន

ចែករំលែក៖

កណ្ដាលៈ ជនសង្ស័យម្នាក់ត្រូវនគរបាលចាប់ខ្លួន បន្ទាប់ពីជនសង្ស័យខាងលើនេះបានធ្វើសកម្មភាពយកដំបងឬស្សីស្ទាក់រួចវាយស្រ្ដីម្នាក់ខណៈពុងជិះម៉ូតូ បណ្ដាលឲ្យដួលរួចយកម៉ូតូជនរងគ្រោះជិះចេញទៅបាត់ ។

ករណីលួចមានស្ថានទម្ងន់ទោសខាងលើនេះ កើតឡើងនៅវេលាម៉ោង១០និង៤៥នាទី ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិធំ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល ។

មន្រ្ដីនគរបាលស្រុកស្អាងបានឲ្យដឹងថា ជនសង្ស័យចាប់ខ្លួនឈ្មោះ រុំ វាសនា ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិធំ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល ។ ចំណែកជនរងគ្រោះឈ្មោះ អេម លាងសែ ភេទស្រី អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិចេក ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល ។ ដោយឡែកវត្ថុតាងដកហូតបានមានម៉ូតូ១គ្រឿង ម៉ាកហ្វីណូ (fino) ពណ៌សលាយក្រហម គ្មានស្លាកលេខ និងដំបងឬស្សីងាប់ទំហំប៉ុនកដៃក្មេង មានប្រវែង៥០សង់ទីម៉ែត្រ (របស់ជនសង្ស័យធ្វើសកម្មភាព) ។

ប្រភពដដែលបន្ដថា នៅវេលាម៉ោង១០ ថ្ងៃខែឆ្នាំកើតហេតុខាងលើ ស្រ្ដីរងគ្រោះបានជិះម៉ូតូដោយឌុបបងស្រីនិងក្មួយប្រុសផងដែរ លុះមកដល់ចំណុចកើតហេតុ ស្រាប់តែជនសង្ស័យខាងលើ បានមកស្ទាក់ផ្លូវដោយដៃកាន់ដំបងឬស្សីប្រវែងកន្លះម៉ែត្ររួចបានគំរាមនិងវាយទៅលើស្រ្ដីរងគ្រោះ ធ្វើឲ្យស្រ្ដីរងគ្រោះដួលនិងភ័យស្លន់ស្លោរយ៉ាងខ្លាំង ភ្លាមនោះជនសង្ស័យបានលើកម៉ូតូរបស់ជនរងគ្រោះជិះមកទិសខាងជើងបាត់ទៅ ។ ក្រោយមកស្រ្ដីរងគ្រោះប្ដឹងសមត្ថកិច្ចនគរបាលប៉ុស្ដិ៍រដ្ឋបាលក្រាំងយ៉ូវដើម្បីជួយអន្ដរាគមន៍ចាន់ខ្លួនជនសង្ស័យ ។

បន្ទាប់ពីកម្លាំងនគរបាលប៉ុស្តិ៍ក្រាំងយ៉ូវទទួលបានព័ត៌មានភ្លាម ក៏សហការជាមួយកម្លាំងនគរបាលស្រុកស្អាង ធ្វើការពួនស្ទាក់រហូតចាប់ខ្លួនជនសង្ស័យខាងលើ រួចបញ្ជូនមកអធិការរដ្ឋាននគរបាលស្រុកចាត់ការតាមនីតិវិធីច្បាប់ ៕ ស្អាងជ័យ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print