ភ្នំពេញ៖ កញ្ញា ឌី លីកា Miss Grand Cambodia ដែលបានស្លៀកឈុតតំណាងជាតិ មានឈ្មោះថា “ទេពីស្រីសួគ៌បវរឦសានបុរៈ” ទទួលពិន្ទុខ្ពស់ជាងគេបំផុតពីការ Like និង Share ក្នុងព្រឹត្តិការណ៍ប្រកួតសម្រស់ Miss Grand International 2018នៅប្រទេសមីយ៉ាន់ម៉ា។នាងនឹងត្រូវជួបប្រកួតជាមួយម្ចាស់ម្កុដកំពូលសម្រស់ប្រចាំប្រទេស១០ផ្សេងទៀតដែលត្រូវបានជ្រើសរើសដោយគណកម្មការ។
លំដាប់ពិន្ទុ លើឈុតតំណាងជាតិ របស់ Miss Grand កម្ពុជាបានវ៉ាដាច់ Miss Grandវៀតណាម ឈរលើកកំពូលតារាង។ ចំណាត់ថ្នាក់ទាំង១០ប្រទេសទទួលបានសិទ្ធិថតឈុតហែលទឹក យ៉ាងពិសេសផងដែរ។ ក្នុងនោះ ក៏មានបេក្ខនារី ឌី លីកា តំណាងកម្ពុជា ក៏មានឱកាសបានបញ្ចេញសម្រស់ ក្នុងវគ្គថតរូប ឈុតហែលទឹកនៅលើទឹកដីប្រទេសនេះផងដែរ។ ក្រៅពីកម្ពុជាកញ្ញាឯកទាំអនោះមានមកពីប្រទេស ឥណ្ឌូនេស៊ី វៀតណាម អេស្ប៉ាញ មិចស៊ីកូ ប៉េរូ កូឡុំប៊ី ហ្គាណា អេស្តូនីនិងមីយ៉ាន់ម៉ា។ ចំណែកឯឈុតតំណាងជាតិ១០ប្រទេសផ្សេង ដែលជ្រើសរើសដោយគណៈកម្មការនៃការប្រកួត Miss Grand International 2018 ត្រូវបានប្រកាសរួចទៅហើយមានដូចជាប្រទេសកូស្តារីកា ជប៉ុន ឡាវ លីទូនៀ នេប៉ាល់ ប៉ាណាម៉ា ស្រីលង្កា តង់ហ្សានី ថៃ និងប្រទេសហ្សាំបៀ។
ឈុតតំណាងជាតិទាំង២០ នឹងដាក់ឲ្យ Vote នៅលើបណ្តាញសង្គមម្តងទៀត ដោយជម្រុះនៅសល់តែ១០ឈុតប៉ុណ្ណោះ ក្នុងនោះមានឈុតតំណាងជាតិចំនួន៥ ជ្រើសរើសតាមរយៈការបោះឆ្នោត និង៥ទៀតជាការជ្រើសរើសដោយគណៈកម្មការប្រកួត។ ដូចនេះការបោះឆ្នោតវគ្គបន្ទាប់នឹងត្រូវការការគាំទ្រជាថ្មីតាមរយៈការLike និង Share របស់ប្រជាពលរដ្ឋខ្មែរបន្តទៀត។
ឈុតតំណាងជាតិ Miss Grand International 2018 ដែលល្អបំផុតនឹងត្រូវជ្រើសរើសដោយគណៈកម្មការ ឯការប្រកាសលទ្ធផលធ្វើឡើងនៅវគ្គផ្តាច់ព្រ័ត្រ នាថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨៕ ដោយ វឌ្ឍនា